ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀនមួយចំនួនតវ៉ាទាមទារឲ្យទម្លាក់ថ្នាក់ដឹកនាំចេញពីតំណែង


រូបឯកសារ៖ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

មន្រ្តី​ សកម្មជន ​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​រាប់​រយ​នាក់​ បាន​តវ៉ា​នៅ​ទីស្នាក់ការ​កណ្តាលរបស់​គណបក្ស ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ទម្លាក់​លោក ​ទាវ​ វណ្ណុល ​ប្រធាន​គណបក្ស ​និង​លោក លី សុធារ៉ាយុត្តិ ​អគ្គ​លេខាធិការ​គណបក្ស​ចេញ​ពី​តំណែង។​

អ្នក​តវ៉ា​ទាំង​នោះ​លើក​ឡើង​ថា​ ថ្នាក់​ដឹកនាំ​គណបក្ស​បាន​គំរាម​កំហែង ​និង​ដក​ហូត​តួនាទី​សមាជិក​សមាជិកា ​និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ​ «តាម​ទំនើង​ចិត្ត​យ៉ាង​អយុត្តិធម៌»។​

ញត្តិ​របស់​អ្នក​តវ៉ា​បញ្ជាក់​ថា៖ ​«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្នើ​ឲ្យ​ លោក ​ទាវ វណ្ណុល ​និង​លោក​ លី សុធារ៉ាយុត្តិ ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង ​និង​ការ​ប៉ុនប៉ង​ដក​ហូត​តួនាទី​សមាជិក ​សមាជិកា ​និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើងទៀន​នៅ​ថ្នាក់​មូលដ្ឋាន»។​

លោក ​លី សុធារ៉ាយុត្តិ ​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ គណបក្ស​មិន​ដែល​បញ្ឈប់ ​ឬ​បណ្តេញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​និង​សមាជិក​គណបក្ស​ឡើយ​ ហើយ​គណបក្ស​គ្រាន់​តែ​ដក​តួនាទី​ពី​មន្រ្តី​ខេត្ត ​និង​ស្រុក​មួយ​ចំនួន​តូច​ ដោយ​សារ​ពួក​គាត់​មិន​គោរព​និង​អនុវត្ត​តាម​លក្ខខន្តិកៈ​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​សេចក្តី​ណែនាំ​របស់​គណបក្ស។​

លោក​បញ្ជាក់​បន្ថែម​ថា៖​ «ថ្នាក់​ដឹកនាំ​គណបក្ស​មិន​បាន​សម្លុត ​និង​គំរាម​សមាជិក​ មន្រ្តី ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​របស់​ខ្លួន​ទេ។ ​ផ្ទុយ​ទៅ​វិញ​ ពួក​គាត់​ទេ​ដែល​បាន​ប្រើ​តួនាទី​របស់​ខ្លួន​គំរាម ​និង​ដក​សមាជិក​ភាព​ពី​គណបក្ស ​និង​ពី​តួនាទី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ដូចជា​នៅ​ខេត្ត​កំពង់ធំ។ ​គណបក្ស​បាន​ទប់ស្កាត់​ពួក​គាត់​កុំ​ឲ្យ​ប្រើ​ឥទ្ធិពល ​និង​អំណាច​របស់​ខ្លួន​គំរាម​ដក​ហូត​តួនាទី​ ឬ​បណ្តេញ​សមាជិក​ណា​ម្នាក់​ចេញ​ពី​គណបក្ស ​ដោយសារ​តែ​មិន​ស្តាប់ ​និង​ធ្វើ​តាម​បញ្ជា​ខុស​របស់​ពួក​គាត់»។​

មន្រ្តី​រូប​នេះ​បញ្ជាក់​ថា ការ​តវ៉ា​គឺ​ជា​សិទ្ធិ​របស់​ពួក​គេ ​ហើយ​រាល់​ការ​ទម្លាក់​ ឬ​តែង​តាំង​ប្រធាន​គណបក្ស​អគ្គ​លេខា​បក្ស ​ឬ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជា​ផ្លូវការ​ត្រូវ​ធ្វើ​តាម​រយៈ​សមាជ​គណបក្ស។​

អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន ​លោក ​សុន ឆ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​តវ៉ា​នេះ​អាច​មក​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ក្រុម​ណា​មួយ​ដែល​បាន​ចាក​ចេញ​ពី​គណបក្ស។ ប៉ុន្តែ​លោក​ចោទ​ជា​សំណួរ​ថា​ តើ​អ្នក​ដែល​មក​តវ៉ា​ទាំង​អស់​នេះ​ពិត​ជា​សមាជិក​សមាជិកា​ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ពិត​ប្រាកដ​ឬ​យ៉ាង​ណា។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ថា ​អ្នក​ដែល​មក​តវ៉ា​នោះ​ អ្នក​នោះ​ជា​សមាជិក​គណបក្ស​ភ្លើងទៀន​ឬ​ក៏​មក​ពី​ណា​នោះ​[ឲ្យ​បាន]​ច្បាស់លាស់​ទេ​បាទ។ ​បើ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង ​ថ្នាក់​ដឹកនាំ​របស់​គណ​បក្ស​ភ្លើងទៀន​ដែល​ជា​តំណាង​ត្រឹមត្រូវ​តាម​ច្បាប់​ហ្នឹង ​គឺ​នៅ​មាន​គ្រប់​ខេត្ត​គ្រប់​ស្រុក​ គ្រប់​ក្រុង​ នៅ​មាន​គេ​ធ្វើ​ ហើយ​នៅ​ទី​នោះ​មិន​មាន​មក​តវ៉ា​ទម្លាក់​ប្រធាន​របស់​ខ្លួន​ ដូច​ដែល​បាន​កើត​មាន​កាល​ពី​ព្រឹក​មិញ​នេះ​ទេ»។​

បើ​តាម​លោក ​សុន ឆ័យ ​ប្រសិន​បើ​សមាជិក​សមាជិកា​នៃ​គណបក្ស​ភ្លើងទៀន​មាន​បញ្ហា​អ្វី​មួយ​ពិត​ប្រាកដ​ នោះ​ពួកគេ​នឹង​ធ្វើ​ជា​លិខិត​ដាក់​មក​ថ្នាក់​ដឹកនាំ​គណបក្ស ​ដើម្បី​ដោះស្រាយ​ទៅ​តាម​គោល​ការណ៍​របស់​គណបក្ស។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣ ​គណបក្ស​ភ្លើងទៀន​បាន​ចេញ​សេចក្តី​ណែនាំ​មួយ ​ដោយ​លើក​ឡើង​ថា ​សមាជិក​សមាជិកា​គណបក្ស​ភ្លើងទៀន​រូប​ណា​ដែល​បន្ត​ធ្វើ​សកម្ម​ភាព​ជាមួយ​គណបក្ស​ដទៃ​ផ្ទុយ​ពី​ការ​ណែនាំ​របស់​គណបក្ស​ភ្លើងទៀន​ នឹង​ត្រូវ​ដក​ហូត​ពី​តួនាទី។ ​គណបក្ស​បញ្ជាក់​ថា​ សមាជិក​សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ពី​គណបក្ស​ភ្លើងទៀន​ចំនួន​ ២១៩៨ ​រូប ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណ​បក្ស​ភ្លើងទៀន​តែ​មួយ​គត់​ រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ថ្មី​នា​ឆ្នាំ​ ២០២៧៕

XS
SM
MD
LG