ក្រុមអ្នកជំនាញផ្នែកកសិកម្ម និងអាកាសធាតុ និយាយថា សេចក្ដីថ្លែងការណ៍មួយគាំទ្រដោយមេដឹកនាំពិភពលោកចំនួន ១៣៤ នៅថ្ងៃបើកកិច្ចប្រជុំកំពូលអាកាសធាតុ COP28 មានព័ត៌មានល្អមួយសម្រាប់កសិករខ្នាតតូច។ ជំនួបកំពូលផ្នែកអាកាសធាតុនេះធ្វើឡើងនៅក្នុងខែធ្នូនេះ នៅទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។
នៅក្នុង«សេចក្ដីថ្លែងការណ៍អាកាសធាតុ COP28 UAE ស្ដីពីកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងអាហារដែលធន់ និង វិធានការអាកាសធាតុ» ក្រុមមេដឹកនាំបានប្រមូលធនធានជាង ២.៥ ពាន់លានដុល្លារ ដើម្បីចាប់ផ្ដើមដោះស្រាយបញ្ហាអាកាសធាតុដែលពាក់ព័ន្ធនឹងកសិកម្ម។ នេះបើយោងតាមការប្រកាសរបស់ក្រុមមន្ត្រីនៃកិច្ចប្រជុំកំពូលនេះ។
សេចក្ដីថ្លែងការណ៍នេះមានអមជាមួយសេចក្ដីប្រកាសស្ដីអំពីគំនិតផ្ដួចផ្ដើមជាច្រើន រួមមានទាំងភាពជាដៃគូមានទឹកប្រាក់ ២០០លានដុល្លារ រវាងប្រទេសម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម និងមូលនិធិ Bill & Melinda Gates ដែលនឹងផ្ដោតទៅលើការស្រាវជ្រាវពាក់ព័ន្ធនឹងកសិកម្ម។
អ្នកស្រី Mariam bint Mohammed Almheiri រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកប្រែប្រួលអាកាសធាតុ និងបរិស្ថាននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានថ្លែងពេលចេញសេចក្ដីថ្លែងការណ៍នេះ កាលពីថ្ងៃទី១ ខែធ្នូថា៖ «ប្រទេសនានាត្រូវតែផ្ដោតទៅលើប្រព័ន្ធស្បៀងអាហារ និងកសិកម្ម ដោយចាត់ទុកថា វាជាចំណុចសំខាន់បំផុតនៅក្នុងវិធានការកសិកម្មរបស់ខ្លួន ដើម្បីដោះស្រាយទាំងការបំភាយឧស្ម័ននៅលើសាកលលោក និងការការពារជីវិតនិងជីវភាពរបស់កសិករដែលងាយរងគ្រោះពីបញ្ហានៃការប្រែប្រួលអាកាសធាតុខ្លាំងជាងគេ»។
អ្នកស្រីបន្តថា៖ «ការប្ដេជ្ញាពីប្រទេសនានានៅលើពិភពលោកនៅថ្ងៃនេះ នឹងជួយកសាងប្រព័ន្ធស្បៀងអាហារសាកលមួយដែលសមស្របសម្រាប់ពេលអនាគត»។
ក្រុមអ្នកជំនាញផ្នែកកសិកម្មនិងអាកាសធាតុ បានស្វាគមន៍យ៉ាងរីករាយចំពោះការទទួលស្គាល់អំពីទំនាក់ទំនងរវាងបញ្ហាស្បៀងអាហារនិងអាកាសធាតុ ដូចមានចែងក្នុងសេចក្ដីថ្លែងការណ៍ដែលគាំទ្រដោយប្រទេសចូលរួមដែលតំណាងឱ្យប្រជាជនជាង ៥.៧ ពាន់លាននាក់ និងមានកសិករជិត ៥០០ លាននាក់ផងដែរ។
លោក Richard Ouedraogo គឺជាប្រធានកម្មវិធីអង្គការមួយហៅកាត់ថា SPONG មកពីប្រទេសបួគីណាហ្វាសូ។
