គណៈប្រតិភូមកពីប្រទេសជិត ២០០ បានឯកភាពគ្នានៅថ្ងៃពុធនេះនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនៅក្នុងទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅក្នុងការងាកចេញពីការប្រើប្រាស់ឥន្ធនៈផូស៊ីល។
ការព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីមានការចរចាគ្នាអស់រយៈពេល ២ សប្ដាហ៍និងមានបំណងសំដៅលើឥន្ធនៈផូស៊ីលនេះដែលជាឧស្ម័នចម្បងបំផុតនៃការបញ្ចេញឧស្ម័នស្រូបកម្ដៅដែលធ្វើឱ្យភពផែនដីឡើងកម្ដៅ។
ប្រទេសជាង ១០០ បានជំរុញឱ្យមានការប្រើប្រាស់ភាសាខ្លាំងក្លាជាងមុនក្នុងបំណង «លុបបំបាត់ជាដំណាក់កាល» នូវឥន្ធនៈផូស៊ីល។
កិច្ចព្រមព្រៀងចុងក្រោយនេះមានបំណងចង់ឱ្យមាន «ការងាកចេញពីឥន្ធនៈផូស៊ីលនៅក្នុងប្រព័ន្ធថាមពលតាមរបៀបយុត្តិធម៌ ត្រឹមត្រូវ និងសមធម៌ ដោយបង្កើនសកម្មភាពនៅក្នុងទសវត្សរ៍ដ៏សំខាន់នេះ។
បន្ថែមទៅនឹងការឈប់ប្រើឥន្ធនៈផូស៊ីលជាដំណាក់កាលនេះ កិច្ចព្រមព្រៀងនេះក៏អំពាវនាវផងដែរឱ្យមានការបង្កើនសមត្ថភាពថាមពលកកើតឡើងវិញឱ្យបាន៣ដងនៅត្រឹមឆ្នាំ២០៥០ ខាងមុខនិងបង្កើនបច្ចេកវិទ្យាដូចជាការស្រូបយកនិងស្តុកទុកកាបូនជាដើម៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។