គ្រឿងបរិក្ខាថាមពលព្រះអាទិត្យតូចៗពីរ ជាមួយនឹងអំពូលពីរត្រូវបានតម្លើងក្នុងផ្ទះ៦១ខ្នងនៅក្នុងភូមិBaripatha ដែលជាភូមិដាច់ប្រយាលមួយនៃរដ្ឋOrissa ភាគខាងកើតប្រទេសឥណ្ឌានៅក្នុងខែនេះ បានធ្វើឲ្យភូមិដាច់ស្រយាលដែលធ្លាប់តែពឹងផ្អែកលើពន្លឺចង្កៀងប្រេងកាតបំពុលបរិស្ថានមួយនេះភ្លឺឡើងក្រោយពេលព្រះអាទិត្យលិចបាត់ទៅ។
ភូមិBaripatha ជាភូមិចុងក្រោយដែលបានចូលរួមជាមួយភូមិជាង១០០ដទៃទៀត ដែលត្រូវបានផ្គត់ផ្គង់ដោយថាមពលស្អាតពីពន្លឺព្រះអាទិត្យនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រុមហ៊ុន Jakson ដែលបានចូលរួមបង្កើត និងអនុវត្តគម្រោងសម្រាប់ទីជនបទនេះ មានសុទិដ្ឋិនិយមចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃការរប្រើប្រាស់ថាមពលព្រះអាទិត្យ ចាប់តាំងពីពេលគម្រោងបានចាប់ផ្តើមកាលពីបីឆ្នាំមុន។
អនុប្រធានលោក Sandip Ghosh ដែលក្រុមហ៊ុនរបស់លោកកំពុងផ្គត់ផ្គង់ដល់ស្ថានីយ៍ផលិតថាមពលអគ្គិសនីទំហំ ៣០មេកាវ៉ាត់ទ្រង់ទ្រាយធំចំនួនពីរបាននិយាយថា៖ «ពួកយើងកំពុងដាក់ទុនយ៉ាងច្រើនទៅលើថាមពលព្រះអាទិត្យ»។
ការបង្កើនថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យច្រើនជាងមុនប្រាំដងក្នុងរយៈពេល៧ឆ្នាំនៅទូទាំងប្រទេសឥណ្ឌា ក្រុមហ៊ុននានាកំពុងតែសម្រុកអនុវត្តគម្រោងថាមពលព្រះអាទិត្យស្របពេលដែលរដ្ឋាភិបាលបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាមួយដើម្បីបង្កើនសក្តានុពលថាមពលប្រើប្រាស់ឡើងវិញច្រើនជាងមុនប្រាំដងក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ។ នេះមានន័យថា បង្កើតអោយមានថាមពលអគ្គិសនី ១០០ពាន់មេកាវ៉ាត់នៅឆ្នាំ២០២២ ពីថាមពលអគ្គិសនីសរុប៤ ពាន់មេកាវ៉ាត់ នាពេលបច្ចុប្បន្ន។
រដ្ឋាភិបាលឥណ្ឌាសង្ឃឹមថា ការជំរុញទៅរកថាមពលព្រះអាទិត្យដ៏ខ្លាំងក្លានឹងអាចជួយកាត់បន្ថយអត្រាបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលកំពុងតែកើនឡើង។
ប្រទេសឥណ្ឌាជាប្រទេសលំដាប់ថ្នាក់ទី៣ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែប្រទេសនេះគ្រោងនឹងធ្វើការកែទម្រង់ពេញលេញលើការប្រើប្រាស់ថាមពលក្នុងរយៈពេលខ្លីមួយ។
លោកArunabha Ghosh ពីស្ថាប័នស្រាវជ្រាវគោលនយោបាយនៃក្រុមប្រឹក្សាថាមពល បរិស្ថាន និងធនធានទឹកនៅទីក្រុងញូវដេលីបាននិយាយថា៖ «ចំពោះការចែករំលែកសក្តានុពលអគ្គិសនីដែលប្រទេសអាល្លឺម៉ង់សម្រេចបានពីការប្រើប្រាស់ថាមពលកើតឡើងវិញ ការផ្លាស់ប្តូរនេះត្រូវចំណាយពេល២២ឆ្នាំសម្រាប់ប្រទេសអាល្លឺម៉ង់»។
«ក្នុងករណីប្រទេសឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយជាងច្រើន ប្រទេសនេះកំពុងតែគ្រោងនឹងធ្វើការផ្លាស់ប្តូរស្រដៀងគ្នាទៅលើថាមពលប្រើប្រាស់ឡើងវិញ និងថាមពលដោយមិនប្រើប្រាស់ប្រេងកាតក្នុងរយៈពេល១៥ឆ្នាំ»។
