ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ណែនាំ​សាលា​រាជធានី​ឱ្យ​ហាម​ឃាត់​ការ​ជួប​ជុំ​​ក្បែរ​ស្ថាប័ន​ខ្លួន


A man rides his motorbike in front of the National Assembly complex on May 02, 2018. (Aun Chhengpor/VOA Khmer)
A man rides his motorbike in front of the National Assembly complex on May 02, 2018. (Aun Chhengpor/VOA Khmer)

​រដ្ឋសភា​ ​ដែល​ជា​ស្ថាប័ន​សភា​តំណាង​រាស្ត្រ​របស់​កម្ពុជា​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន ​រារាំង​រាល់​ការ​ជួប​ជុំ​សម្ដែង​មតិរបស់​សកម្មជន​ ឬ​ពលរដ្ឋ​ខ្មែរ​នៅ​ក្បែរ​វិមាន​ធ្វើការរបស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។​ នេះ​បើ​យោង​តាម​កំណត់​ហេតុ​អង្គប្រជុំ​ចុះ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ ​VOA​ ​ទទួល​បាន​នៅ​សប្ដាហ៍​នេះ។

សំណើ​របស់​រដ្ឋសភា​ ទាក់ទិន​នឹង​ការ​ប្រមូល​ផ្ដុំ​ កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​រាយការណ៍​អំពី​លំហ​នៃ​ការ​ជួប​ជុំ​សម្ដែង​មតិ​ជា​សាធារណៈ​នា​នា​កាន់​តែ​រួញ​តូច​ទៅៗ។​

យោង​តាម​ ​កំណត់​ហេតុ​ដែល​ ​VOA​ ​បាន​ទទួល​ឱ្យ​ដឹងថា​ ​ក្នុង​ការ​ជួប​ប្រជុំ​មួយ​កាលពី​សប្ដាហ៍​មុន​ជា​មួយ​នឹង​ក្រុម​សហជីព​ដើម្បី​រៀប​ចំ​ការ​ហែរ​ក្បួន​អបអរ​ទិវាពលកម្ម​អន្តរ​ជាតិ​ដូច​សព្វ​មួយ​ដង​ ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​សាលា​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​គេ​ដកស្រង់​សម្ដី​ថា​ ​បាន​លើក​ឡើង​ពី​សំណើ​សុំ​ពីរ​ដ្ឋសភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​ឱ្យ​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ​នានា​ក្បែរវិ​មាន​រដ្ឋសភា​ ​ក្នុង​ខណ្ឌ​ចម្ការមន​ ​រាជធានី​ភ្នំពេញ​ ​ដោយ​លើក​ឡើង​ពី​ក្ដី​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ ​និង​សណ្ដាប់​ធ្នាប់។​

ឆ្លើយ​តប​នឹង​សំណើ​របស់​ក្រុម​សហជីព​ដែល​សុំការ​អនុញ្ញាត​ ​ដើរ​ដង្ហែ​ញ្ញតិ្ត​ដាក់​ជូន​តំណាង​រាស្ត្រ​នៅ​រដ្ឋសភា​ ​លោក​ ​មាន ចាន់យ៉ាដា អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ ​ត្រូវ​បាន​គេ​ដកស្រង់​សម្ដី​ក្នុង​កំណត់​ហេតុ​អង្គប្រជុំ​ ​ដោយ​លើក​ឡើង​ថា៖​ ​

«ការ​ស្នើសុំ​ទៅ​ជួប​ជុំ​នៅ​មុខ​រដ្ឋសភា គឺ​មិន​អនុញ្ញាត​ឡើយ ដោយ​ហេតុ​ថា​កន្លង​មក រដ្ឋសភា​បាន​ណែ​នាំ​ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ឱ្យ​មាន​ការ​ជួប​ជុំ និង​សម្ដែង​មតិ​នៅ​មុខ​រដ្ឋសភា​ឡើយ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ ​សម្រាប់​រដ្ឋសភា»។​

