ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គ.ជ.ប.​លា​លែង​ពី​តំណែង ហើយ​បេក្ខជន​ថ្មី​ត្រូវ​មាន​ការ​យល់​ព្រម​ពី​គណបក្ស​​កាន់​អំណាច


រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

មន្ត្រី​រដ្ឋសភាឲ្យ​ដឹង​ថា​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា​នឹង​ប្រកាស​ជា​សាធារណៈ​ដើម្បី​ជ្រើស​រើស​បេក្ខ​ជន​ថ្មី​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(ហៅកាត់​ថា​គ.ជ.ប) ហើយ​បេក្ខជនថ្មី​នេះត្រូវ​មាន​ការ​ឯកភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​រដ្ឋសភា​ទាំង​ស្រុង។

លោក ស៊ិក ប៊ុនហុក បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង ក្រោម​ហេតុ​ផល​ថា​លោកមាន​ភាព​ចាស់​ជរា​និង​មាន​ជំងឺ​ប្រចាំ​កាយមិន​អាច​បំពេញ​ការងារ​បាន។ នេះបើ​តាមអ្នក​នាំពាក្យរដ្ឋសភា។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ដោយ​បាន​អនុម័ត​យល់​ព្រម​លើ​សំណើ​សុំ​លា​ឈប់​ពី​តួនាទី​និង​តំណែង​របស់​លោក ស៊ិក ប៊ុនហុក និង​បាន​ឲ្យ​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ធ្វើ​សេចក្តី​ជូន​ដំណឹង​ជ្រើស​រើស​បេក្ខជន។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា​អគ្គ​លេខាធិ​ការ​ដ្ឋាន​រដ្ឋ​សភា​នឹង​ប្រកាស​ជ្រើស​រើស​បេក្ខ​ជន​ជា​សាធារ​ណៈ​និង​តម្លាភាព តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់​ដែល​មាន​ជា​ធរមាន។ ប៉ុន្តែ​លោក​ថា​បេក្ខជន​ដែល​រើស​នេះ​ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ទុក​ចិត្ត និង​ត្រូវ​មាន​ការ​សម្រប​សម្រួល​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

កាល​ពី​ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រួម​គ្នា​កែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត ដោយ​ជ្រើស​រើស​សមាជិក​គ.ជ.ប តាម​រូបមន្ត​៤​បូក​៤ ​បូក​នឹង​១​ដោយ​មាន​ន័យថាគណបក្ស​នីមួយៗ​ជ្រើស​រើស​សមាសភាព​បួន​រូប​ម្ខាង​ហើយ​គណបក្ស​ទាំង​ពីរ​ត្រូវ​ជ្រើស​រើស​សមាសភាព​ទី៩​ដោយ​ការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ។

លោក ឡេង ប៉េងឡុង មាន​ប្រសាសន៍​ថា​អ្នក​ដែល​ចង់​ធ្វើ​ជា​សមាជិក​ឬ​ប្រធាន​គ.ជ.ប មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ គឺ​ត្រូវ​ជា​បុគ្គល​ឯករាជ្យ នៅ​ពេល​ក្លាយ​ជា​សមាជិក​គ.ជ.ប។

លោក​ថ្លែង​ថា៖ «យើង​រៀបចំ​នីតិវិធី​តាម​ច្បាប់​ដែល​កំណត់​មក មិន​ដឹង​ធ្វើ​ម៉េច​ក្រៅ​ពី​ហ្នឹង​ទេ»។

លោក​ឲ្យ​ដឹង​ថាប្រធាន​គ.ជ.ប នឹង​ជា​បេក្ខជន​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​សារ​វា​ត្រូវ​មាន​ការ​សម្រប​សម្រួល​ពី​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋ​សភា។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ ​NICFEC ​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា​បេក្ខជន​ជា​ប្រធាន​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នឹង​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដោយ​សារ​មិន​មាន​គណបក្ស​ផ្សេង​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា។ លោក​បន្ត​ថា​ភាព​ទុក​ចិត្ត​របស់ប្រជាពលរដ្ឋ​លើ​ស្ថាប័ន​គ.ជ.ប «នៅ​មាន​ការ​សង្ស័យ​ច្រើន»។

លោក សំ គន្ធាមី បន្ថែម​ថា​សមាសភាព​គ.ជ.ប ត្រូវ​មាន​ការ​ធានា​ថា​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​អាច​ទុក​ចិត្ត​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «វា​អាស្រ័យ​ទៅលើ​គណបក្ស​នយោបាយផង​ដែរ ព្រោះ​អី​បោះ​ឆ្នោត ភាគី​ពាក់​ព័ន្ធ គឺ​គណបក្ស​ដែល​ទទួល​បាន​ផល​ប្រយោ​ជន៍​ពី​ការ​បោះឆ្នោត គឺ​គណបក្សនយោ​បាយ។ គាត់​ត្រូវ​ការ​ប្រកួត​ប្រជែង។ តើ​សមាសភាព​ហ្នឹង គណបក្ស​នយោបាយ គាត់​មាន​ជំនឿ​ មាន​ការ​ទុកចិត្ត​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​ទេ ជា​ពិសេស​សមាស​ភាព​របស់​គ.ជ.ប?»៕

XS
SM
MD
LG