អង្គការសង្កេតការណ៍បោះឆ្នោតចំនួន២ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ឈប់ការប្តឹងផ្តល់ទៅតុលាការប្រឆាំងនឹងគណបក្សនយោបាយ ដែលសម្តែងការមិនពេញចិត្តនឹងភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធដំណើរការបោះឆ្នោត។
ការស្នើឡើងយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងភ្នំពេញស្តីពីលទ្ធផលនៃការសង្កេតការចុះឈ្មោះ និងសវនកម្មបញ្ជីឈ្មោះការបោះឆ្នោតឆ្នាំ២០២០ ដែលរៀបចំឡើងដោយអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះនិចហ្វិច (Nicfec) និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល។ សនិ្នសីទនេះ មានការចូលរួមពីតំណាងគណបក្សនយោបាយចំនួន៥ និងតំណាងស្ថានទូតចំនួន២រូប។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Nicfec លើកឡើងថា ស្ថាប័នបោះឆ្នោត គ.ជ.ប គួរតែបន្តដោះស្រាយវិវាទផ្សេងៗជាមួយគណបក្សនយោបាយដោយសន្តិវិធី ជាជាងយកវិធានការច្បាប់តាមផ្លូវតុលាការមកតតាំងនឹងការតវ៉ាណាមួយរបស់ភាគីគណបក្សនយោបាយ។
លោកមានប្រសាសន៍ថា៖ «ចង់និយាយថា យន្តការហ្នឹងដោះស្រាយក្រៅប្រព័ន្ធតុលាការ យើងនិយាយគ្នាទៅគណបក្សនយោបាយ គ.ជ.ប ហ្នឹង។ កុំចាំបាច់ប្តឹងទៅតុលាការ ប្រព័ន្ធតុលាការ បើមានបញ្ហាអីបាទ។ អាហ្នឹងចង់និយាយអ៊ីចឹង»។
ការអធិប្បាយរបស់អ្នកសង្កេតការណ៍បោះឆ្នោតរូបនេះ គឺជាផ្នែកមួយនៃអនុសាសន៍ចំនួន៨សំខាន់ៗដែលបានធ្វើឡើងរួមគ្នាជាមួយអង្គការខុមហ្វ្រែលក្នុងការលើកកម្ពស់តម្លាភាពនៃដំណើរការបោះឆ្នោត ជាពិសេស គឺការធ្វើឲ្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតមានភាពកាន់តែល្អប្រសើរឡើង។
អង្គការខុមហ្វ្រែលវាយតម្លៃថា បញ្ជីអ្នកបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលមានអ្នកចុះឈ្មោះថ្មីជាង២០ម៉ឺននាក់ «មានគុណភាពទទួលយកបាន»។ ប៉ុន្តែស្ថាប័នសង្កេតការណ៍បោះឆ្នោតមួយនេះថា «សិទ្ធិអ្នកបោះឆ្នោត រួមទាំងការចេញឯកសារបញ្ជាក់ការចុះឈ្មោះបោះឆ្នោតនៅតែជាបញ្ហាប្រឈម»។
កាលពីខែធ្នូ ឆ្នាំ២០២០ គ.ជ.ប បានប្តឹងលោក អ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ពីបទចោទប្រកាន់ចំនួន៣ គឺ«បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មន្ត្រីគណបក្សនេះ។
ការចោទប្រកាន់របស់គ.ជ.បនេះ ធ្វើឡើងបន្ទាប់ពីអ្នកនយោបាយរូបនោះ បានអធិប្បាយតាមការផ្សាយវីដេអូផ្ទាល់លើបណ្តាញសង្គមរបស់គណបក្សលោកថា មេឃុំមួយចំនួន បានធ្វើខុសនីតិវិធីក្នុងការបើកផ្លូវឲ្យជនដែលមិនស្នាក់នៅក្នុងឃុំដែលត្រូវបោះឆ្នោតនោះ បានចុះឈ្មោះបោះឆ្នោត។
