លោក ភូថង សេរីវុឌ្ឍី ដែលជាប្អូនប្រុសរបស់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ត្រូវបានតែងតាំងជាអភិបាលក្រុងខេមរភូមិន្ទនៃខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ ប៉ុន្តែការតែងតាំងនេះរងការរិះគន់ថា ជាការតែងតាំងសែស្រឡាយ និងជាការបង្អាក់ទឹកចិត្តដល់មន្រ្តីដែលខិតខំធ្វើការ និងមានសមត្ថភាព ប៉ុន្តែមិនមានសែស្រឡាយដូចគេ។
លោក ភូថង សេរីវុឌ្ឍី ជាអតីតអភិបាលស្រុកស្រែអំបិល ត្រូវបានតែងតាំងជាអភិបាលក្រុងខេមរភូមិន្ទជំនួសលោក ប្រាក់ វិចិត្រ ដែលបានក្លាយជាក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ លោក សេរីវុឌ្ឍី បានទទួលតំណែងជាផ្លូវការកាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មើលឃើញថា កម្ពុជានៅប្រើប្រាស់ប្រព័ន្ធចូលតាមខ្សែបក្ខពួក ខណៈកម្ពុជាមិនមានច្បាប់ហាមឃាត់ក្នុងការតែងតាំងសែស្រឡាយអ្នកមានអំណាចឱ្យកាន់អំណាចធំៗឡើយ។ លោកបន្តថា ការតែងតាំងសែស្រឡាយអាចបង្កឱ្យមានអំពើពុករលួយ ភាពអសកម្ម ការងារមិនសូវមានប្រសិទ្ធភាព និងអាចបង្កផលប៉ះពាល់ដល់ឱកាសបម្រើប្រជាពលរដ្ឋរបស់យុវជន ឬអ្នកមានសមត្ថភាព បញ្ញវន្តនានាដែលមានបទពិសោធន៍ ចំណេះដឹងខ្ពស់ និងបុគ្គលដែលធ្វើការមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ជាទូទៅបើសិនជាមានការតែងតាំងសែស្រឡាយតាំងពីលើរហូតដល់ក្រោមបែបនេះ វាបង្កឱ្យមានអំពើពុករលួយ អំពើអសកម្មច្រើន ធ្វើឱ្យកិច្ចការនឹងមិនសូវមានប្រសិទ្ធភាពទេ ហើយបង្កបញ្ហាច្រើននៅក្នុងប្រព័ន្ធបែបហ្នឹង»។
ចំណែកលោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ យល់ឃើញថា ក្នុងអាណត្តិរដ្ឋាភិបាលថ្មី មានការតែងតាំងមន្ត្រីវ័យក្មេងជាច្រើនដែលមានចំណេះដឹងខ្ពស់។ លោកមិនទាន់អាចសន្និដ្ឋានពីស្នាដៃការងាររបស់លោក ភូថង សេរីវុឌ្ឍី ដែលជាអភិបាលថ្មីនៃក្រុងខេមរភូមិន្ទនៅឡើយទេ ទាល់តែលោកបំពេញការងារមួយរយៈសិន។
លោកថ្លែងថា៖ «ប៉ុន្តែការអនុវត្តបានពេញលេញប៉ុណ្ណា ទាល់តែទុកពេលឱ្យគាត់ធ្វើសាកមើល។ ប៉ុន្តែរឿងយើងថា សាច់ញាតិបងប្អូន វាមិនមែនត្រឹមតែករណីគាត់មួយទេ ។ថ្នាក់ក្រសួងក៏យើងឃើញច្រើន»។
លោក ឡាំ សុជាតិ បន្តថា ការតែងតាំងសែស្រឡាយ ដូចករណីលោក ភូថង សេរីវុឌ្ឍីនេះ មានច្រើននៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាដូចជាជម្លោះតួនាទី និងផលប្រយោជន៍ផ្សេងៗ លោក ឡាំ សុជាតិ អះអាងថា អភិបាលក្រុងថ្មីដែលជាប្អូនប្រុសអភិបាលខេត្តត្រូវបង្ហាញសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ និងធានាតម្លាភាពការងារ។
អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ប្រាប់វីអូអេនៅរសៀលថ្ងៃអង្គារនេះថា ប្អូនប្រុសរបស់អ្នកស្រីមានបទពិសោធន៍ការងាររដ្ឋបាល តាំងពីថ្នាក់ស្រុកស្រែអំបិល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។ អ្នកស្រីបន្ថែមថា ការតែងតាំងប្អូនប្រុសជាអភិបាលក្រុងខេមរភូមិន្ទមិនមែនជាការសម្រេចរបស់អ្នកស្រីទេ គឺជាការសម្រេចរបស់ថ្នាក់លើក្នុងនោះមានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។
អ្នកស្រី មិថុនា ភូថង អះអាងថា បើទោះជាអ្នកស្រីត្រូវជាបងស្រីរបស់លោក ភូថង សេរីវុឌ្ឍី ប៉ុន្តែលោក ភូថង សេរីវុឌ្ឍី ត្រូវបំពេញការងារតាមឋានានុក្រមរបស់លោកជាអភិបាលក្រុងខេមរភូមិន្ទ ហើយអ្នកស្រីត្រូវបំពេញតួនាទីរបស់អ្នកស្រីជាអភិបាលខេត្ត។
អ្នកស្រីថ្លែងថា៖ «គាត់(លោក ភូថង សេរីវុឌ្ឍី)ធ្វើការតាមឋានានុក្រមរបស់គាត់។ រីឯខ្ញុំក៏ធ្វើការតាមមុខងាររបស់ខ្ញុំដែរ។ តំណែងនឹងគឺគណៈអភិបាលក្រុង អភិបាលស្រុកហ្នឹង គឺមិនស្ថិតថេរទេ គឺមានរយៈពេល ៤ ឆ្នាំ ហើយនឹងវិលតែរហូតទេចា៎។ ៤ ឆ្នាំ បើសិនធ្វើមានប្រសិទ្ធភាព គេបន្តឱ្យ ៤ ឆ្នាំទៀត។ បើអត់មានប្រសិទ្ធភាពគឺនឹងមានការផ្លាស់ប្តូរហើយចា៎»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែកញ្ញា ក្រោយទទួលតំណែងអភិបាលក្រុងខេមរភូមិន្ទជាផ្លូវការ លោក ភូថង សេរីវុឌ្ឍី បានថ្លែងអំណរគុណ និងសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកស្រី មិថុនា ភូថង អភិបាលខេត្ត និងត្រូវជាបងស្រីរបស់លោក«ដែលផ្ដល់សេចក្ដីទុកចិត្តតែងតាំង»លោកជាអភិបាលក្រុងខេមរភូមិន្ទ។ នេះបើតាមសារបង្ហោះនៅលើហ្វេសប៊ុករបស់លោក ភូថង សេរីវុឌ្ឍី៕
វេទិកាបញ្ចេញមតិ