លោកបានថ្លែងប្រាប់វីអូអេថា៖«ប្រសិនបើធនធានទាំងនេះត្រូវបានចាត់ចែងត្រឹមត្រូវ ដោយផ្ដោតទៅលើកសិករជាចម្បង រួមជាមួយនឹងអង្គការសង្គមស៊ីវិលទៀតនោះ ធនាធាន និងភាពជាដៃគូទាំងនេះ នឹងជួយឱ្យកសិករពង្រីកប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពដែលពួកគេកំពុងអនុវត្តស្រាប់ដោយប្រើប្រាស់ធនធានមានកម្រិត»។
លោកបន្តថា៖ «ធនធានទាំងនេះនឹងជួយកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេពាក់ព័ន្ធនឹងស្បៀងអាហារ ហើយពួកគេនឹងអាចយល់ដឹងបានកាន់តែច្បាស់ ព្រមទាំងចូលរួមដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តផ្ទាល់ និងពង្រីកបន្ថែមនូវបច្ចេកទេសដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ»។
អ្នកស្រី Rosinah Mbenya អ្នកសម្រួលប្រចាំប្រទេសកេនយ៉ានៃបណ្ដាញអង្គការក្រៅរដ្ឋាភិបាលដែលទទួលបន្ទុកផ្នែកកសិកម្ម ក៏មានក្ដីសង្ឃឹមប្រហាក់ប្រហែលគ្នាដែរ ពេលផ្តល់បទសម្ភាសមួយធ្វើឡើងនៅខាងក្រៅសន្និសីទក្រុងឌូបៃ។
អ្នកស្រី Mbenya ថ្លែងថា សេចក្ដីថ្លែងការណ៍នេះផ្ដល់ក្ដីសង្ឃឹមថា កសិករខ្នាតតូច និងកសិករចិញ្ចឹមសត្វ គឺជាចំណុចសំខាន់នៃសកម្មភាពអាកាសធាតុ តាមរយៈការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើកម្មវិធីដែលមានភាពធន់ និង ការផ្ដល់ហិរញ្ញវត្ថុ។ ក្រុមរបស់អ្នកស្រីដែលមានឈ្មោះថា PELUM Kenya ធ្វើការលើកកម្ពស់គោលនយោបាយពាក់ព័ន្ធនឹងគោលការណ៍អេកូឡូស៊ីកសិកម្ម និងការអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងដល់ជីវភាពរបស់កសិករ ភាពធន់សម្រាប់កសិករខ្នាតតូច និងកសិករចិញ្ចឹមសត្វ។
ជំនួយមូលនិធិថ្មីនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់គំនិតផ្ដួចផ្ដើមដែលកំពុងដំណើរការ ដូចជានៅប្រទេសអេត្យូពី ដែលនៅទីនោះប្រព័ន្ធជូនដំណឹងជាមុន បានជួយឱ្យកសិករចំណេញប្រាក់រាប់លានដុល្លារ តាមរយៈការបញ្ចៀសការខាតបង់បណ្ដាលមកពីជំងឺដែលកើតលើដំណាំ។
កសិករនៅក្នុងប្រទេសនៃទ្វីបអាហ្វ្រិកជាច្រើន កំពុងដាំដុះដោយប្រើពូជដំណាំផ្សេងៗដែលមានភាពធន់កាន់តែខ្លាំងទៅនឹងបញ្ហាបង្កដោយការប្រែប្រួលអាកាសធាតុ។
ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា មានគម្លាតកាន់តែខ្លាំងរវាងអ្វីដែលកសិកររំពឹងចង់បាន និងធនធានដែលមានពិតប្រាដសម្រាប់ពួកគេ។ គំរូអំពីបញ្ហាអាកាសធាតុបានបង្ហាញថា នៅទ្វីបអាហ្វ្រិក និងអាស៊ីអាគ្នេយ៍ដែលកសិករខ្នាតតូចដើរតួនាទីសំខាន់សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ ហើយការងារ ការផលិតស្បៀងអាហារអាចនឹងធ្លាក់ចុះខ្លាំង និងអាចបណ្ដាលឱ្យមានភាពក្រីក្រកាន់តែខ្លាំង ព្រមទាំងមានគ្រោះអត់ឃ្លាន និងវិសមភាពផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងនេះ។
លោក Edward Leo Davey គឺជាទីប្រឹក្សាប្រធានសន្និសីទ COP28 ឆ្នាំនេះ។ លោកនិយាយថា ប្រសិនបើមេដឹកនាំនៃប្រទេសហត្ថលេខីខិតខំអនុវត្តទៅតាមសេចក្ដីថ្លែងការណ៍នេះនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន «វានឹងបង្ហាញឱ្យឃើញពីការវិវត្តដ៏សំខាន់មួយសម្រាប់ជីវិតកសិករខ្នាតតូច»។
លោក Davey ក៏ជាប្រធាននៃភាពជាដៃគូសម្ព័ន្ធស្បៀងអាហារ និងការប្រើប្រាស់ដី នៅវិទ្យាស្ថានធនធានពិភពលោក មានមូលដ្ឋាននៅទីក្រុងឡុងដ៍ផងដែរ។
លោកបានថ្លែងថា៖ «កសិករនៅទូទាំងតំបន់ទាំងនេះ និងនៅកន្លែងផ្សេងទៀតត្រូវការការគាំទ្រ និង ត្រូវការហិរញ្ញវត្ថុដើម្បីពង្រីកសេវាកម្មរបស់ពួកគេ រួមមានទាំងពូជដំណាំដែលមានភាពធន់កាន់តែខ្លាំង និងច្រើនប្រភេទ។
លោកបន្តថា ពួកគេក៏មានតម្រូវការ «ផ្នែកបច្ចេកវិទ្យា និង ការទទួលបានទិន្នន័យផ្នែកឧត្តុនិយម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាទទួលបានដើមទុនដែលជួយឱ្យពួកគេមានលទ្ធភាពនាំផលដំណាំទៅកាន់ទីផ្សារកាន់តែឆាប់រហ័ស និងមានសុវត្ថិភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ»។
អ្នកស្រី Ewi Stephanie Lamma អ្នកតស៊ូមតិផ្នែកយុត្តិធម៌អាកាសធាតុ មកពីប្រទេសកាមេរូន បានកត់សម្គាលថា សេចក្ដីថ្លែងការណ៍របស់សន្និសីទ COP28 បានលើកទឹកចិត្តឱ្យកសិករប្រកាន់យកបច្ចេកទេសធ្វើកសិកម្មដែលមាននិរន្តរភាព ដូចជា អេកូឡូស៊ីកសិកម្ម កសិកម្មសិរីរាង្គ និង កសិរុក្ខកម្ម (ដំណាំចម្រុះ) ដូចដែលត្រូវបានអនុវត្តដោយក្រុមមួយឈ្មោះថា «សម្ព័ន្ធដើម្បីសំឡេងព្រៃឈើ» នៅក្នុងប្រទេសរបស់អ្នកស្រី។
អ្នកស្រី Ewi បានថ្លែងប្រាប់វីអូអេថា៖ «ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថានបែបនេះ ជួយកាត់បន្ថយការប្រើប្រាស់គីមីកសិកម្មដែលបង្កគ្រោះថ្នាក់ រក្សាប្រភពទឹក និង ការពារសុខភាពដី។ វិធានការបន្ស៊ាំ ដូចជាការដាំដំណាំផ្សេងៗ និង ប្រព័ន្ធធារាសាស្ត្រដែលកាន់តែល្អជាងមុន ជួយឱ្យកសិករមានភាពធន់ទៅនឹងហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុ»៕
ប្រែសម្រួលដោយលោក នៀម ឆេង