ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ប៉ះទង្គិច​សម្ដី​គ្នាក្នុង​ជំនួប​កំពូល​លើក​ទី​៧០​​


ក្រុមមេដឹកនាំប្រទេសសមាជិកអង្គការអូតង់ពិភាក្សាគ្នាអំឡុងពេលអាហារថ្ងៃត្រង់ អំឡុងពេលកិច្ចប្រជុំកំពូលអង្គការអូតង់ នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ក្រុមមេដឹកនាំប្រទេសសមាជិកអង្គការអូតង់ពិភាក្សាគ្នាអំឡុងពេលអាហារថ្ងៃត្រង់ អំឡុងពេលកិច្ចប្រជុំកំពូលអង្គការអូតង់ នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​នៅ​ទីក្រុង​ឡុងដ៏​ ចក្រភព​អង់គ្លេស ដើម្បី​ប្រារព្ធ​ខួប​ទី​៧០​របស់​អង្គការ​នេះបាន​ចាប់ផ្ដើម​ដោយ​រង្គោះរង្គើ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ដោយសារ​តែ​មេដឹកនាំ​សហរដ្ឋអាមេរិក បារាំង និង​តួកគី បាន​ប៉ះទង្គិច​សម្ដី​គ្នា ទាក់ទិន​នឹង​ការ​បែងចែក​បន្ទុក​និង​ទិសដៅ​ទៅ​អនាគត​របស់​អង្គការ​មួយ​នេះ។ កិច្ច​ប្រជុំ​កំពូល​ផ្លូវការ​នេះ​គ្រោង​នឹង​ពិភាក្សា​អំពី​ការគំរាមកំហែង​នានា​ទៅ​លើ​អង្គការ​អូតង់ ប៉ុន្តែ​បញ្ហា​ប្រឈម​ធំ​បំផុត​អាច​ជា​ការ​បន្ធូរបន្ថយ​ភាពតានតឹង​នៅ​ក្នុង​អង្គការ​នេះ​ទៅ​វិញ​ទេ។ ​

បណ្ដា​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ ដែល​ចូលរួម​ក្នុង​ពិធី​ទទួល​ស្វាគមន៍ដោយ​ម្ចាស់​ក្សត្រីយានី​អង់គ្លេស​នៅ​ឯ​ព្រះបរម​រាជវាំង Buckingham បាន​បិទបញ្ចប់​ថ្ងៃ​ទី​មួយ​នៃ​ជំនួប​កំពូលរបស់​អង្គការ​នេះ ដែល​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី។ ​

មុន​ដំបូង ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​បារាំង​របស់​លោក គឺ​លោក Emmanuel Macron បាន​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​ទាក់ទិន​នឹង​ជោគវាសនា​របស់​ក្រុម​យុទ្ធជន​បរទេស​រដ្ឋឥស្លាម ដែល​ជាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​ថា៖ «យុទ្ធជន​បរទេស​រដ្ឋឥស្លាម​ជាច្រើន​មក​ពី​ប្រទេស​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស។ ពួកគេ​ភាគច្រើន​មក​ពី​អឺរ៉ុប ហើយ​ប្រទេស​មួយ​ចំនួនយល់​ស្រប។ ខ្ញុំ​មិន​ទាន់​បាន​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​អំពី​បញ្ហា​នេះ​ទេ។ តើ​អ្នក​ចង់​បាន​យុទ្ធជន​រដ្ឋឥស្លាម​ជើង​ខ្លាំង​ដែរ​ឬ​ទេ? ខ្ញុំ​អាច​ផ្ដល់​ឲ្យ​អ្នក​បាន។ អ្នក​អាច​ជ្រើសរើស​យក​នរណា​ក៏​បាន​ដែរ ដែល​អ្នក​ចូលចិត្ត‍»។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​មាន​ប្រសាសន៍​ថា៖ «សូម​និយាយ​សាច់​ការ! យុទ្ធជន​រដ្ឋឥស្លាម​ភាគច្រើន​មក​ពី​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​នៅ​ក្នុង​តំបន់‍​នោះ​ទៅ​វិញ​ទេ»។

លោក Macron បាន​លើក​ឡើង​ថា លោក​ការពារ​អត្ថាធិប្បាយ​របស់​លោក​ដែល​ថា អង្គការ​អូតង់​លែង​ដំណើរការ​ហើយ ហើយ​លោក​ក៏​បាន​និយាយ​រិះគន់​ប្រទេស​តួគី​ជាថ្មី​ម្ដង​ទៀត​ផង​ដែរ។

លោក Macron បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ក្រឡេក​មើល​ប្រទេស​តួកគី ពួកគេ​ឥឡូវ​នេះ​កំពុង​តែ​ប្រយុទ្ធ​នឹង​អ្នក​ដែល​ចូលរួម​ជាមួយ​នឹង​យើង​ប្រយុទ្ធ​ស្មា​កៀក​ស្មា​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម។ ប៉ុន្តែ​ពេល​ខ្លះ ពួកគេ​សហការ​ជាមួយ​នឹង​កងកម្លាំង​រដ្ឋ​ឥស្លាម‍»។ ​