ក្នុងសន្និសីទព័ត៌មានដែលធ្វើឡើងនៅទីស្នាក់កណ្តាលរបស់អង្គការខុមហ្វ្រែល លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា សា្ថប័នសាធារណៈដូចជាគ.ជ.ប មិនត្រូវអាងលើបណ្តឹងព្រហ្មទណ្ឌមកប្តឹងតំណាងគណបក្សនយោបាយដែលបានបង្ហាញការជំទាស់នឹងភាពមិនប្រក្រតីនៃការប្រព្រឹត្តទៅនៃដំណើរចុះឈ្មោះបោះឆ្នោត និងបញ្ហាផ្សេងទៀតពាក់ព័ន្ធទៅនឹងការបោះឆ្នោតនោះទេ។
«យើងមិនគាំទ្រ ហើយយើងនៅតែទាមទារថា ស្ថាប័នសាធារណៈទាំងអស់ មិនមែនតែគ.ជ.បទេបាទ ហើយករណីនេះ យើងនិយាយពីគ.ជ.ប មិនត្រូវយករឿងព្រហ្មទណ្ឌចាប់ទោសអូសដំណើរទៅដល់អ្នកដែលតួអង្គគណបក្សនយោបាយដែលចេញថ្លែងនូវអ្វីដែលថា ធ្វើឲ្យគាត់ខឹងសម្បារអី ឬក៏អន់ចិត្តប៉ះពាល់ដល់គាត់។ គាត់អាចទាមទារឲ្យកែតម្រូវ គាត់មានការបកស្រាយមកវិញមក ឬក៏ស្តីបន្ទោសអីចឹងទៅបាទ ប៉ុន្តែមិនគួរ មិនគួរយករឿងព្រហ្មទណ្ឌមកនិយាយទេ»។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) មានប្រសាសន៍ថា លោកមិនមានយោបល់ ដើម្បីឆ្លើយសំណួរតាមប្រព័ន្ធព័ត៌មាននោះទេ នៅពេលដែលអ្នកយកព័ត៌មានសួរអំពីសំណើរបស់អ្នកសង្កេតការណ៍បោះឆ្នោតឲ្យគ.ជ.បឈប់ប្តឹងផ្តល់គណបក្សនយោបាយ។
«ខ្ញុំគ្មានយោបល់ត្រូវឆ្លើយជាមួយប្រព័ន្ធព័ត៌មានទេក្មួយ បានហើយ អរគុណហើយបាទ»។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប ប្រាប់VOAថា ស្ថាប័នរៀបចំការបោះឆ្នោតមិនដែលយកគណបក្សនយោបាយណាមកធ្វើជា«សត្រូវ» ហើយក៏មិនដែលប្តឹងគណបក្សនយោបាយណាមួយផងដែរ។ ប៉ុន្តែនៅពេលសួរអំពីករណីបណ្តឹងរបស់គ.ជ.បជាមួយអ្នកនយោបាយមួយរូបរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះ លោកថា នោះជារឿងបុគ្គលក្នុងគណបក្ស។
លោក សោម សូរីដា បញ្ជាក់យ៉ាងដូច្នេះ៖ «គឺ គ.ជ.ប មិនបានប្តឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេ»។
លោកបន្ថែមថា៖ «គឺប្តឹងបុគ្គលមួយដែលមើលងាយស្ថាប័នជាតិ ដែលជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ គឺយើងធ្វើតែកិច្ចការណា ដែលវាប្រាសចាកពីគោលការណ៍ ហើយនិងវារំលោភទៅលើស្ថាប័នជាតិទេ។ អ៊ីចឹងករណីនេះ គឺស្ថិតនៅក្នុងចំណាត់ការរបស់តុលាការហើយគឺទុកឲ្យតុលាការជាអ្នកសម្រេចទៅលើបណ្តឹងនេះ។ អ៊ីចឹងត្រឡប់មកវិញ...សូមកុំភ្ជាប់បណ្តឹងនេះទៅនឹងការប្តឹងរបស់គ.ជ.បទៅលើគណបក្សនយោបាយ»។