គោលដៅរបស់ប្រទេសឥណ្ឌាអាចសម្រេចបាន ដោយសារតែមានការធ្លាក់ចុះខ្លាំងនៃការចំណាយនៅក្នុងបង្កើតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ។
ដោយសង្ឃឹមថានឹងអាចទាក់ទាញថវិកា១០០ពាន់លានដុល្លារក្នុងរយៈពេល៧ឆ្នាំសម្រាប់វិស័យថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ រដ្ឋាភិបាលកំពុងតែកាត់បន្ថយពន្ធដារ និងអនុញ្ញាតឲ្យមានការវិនិយោគពីបរទេស១០០ ភាគរយ។
មានការចាប់អារម្មណ៍កើនឡើងជាខ្លាំង។ ក្នុងសប្តាហ៍នេះ ប្រទេសអាល្លឺម៉ង់បានសន្យានឹងផ្តលប្រាក់២,២៥ ពាន់លានដុល្លារដល់ការអភិវឌ្ឍច្រកថាមពលស្អាត និងគម្រោងថាមពលព្រះអាទិត្យផ្សេងៗនៅប្រទេសឥណ្ឌា។ ប្រទេសដទៃដែលចង់ចូលរួមមានក្រុមហ៊ុនថាមពលប្រើប្រាស់ឡើងវិញ SunEdison ដែលមានតាំងទីនៅសហរដ្ឋអាមេរិក ដែលមានបំណងវិនិយោគ១៥ពាន់លានដុល្លារ។ ក្រុមហ៊ុនSoftBank របស់ប្រទេសជប៉ុនបានប្រកាស២០ពាន់លានដុល្លារក្នុងសហប្រតិបត្តិការជាមួយក្រុមហ៊ុនឥណ្ឌា និងតៃវ៉ាន់ដើម្បីដេញថ្លៃយកកិច្ចសន្យាលើការផ្គត់ផ្គង់ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ស្របពេលដែល ក្រុមហ៊ុន Trina Solar របស់ប្រទេសចិនក៏គ្រោងនឹងវិនិយោគ៥០០លានដុល្លាក្នុងការផលិតបន្ទះក្តារស្រូបពន្លឺព្រះអាទិត្យ។
លោកTobias Engelmeier ស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាយោបល់លើថាមពលប្រើប្រាស់ឡើងវិញ Bridge to India បាននិយាយថា៖«យើងឃើញមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិយោគទុនអន្តរជាតិ ដែលបានត្រៀមលក្ខណៈក្នុងការផ្តល់នូវទំហំថវិកា ដែលយើងមិនធ្លាប់ឃើញក្នុងវិស័យថាមពលព្រះអាទិត្យនៅកន្លែងផ្សេងពីមុនមក ហើយវាអាចប្រៀបផ្ទឹមនឹងការវិនិយោគទុនថាមពលខ្នាតធំ ឧទាហរណ៍ដូចជា ថាមពលប្រេងកាត ឬថាមពលកម្តៅ។ ដូច្នេះ នេះជាការផ្លាស់ប្តូរនៅក្នុងទ្រង់ទ្រាយធំ ហើយសំខាន់មួយ» ។
មនុស្សមួយចំនួនបានសម្តែងការព្រួយបារម្ភទៅលើវត្តមាននៃទីវាលទំនេរសម្រាប់គម្រោងថាមពលព្រះអាទិត្យក្នុងទ្រង់ទ្រាយធំ។
ប៉ុន្តែនៅក្នុងចំណោមអ្នកចូលប្រឡូកថ្មីក្នុងវិស័យនេះ លោកInderpreet Wadhwa ស្ថាបនិកក្រុមហ៊ុន Azure Power បានច្រានចោលការព្រួយបារម្ភនេះដោយនិយាយថា គម្រោងថាមពលព្រះអាទិត្យភាគច្រើនកើតមាននៅតំបន់ដីគ្មានជីជាតិ និងស្ងួតហែង។ «អ្នកមិនបានជំនួសដីដែលអាចប្រើប្រាស់សម្រាប់បុព្វហេតុណាមួយផ្សេងទៀតឡើយ ជាពិសេសប្រសិនបើអ្នកកំពុងសាងសង់ក្នុងតំបន់ដាច់ស្រយាល ឧទាហរណ៍ដូចជាក្នុងរដ្ឋRajasthan។ ប្រសិនបើអ្នកជ្រើសដីចាក់សំណល់ នេះនឹងមានដំណើរការងាយស្រួលសម្រាប់ការគ្រប់គ្រង»។
ធ្យូងបង្កជាឧបសគ្គលើការចំណេញពីថាមពលព្រះអាទិត្យ?