លោក ត្រាំ បាន​និយាយ​ថា សម្ពាធ​ពី​សហរដ្ឋអាមេរិក​ធ្វើ​ឲ្យ​សមាជិក​អង្គការ​អូតង់​ឥឡូវ​នេះចំណាយ​ច្រើន​ជាងមុន​ទៅ​លើ​ការ​ការពារ​ប្រទេស ហើយ​អង្គការ​នេះ​គួរ​តែ​ដោះស្រាយ​បញ្ហា​នៃ​ការ​គំរាមកំហែង​មួយ​ចំនួន។

លោក​ប្រធានាធិបតី ត្រាំ បាន​លើកឡើង​ថា៖ «មនុស្ស​ជាច្រើន​និយាយ​ថា យើង​ត្រូវ​ផ្ដោត​លើ​សហភាព​សូវៀត ដែល​ឥឡូវ​នេះ​គឺ​ជា​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​យើង​ក៏​ត្រូវ​មើល​ទៅ​លើ​បញ្ហា​ផ្សេង​ទៀត​ផង​ដែរ មិន​ថា​ជា​អំពើ​ភេរវកម្ម​ឥស្លាម​ជ្រុលនិយម ឬ​ជា​កំណើន​ដ៏​ខ្លាំង​ក្លា​របស់​ចិន​នោះ​ទេ‍»។

ភាព​តានតឹង​រវាង​សមាជិក​របស់​អង្គការ​អូតង់​អាច​បង្ក​ជា​បញ្ហា​ធំ។ កាល​ពី​ខែ​មុន ប្រទេស​តួគីមិន​បាន​អើពើ​នឹង​ការ​ជំទាស់​របស់​អង្គការ​អូតង់​ទេ ហើយ​បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​យុទ្ធជន​ឃឺដ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី។

កាល​ពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​តួគី លោក Recep Tayyip Erdogan បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ប្រឆាំង​នឹង​គម្រោង​របស់​អង្គការ​អូតង់​ក្នុង​ការ​ការពារ​បណ្ដា​ប្រទេស​នៅ​តំបន់ Baltic ប្រឆាំង​នឹង​រុស្ស៊ី លុះត្រាណា​តែ​អង្គការ​នេះ​ទទួល​ស្គាល់​ថា​ យុទ្ធជន​ឃឺដ​គឺ​ជា​ពួក​ភេរវជន។

អ្នក​វិភាគ​និយាយ​ថា អង្គការ​អូតង់​ជួប​នឹង​វិបត្តិ​ដោយសារ​តែ​ការ​ប៉ះទង្គិច​គ្នា​ខាង​ឥរិយាបថ​បុគ្គល។

អ្នកស្រី Kori Schak នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​ថ្លែង​ថា៖ «កិច្ចប្រជុំ​កំពូល​នេះ មាន​បញ្ហា​ដោយសារ​តែ​ប្រធានាធិបតី​បី​នាក់​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​ នោះ​គឺ​លោក​ប្រធានាធិបតី ត្រាំ លោក​ប្រធានាធិបតី Macronនិង​លោក​ប្រធានាធិបតី Erdogan។ ហើយ​បញ្ហា​ប្រឈម​របស់​អង្គការ​នេះ​គឺ​ថា ​អង្គការ​នេះ​ត្រូវ​ប្រារព្ធ​ខួប​ទី​៧០​ដោយ​គ្មាន​ប្រធានាធិបតី​ណា​ម្នាក់​នៃ​ប្រធានាធិបតី​ទាំង​បី​រូប​នេះ​ធ្វើ​ឲ្យ​ខូច​ដំណើរការ​ទាំង​មូល‍​នោះ​ទេ»។

បន្ថែម​ពី​លើ​ភាព​តានតឹង​នៅ​ក្នុង​អង្គការ​អូតង់ ឆ្នាំ​នេះ​ប្រទេស​តួគី​បាន​ផ្គើន​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ តាមរយៈ​ការ​ទិញ​ប្រព័ន្ធ​ការពារ​ពី​មីស៊ីល​របស់​រុស្ស៊ី​ប្រភេទ S-400 និង​បាន​ធ្វើ​ការ​សាកល្បង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​យក​មីស៊ីល​នេះ​បាញ់​យន្ដហោះ​ចម្បាំង​របស់​ខ្លួន​ប្រភេទ F-16 ដែល​ផលិត​ដោយ​អាមេរិក​។

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់​នៅ​តែ​ទទូច​ថា អង្គការ​នេះ​នៅ​តែ​រឹងមាំ​ដដែល។

លោក Stoltenberg បាន​ថ្លែង​ថា៖ «យើង​ទើប​តែ​បាន​ពង្រឹង​វិស័យ​ការពារ​របស់​យើង​ឲ្យ​រឹង​មាំ​បំផុត​ ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​បញ្ចប់​មក‍»។

ប៉ុន្តែ​ប្រតិភូ​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ចោទសួរ​ថា​ តើ​ភាពតានតឹង​នោះ​គ្រាន់​តែ​ជា​ការ​ប៉ះទង្គិច​គ្នា​ខាង​ឥរិយាបថ​បុគ្គល ឬ​ក៏​អង្គការ​អូតង់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG