លោក Bernard Cazeneuve រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងនិយាយថា បារាំងនឹងដាក់ឲ្យមានឡើងវិញនូវការត្រួតពិនិត្យនៅតាមព្រំដែនរបស់ខ្លួនរយៈពេលប្រហែលមួយខែនៅជុំវិញសន្និសីទអាកាសធាតុដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងប៉ារីស។
លោក Cazeneuve បានប្រាប់ទូរទស្សន៍ BFM នៅថ្ងៃសុក្រនេះថា ការត្រួតពិនិត្យនឹងក្លាយជាផ្នែកដ៏ធំមួយនៃវិធានការសន្តិសុខនៅជុំវិញសន្និសីទអាកាសធាតុដែលចាប់ផ្តើមពីថ្ងៃទី៣០ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី១១ ខែធ្នូ។
លោក Cazeneuve បានមានប្រសាសន៍ទៀតថា ការត្រួតពិនិត្យនឹងស្ថិតនៅជាធរមានរយៈពេលជាច្រើនសប្តាហ៍មុនពេល និងក្រោយសន្និសីទនោះ។
បារាំងនឹងប្រើប្រាស់ច្បាប់ដូចគ្នាដែលបានអនុញ្ញាតឲ្យប្រទេសអឺរ៉ុបដទៃទៀតបិទព្រំដែនរបស់ខ្លួននៅឆ្នាំនេះដើម្បីដោះស្រាយជនចំណាកស្រុកដ៏ច្រើនដែលរត់គេចចេញពីហិង្សានៅក្នុងតំបន់អាហ្វ្រិកខាងជើង និងតំបន់មជ្ឈឹមបូព៌ា។
កាលពីថ្ងៃព្រហស្បតិ៍ មនុស្ស៦គ្រួសារមកពីអ៊ីរ៉ាក់ និងស៊ីរីបានដឹកតាមយន្តហោះចេញពីរដ្ឋធានីអាថែន (Athens) នៃប្រទេសក្រិកទៅកាន់ប្រទេសលុចសំបួ (Luxembourg) ដែលជាផ្នែកមួយនៃកម្មវិធីថ្មីរបស់អឺរ៉ុបដើម្បីធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកដែលធ្វើដំណើរតាមដីគោកប្រកបដោយគ្រោះថ្នាក់ ហើយនិងដាក់បន្ទុកលើទីភ្នាក់ងារសន្តិសុខនៅតាមបណ្តោយព្រំដែនរបស់សមាជិកសហភាពអឺរ៉ុប។
បារាំងបានក្លាយជាទីកន្លែងនៃការវាយប្រហារដ៏ខ្លាំងនៅឆ្នាំនេះ រួមមានការបាញ់ប្រហារដ៏ប្រល័យកាលពីខែមករាទៅលើទីស្នាក់ការទស្សនាវដ្តីត្លុកកំប្លែង ហើយនិងហាងលក់គ្រឿងទេសរបស់អំបូរជនជាតិជីហ្វក្នុងទីក្រុងប៉ារីស។ កាលពីខែសីហា ទាហានអាមេរិកាំងមួយចំនួន និងទាហានអង់គ្លេសម្នាក់បានរារាំងជនជ្រុលនិយមឥស្លាមប្រដាប់អាវុធមិនឲ្យធ្វើការវាយប្រហារទៅលើរទេះភ្លើងដែលរត់ពីទីក្រុង អាំស្ទែដាំ (Amsterdam) ទៅកាន់ទីក្រុងប៉ារីស៕