នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងយកថវិកាដែលប្រមូលបានពីក្នុងមូលនិធិសាងសង់ផ្លូវក្រវាត់ព្រំដែនទៅប្រើប្រាស់ឱ្យចំគោលដៅ ព្រមទាំងបង្កើតគណៈកម្មការគ្រប់គ្រងថវិកាឱ្យច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព ដើម្បីផ្តល់ទំនុកចិត្តដល់សាធារណជន។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សមេធាវីនិងសិក្ខាកាមមេធាវីនៃគណៈមេធាវីកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន ម៉ាណែត ថ្លែងថា មកដល់ពេលនេះ ថវិកាដែលប្រមូលបានពីការចូលរួមក្នុងមូលនិធិសាងសង់ផ្លូវក្រវាត់ព្រំដែន មានចំនួនជាង ១៩ លានដុល្លារអាមេរិក។ លោកបន្ថែមថា កម្ពុជានៅសល់ផ្លូវក្រវាត់ព្រំដែនប្រមាណ ១៣០០គីឡូម៉ែត្រទៀតដែលត្រូវធ្វើ ដែលគិតជាទំហំទឹកប្រាក់មានជាង ២០០លានដុល្លារអាមេរិក។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «សំណួរសួរថា តើយើងត្រូវគ្រប់គ្រងយ៉ាងម៉េច? ការធានានូវតម្លាភាពនិងចំគោលដៅ គឺជាកិច្ចការសំខាន់។ យើងនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយជូនដំណឹងប្រជាពលរដ្ឋ។ ឯកឧត្តម ខ្វាន់ ស៊ាម ខាងវិស្វកម្មនឹងធ្វើផែនការលម្អិត និងរាយការណ៍សាធារណៈជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ថវិកាដែលប្រមូលបាននឹងយកទៅប្រើប្រាស់តាមគោលដៅ ជាជំហានៗ និងគ្រប់គ្រងឱ្យមានតម្លាភាពសម្រាប់ការធ្វើផ្លូវក្រវាត់ព្រំដែន។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋអាចទៅមើលផ្ទាល់តែម្តង! ថាធ្វើអត់? បានប៉ុន្មាន? យើងដាក់ឱ្យច្បាស់ អត់មានឱ្យស្រពេចស្រពិលថាធ្វើផ្លូវព្រំដែនអត់ទេ។ យើងនឹងកំណត់ឱ្យច្បាស់ពីកន្លែងណាដល់កន្លែងណា? បង្គោលណា? ចម្ងាយប៉ុន្មាន? ត្រូវប្រើប្រាស់ថវិកានេះ ហើយបងប្អូនអាចទៅមើល ខ្ញុំសូមបញ្ជាក់ ព្រោះចំណុចនេះ គេតែងតែលើកមក។ ឥឡូវខ្ញុំសូមបញ្ជាក់តែម្តង តម្លាភាព និងការប្រើប្រាស់ឱ្យចំគោលដៅនៃថវិកាសម្រាប់ធ្វើផ្លូវក្រវាត់ព្រំដែននេះ គឺយើងធានានឹងធ្វើជាជំហាន និងបញ្ជាក់ជូន ព្រោះមានអ្នកសួរច្រើនរឿងនេះ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានសាទរចំពោះការចូលរួមក្នុងមូលនិធិសាងសង់ផ្លូវក្រវាត់ព្រំដែនពីសំណាក់មហាជន ដើម្បីចូលរួមចំណែកអភិវឌ្ឍក្នុងប្រទេស។ លោកជំរុញឱ្យរដ្ឋាភិបាលបង្កើតយន្តការមួយដែលជឿជាក់បានថាអាចគ្រប់គ្រង និងចាត់ចែងថវិកាដែលប្រមូលបាន ដើម្បីបង្កើនការជឿទុកចិត្តបន្ថែមដល់សាធារណជន។
លោកថ្លែងថា៖ «ជាអនុសាសន៍ផងដែរ ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលរៃអង្គាសថវិកាហ្នឹងហើយ យើងរៀបចំនូវយន្តការដែលធានាការប្រើប្រាស់ថវិកាហ្នឹង កុំឱ្យមានការបាត់បង់ ដើម្បីឱ្យឆន្ទៈនៃអ្នកដែលចូលរួមហ្នឹង គាត់មិនត្រូវបានបាត់បង់តាមរយៈភាពមិនទុកចិត្តណាមួយទេ ... ខ្ញុំគិតថា យើងបង្កើនការជឿជាក់ ហើយប្រហែលជាពលរដ្ឋនៅតែបន្តចូលរួមចំណែកអភិវឌ្ឍសង្គមជាតិតាមវិធីផ្សេងៗ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ»។
ចំណែកស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ក្រៅពីការសាងសង់ផ្លូវក្រវាត់ព្រំដែន រដ្ឋាភិបាលត្រូវតែយកចិត្តទុកក្នុងការរៀបចំតំបន់ព្រំដែនបន្ថែមទៀត ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋដែលខ្វះខាត ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងដើម្បីឱ្យមានការអភិវឌ្ឍនៅតំបន់ទាំងនោះប្រកបដោយតម្លាភាព។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការធ្វើគម្រោងនេះឱ្យមានប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ខ្ញុំតែងតែលើកឡើងថា ប្រសិនមានប្រជាពលរដ្ឋទៅរស់នៅច្រើនអាចបង្កបង្កើនផលបាន មានក្រុមហ៊ុនសហគ្រាសជាដើម មានអ្នកវិនិយោគទុនលើវិស័យទេសចរណ៍អីជាដើម ហើយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានល្អមានផ្លូវថ្នល់ មានសាលារៀនអីជាដើមសម្រាប់កូនក្មេង។ ខ្ញុំជឿថា តំបន់ហ្នឹងមានប្រយោជន៍សម្រាប់កម្ពុជាខ្លាំង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ធ្លាប់បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងចែកដីនៅតំបន់ព្រំដែនដល់ប្រជាពលរដ្ឋដែលមិនមានដីពិតប្រាកដ នៅពេលឆាប់ៗខាងមុខនេះ។
ចំណែកលោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ យល់ឃើញថា រដ្ឋាភិបាលបង្កើតមូលនិធិសាងសង់ផ្លូវនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ការសាសង់ផ្លូវតាមក្រវាត់ព្រំដែនគឺជារឿងល្អហើយ ក៏ប៉ុន្តែដែលរដ្ឋាភិបាលបង្កើតមូលនិធិសាងសង់ផ្លូវតាមក្រវាត់ព្រំដែននេះ ខ្ញុំយល់ថាជានយោបាយប្រជាភិថុតិ ដើម្បីបង្វែរសភាពការណ៍ កុំឱ្យប្រជាពលរដ្ឋទាមទារតទៅទៀត ក្នុងការទាមទារឱ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងអភិវឌ្ឍន៍ត្រីកោណ»។
ទោះជាយ៉ាងណា អ្នកនយោបាយដែលភៀសខ្លួនទៅក្រៅប្រទេសរូបនោះជំរុញរដ្ឋាភិបាលត្រូវតែធានាឱ្យបានពីគុណភាពនៃការសាងសង់ផ្លូវតាមព្រំដែន៕
វេទិកាបញ្ចេញមតិ