ទោះបីជាប្រទេសឥណ្ឌាកំពុងតែប្រញាប់ប្រញាលទាញថាមពលពីពន្លឺព្រះអាទិត្យក៏ដោយ តម្រូវការថាមពលដ៏លើសលប់របស់ប្រទេសនេះក៏បានធ្វើឲ្យមានការជីករុករកធ្យូងថ្មជ្រៅក្រោមដី ក្នុងក្តីសង្ឃឹមថាផលិតកម្មធ្យូងនឹងអាចកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំ។ ការជំរុញនោះគឺមានទៅលើរោងចក្រអគ្គិសនីថ្មីៗដើរដោយថាមពលចំហេះធ្យូងថ្ម ដែលត្រូវបានចាត់ទុកជាកត្តាកង្វក់បរិស្ថានដ៏ខ្លាំងបំផុត។
រដ្ឋាភិបាលឥណ្ឌានិយាយថា ខ្លួនគ្មានជំរើសដើម្បីជំនួសការពឹងផ្អែកទៅលើធ្យូងថ្មនេះទេ។ ជាងមួយភាគបួននៃចំនួនប្រជាជនទាំងអស់ ដែលមានប្រមាណ ៣០០លាននាក់ នៅគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។ ទីប្រជុំជន និងទីក្រុងកំពុងប្រឈមទៅនឹងកង្វះថាមពលអគ្គិសនីប្រើប្រាស់យ៉ាងខ្លាំង។
អ្នកបរិស្ថានបានដាស់តឿនថា រោងចក្រផលិតអគ្គិសនីថ្មីៗដើរដោយថាមពលចំហេះធ្យូងថ្មមានន័យថា ការបញ្ចេញកាបូនរបស់ប្រទេសឥណ្ឌានឹងកើនឡើងជាបន្តបន្ទាប់សម្រាប់រយៈពេលច្រើនឆ្នាំទៅមុខ។
ប៉ុន្តែលោក Arunabha Ghosh បានបង្ហាញថា ការព្រួយបារម្ភនេះត្រូវយល់ឃើញជាលក្ខណៈទស្សនៈ។
«មនុស្សហាក់ដូចជាមិនទទួលស្គាល់ថា អ្វីដែលសំខាន់គឺ វាមិនស្ថិតនៅលើថាតើរោងចក្រផលិតធ្យូងថ្ម នឹងត្រូវគេសាងសង់ ឬមិនសាងសង់នោះទេ។ តែអ្វីដែលសំខាន់ គឺថាតើរោងចក្រផលិតថាមពលធ្យូងថ្មប៉ុន្មានដែលនឹងមិនត្រូវសាងសង់តាមរយៈការចាត់ឡើងនូវគោលដៅយ៉ាងខ្លាំងក្លានោះ។ យើងនឹងបង្កើនឡើងពី៨ទៅ១៣ភាគរយនៃថាមពលប្រើប្រាស់ឡើងវិញនៅពាក់កណ្តាលសតវត្សរ៍រហូតទៅដល់៣០ភាគរយនៅឆ្នាំ២០៣០។ នេះជាការផ្លាស់ប្តូរពីខ្សែបន្ទាត់គោល»។
ខុសពីប្រទេសចិន និងសហរដ្ឋអាមេរិក ប្រទេសឥណ្ឌាមិនបានកំណត់កាលបរិច្ឆេទ សម្រាប់ដាក់កម្រិតខ្ពស់បំផុត ឬកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឡើយ។ ប្រទេសឥណ្ឌាគ្រាន់តែគ្រោងនឹងកាត់បន្ថយល្បឿននៃកំណើនការបញ្ចេញឧស្ម័ន ដោយអះអាងថា ការបញ្ចេញឧស្ម័នក្នុងមនុស្សម្នាក់នៅក្នុងប្រទេសខ្លួនមានទាបខ្លាំងបើប្រៀបធៀបនឹងប្រទេសដទៃទៀតដូចជា សហរដ្ឋអាមេរិក ហើយកម្រិតសម្រាប់ប្រទេសឥណ្ឌានៅឆ្នាំ២០៣០ មិនទាន់ចាប់ផ្តើមនៅឡើយទេ៕
ប្រែសម្រួលដោយ៖ វិញ សុជាតា