សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) ដើម្បីផ្តល់សិទ្ធិនយោបាយពេញលេញដល់មន្ត្រី១១៨រូប របស់គណបក្សសង្គ្រោះជាតិ ត្រូវបាន បញ្ជូនឱ្យគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យមើលបន្ថែម មុននឹងយកមកពិភាក្សាសាជាថ្មីក្នុងអង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ រដ្ឋសភានៅថ្ងៃពុធ។
សេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថាអង្គប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃពុធ នេះបានអនុម័តប្រគល់សេចក្តីស្នើច្បាប់នេះឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា មុនពេលបញ្ជូនជារបាយការណ៍ត្រឡប់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) ចែងថា៖
«បុគ្គល ដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះនឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលាដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តីតាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
ការអនុម័តប្រគល់សេចក្តីស្នើច្បាប់ខាងលើនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុបកំពុងសិក្សាលើការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ ឬ EBA» កាលពីពេលកន្លងទៅនេះ ក្រោមហេតុផលរំលោភបំពានសិទ្ធិបំពានសិទ្ធិមនុស្ស។
ទោះបីយ៉ាងណាក្តី លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច បានលើកឡើងថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែស្ថានការណ៍លិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយឲ្យបានប្រសើរឡើងវិញ មិនទាក់ទងនឹងគម្រោងក្នុងការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនោះទេ៕