ក្នុងសនិ្នសីទសារព័ត៌មានស្តីពីលទ្ធផលនៃការសង្កេតការចុះឈ្មោះ និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ ដែលមានឈ្មោះអ្នកបោះឆ្នោតប្រមាណ៨,៨លាននាក់ ក្រុមអ្នកសង្កេតការណ៍ បានបង្ហាញការរកឃើញភាពមិនប្រក្រតីមួយចំនួន ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។
ភាពមិនប្រក្រតីទាំងនោះ រួមមានបញ្ហាឈ្មោះស្ទួនរបស់អ្នកបោះឆ្នោត ប្រភេទអត្តសញ្ញាណប័ណ្ណដែលប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត និងការចុះឈ្មោះកងកម្លាំងប្រដាប់អាវុធ ដូចជាប៉ូលិស និងទាហានមួយចំនួននៅក្នុងភូមិឃុំ ដែលជាបន្ទាយ ឬក៏ជាទីតាំងនៃការចុះបេសកកម្មរបស់កងកម្លាំងប្រដាប់អាវុធទាំងនោះ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ថ្លែងក្នុងសន្និសីទព័ត៌មានដដែលថាគុណភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺអាចទទួលយកបាន ប៉ុន្តែសិទ្ធិរបស់អ្នកបោះឆ្នោត នៅមិនទាន់ត្រូវបានបើកទូលាយ ពោលគឺពលរដ្ឋចំណាកស្រុក មិនទាន់ត្រូវបានបញ្ជាក់ថាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬយ៉ាងណាទេ។
លោកបន្ថែមថា នៅឆ្នាំនេះ ក្រុមអ្នកសង្កេតការណ៍បន្តទាមទារឲ្យគ.ជ.ប ពិចារណាឡើងវិញចំពោះការចុះបញ្ជីឈ្មោះពលករចំណាកស្រុកដែលមានជាង២លាននាក់ ព្រោះស្ថាប័នបោះឆ្នោតជាតិមួយនេះ បានឲ្យដឹងថា ខ្លួននឹងធ្វើកំណែទម្រង់មួយចំនួន ក្នុងនោះមានការសាកល្បងបោះឆ្នោតដោយប្រើ«ត្រា» និងការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធអនឡាញ។
«អ៊ីចឹងហើយខ្ញុំឆ្នាំនេះ គឺយើងបានអនុសាសន៍បន្ថែមទៀតថា ការចុះឈ្មោះបោះឆ្នោតនៅខាងក្រៅនេះ បើសិនជាគ.ជ.ប ដែលប្រើប្រាស់ត្រានេះធ្វើវិសោធនកម្ម សុំឲ្យពិចារណាមើលវិសោធនកម្មអ្នកដែលចំណាកស្រុកនៅក្រៅផង ពីព្រោះអីបើបានធ្វើហើយ គឺធ្វើឲ្យរួមគ្នាពីព្រោះហេតុអី ២លាននាក់។ ២លាននាក់ជាងនេះ យើងអត់ដឹងទេ អត់ដឹងថា ប៉ុន្មានទេ ដែលគាត់អត់មានឈ្មោះបោះឆ្នោត»។
ក្នុងបញ្ហាចុះឈ្មោះ អ្នកធ្វើការក្រៅប្រទេស ឬពលករចំណាកស្រុកនោះ មន្ត្រីគ.ជ.ប តែងតែបញ្ជាក់ថា គ.ជ.ប គឺជាស្ថាប័នដែលចាំតែអនុវត្តច្បាប់ ដូច្នេះបើពុំមានច្បាប់ចែងបើកផ្លូវឲ្យធ្វើទេ នោះដំណើរការចុះឈ្មោះអ្នករស់នៅក្រៅប្រទេស នឹងមិនអាចធ្វើទៅរួចឡើយ។
គ.ជ.ប បានឲ្យដឹងថា ប្រជាពលរដ្ឋដែលខកខានមិនបានមកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២០ នេះ អាចទៅចុះឈ្មោះក្នុងឆ្នាំ ២០២១ និងឆ្នាំ២០២២ បន្តទៀត៕