ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ពិភាក្សា​ការ​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន


រូបឯកសារ៖ ទាហានអ៊ុយក្រែនជិះរថក្រោះ APC នៅតំបន់សមរភូមិជួរមុខក្បែរតំបន់ Bakhmut កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣។
រូបឯកសារ៖ ទាហានអ៊ុយក្រែនជិះរថក្រោះ APC នៅតំបន់សមរភូមិជួរមុខក្បែរតំបន់ Bakhmut កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក ​Jens Stoltenberg បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បង្ហាញ​ឱ្យ​ឃើញ​នូវភាព​ចាំបាច់​ក្នុង​ការ​សាមគ្គី​ជាមួយ​អ៊ុយក្រែន​ និង​បន្ត​ការជួយ​ដល់​ប្រទេស​នេះ។​

លោក Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ពេលមក​ដល់​ស្នាក់ការ​ធំ​របស់​អង្គការ​អូតង់ថា​ ក្រោយ​ពីការបើកការ​វាយបករបស់អ៊ុយក្រែន​ទៅ​លើ​កងកម្លាំង​រុស្ស៊ី​ ដែល​ត្រូវបាន​គេ​រំពឹងទុក​ជា​យូរ​មក​ហើយ​នោះ​ ​កងកម្លាំង​អ៊ុយក្រែន​បានរុល​ទៅ​មុខ​ និងបាន​រំដោះ​ទឹកដីខ្លះ ពី​ការ​កាន់កាប់​របស់​កម្លាំង​រុស្ស៊ី​ ក្នុង​អំឡុង​ពេលនៃ​ការ​ប្រយុទ្ធ​គ្នាដ៏​ខ្លាំងក្លា។​

ក្រោយ​ពីនោះ​បន្តិចមក នាយឧត្តមសេនីយ៍អាមេរិក​លោក​ Mark Milley ប្រធាន​សេនាធិការ​កងទ័ព​ចម្រុះនៃ​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​ បាន​គាំទ្រការ​វាយតម្លៃ​របស់​មេដឹកនាំ​អង្គការ​អូតង់ខាង​លើ​ ដោយ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ថា៖ «កងកម្លាំង​អ៊ុយក្រែន​កំពុងរុល​ទៅ​មុខ​ តែ​ក៏​បានទទួល​ស្គាល់​ផង​ដែរ​ថា​ «ការ​ប្រយុទ្ធ​គ្នា​មាន​ការ​លំបាកស្វិតស្វាញ​ខ្លាំង ហើយ​នេះ​ជា​ការ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​មួយ»។

លោក​ Milley ក៏​បាន​និយាយ​ផង​ដែរ​ថា​ ទឹកចិត្ត​របស់​កងទ័ព​រុស្ស៊ីមិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​មានការ​ខ្វះខាតក្នុង​ការដឹកនាំ​កងទ័ព។

លោក​ Stoltenberg ក៏​បាន​និយាយដែរ​ថា ការរុល​ទៅ​មុខ​របស់​ទាហាន​អ៊ុយក្រែន​កើត​ឡើង​ «ដោយសារ​តែភាព​ក្លាហាន​ មិនរួញរា​ មាន​ជំនាញ​ត្រឹមត្រូវ​ ហើយ​ក៏ជា​ការ​បញ្ជាក់និង​បង្ហាញ​ផង​ដែរ​ពី​ការគាំទ្រ​របស់​អង្គការ​អូតង់​និង​ក្រុម​សម្ព័ន្ធមិត្ត​របស់ខ្លួន​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់អ៊ុយក្រែន​អស់​ពេល​ជា​ច្រើនខែ​កន្លង​ទៅនេះ ដែល​ធ្វើ​ឱ្យមាន​លទ្ធផល​ល្អក្នុងសមរភូមិ​ប្រយុទ្ធ»។

លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ការដែល​អ៊ុយក្រែន​ទទួល​បាន​ជ័យ​ជម្នះ​កាន់តែ​ច្រើនក្នុង​សមរភូមិ នឹង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំងទៅ​លើ​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin ដើម្បី​ងាក​មក​រក​តុចរចា និងផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ប្រៀប​កាន់តែ​ខ្លាំងក្នុង​ការ​ចរចារក​សន្តិភាព។

លោក Stoltenberg ក៏​បាន​បញ្ជាក់​ដែរ​ថា​ ប្រសិន​បើ​ក្រុម​សម្ព័ន្ធមិត្ត​ ចង់​បាន​សន្តិភាព​ភាព​មួយ​ដ៏​យូរ​អង្វែងនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ពួក​គេ​ត្រូវ​តែ​បន្តផ្តល់ការ​គាំទ្រផ្នែក​យោធា​ដល់​កងកម្លាំង​អ៊ុយក្រែន។

ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​បាន​រាយការណ៍​ថា ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ​លោក Cyril Ramaphosa ​បាន​ទៅ​ដល់​អ៊ុយក្រែន​ ហើយ​នៅ​ថ្ងៃសុក្រ​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​គណៈ​ប្រតិភូ​មេដឹកនាំ​អាហ្វ្រិក ​និង​មន្ត្រី​ជាន់​ខ្ពស់​ដែល​កំពុង​ស្វែងរក​វិធី​ដើម្បី​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ​មាន​ការវាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង Kyiv ​ដែល​នេះ​គឺជា​ការ​រំលឹក​ដ៏​ក្រៀមក្រំ​នៃ​បញ្ហា​ប្រឈម​ដែល​ពួកគេ​ប្រឈម​មុខ។

គណៈ​ប្រតិភូ​អាហ្រ្វិក​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​មកពី​ប្រទេស​សំប៊ី ​សេណេហ្គាល់​ អ៊ូហ្គង់ដា ​អេហ្ស៊ីប​ សាធារណរដ្ឋ​កុងហ្គោ ​និង​កោះកូម៉ូរ៉ូ៕

XS
SM
MD
LG