មិន​មាន​ការ​បញ្ជាក់ច្បាស់​ឡើយ​អំពី​ទម្រង់​ទ្រង់ទ្រាយ​នៃ​ការ​ ​«ណែ​នាំ»​ ​និង​កាល​អាកាស​នៃ​សេចក្ដី​សម្រេច​ខាង​លើ​នេះ​របស់​រដ្ឋសភា ដែល​ទើប​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​ទ្រង់ទ្រាយ​ធំ​មួយ​កាលពី​ចុង​ឆ្នាំ​២០១៧ ដោយ​មាន​ការ​បែង​ចែក​អសនៈ​ជាប់​ឆ្នោត​ចំនួន​៥៥ របស់​គណ​បក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ទាំង​ចម្រូង​ចម្រាស​ ​ទៅ​ឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​មួយ​ចំនួន​ទៀត​ដែល​បាន​សម្លេង​មិន​គ្រប់​គ្រាន់​ទទួល​បាន​កៅអី​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ​ដែល​បានដឹក​នាំ​ការ​ជួប​ជុំ​កាលពី​ថ្ងៃ​អង្គារ​ ​និង​ដែល​បាន​ចូល​ប្រជុំ​នឹង​សាលា​រាជធានី​ ​បាន​លើក​ឡើង​ថា​ ​រដ្ឋសភា​មាន​ក្ដី«ព្រួយ​បារម្ភ​ពេក»​ដល់​ថ្នាក់​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​សម្ដែង​មតិ​នៅ​ក្បែរមន្ទីរ​ធ្វើ​ការ​របស់​ខ្លួន។​

«កន្លែង​ហ្នឹង​ដោយ​សារ​តែ​គាត់​រឹត​បន្តឹង​ហ្នឹង​ខ្ញុំ​គិត​ថា ​វា​ជា​[សំណើ]​មួយ​ដែល​ធ្វើ​ទៅ​ហ្នឹង ហាក់​ដូចជា​ព្រួយ​បារម្ភ​ពេក សភាហ្នឹង​ខ្លាច​តែ​ពលរដ្ឋ ឬ​ក៏​ខ្លាច​កម្មករ​ហ្នឹង​ទៅ​ធ្វើ​ការ​តវ៉ា ឬ​ក៏​ធ្វើ​ការ​ជួប​ជុំ​នៅ​កន្លែង​សភាហ្នឹង។ អ៊ីចឹង ខ្ញុំ​គិត​ថា​កន្លែង​សភាហ្នឹង​មិន​មែន​ជា​កន្លែង​ឯកជនទេ ហើយ​វាជា​កន្លែង​សាធារណៈ។ ការស្នើ​ឱ្យ​ការពារ​រដ្ឋសភាជា​រឿង​មួយ​ត្រឹម​ត្រូវ តែការស្នើ​មិន​ឱ្យ​ជួប​ជុំអី​ដែល​គេ​មាន​ការសុំ​ច្បាប់​ច្បាស់​លាស់ ខ្ញុំ​គិត​ថាវា​មិន​សម​ហេតុ​សមផលទេ»។​

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ​មិន​អាច​ត្រូវ​បាន​ទាក់​ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ ​រីឯ​លោក​អភិបាល​រង​រាជធានី​ ​មាន ចាន់យ៉ាដា​ ​ក៏​មិន​បាន​ឆ្លើយតប​សំណើ​សុំ​ការ​បំភ្លឺ​នោះ​ដែរ។​

លោក​ ​ឈាង វុន​ ​អ្នក​តំណាង​រាស្ត្រ​មកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​បាន​និយាយ​ថា​ ​លោក​មិន​បាន​ជ្រាប​ ​និង​មាន​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ការ​ណែ​នាំ​ពី​សំណាក់​រដ្ឋសភា​ ​ទៅ​ដល់​សាលា​រាជធានី​នោះ​ទេ តែ​លោក​ថា ហេតុ​ការណ៍​កន្លង​មក​ទាក់​ទិន​នឹង​អំពើ​ហិង្សា​កើត​ចេញ​ពី​ការ​ជួប​ជុំ ដូច​យ៉ាង​បាតុកម្ម​ដឹក​នាំដោយ​គណ​បក្ស​សង្គ្រោះជាតិ និង​បាតុ​កម្ម​នៅ​មុខ​រដ្ឋសភា​កាលពី​ឆ្នាំ​២០១៥ ដែល​ឈាន​ទៅ​ដល់​ការ​វាយ​អ្នក​តំណាង​រាស្ត្រ​បក្ស​ជំទាស់​ពីរ​រូប​នៅ​ក្បែរ​របង​រដ្ឋសភា​ ​គួរ​តែ​នាំ​ឱ្យ​ការ​រឹតត្បិត​ការ​ជួប​ជុំ​ក្បែរ​រដ្ឋសភា​ ​ក្លាយ​ជា​រឿង​សម​ហេតុ​ផល។​

«បើសិនជា​មាន​ការ​ស្នើសុំ​របៀប​នេះ​ពីរ​ដ្ឋ​សភា គឺជា​ការណ៍​មួយ គេ​ហៅ​ ​បារាំង​ហៅ​ ​[La] Prévention​ ​នោះ​ណា ជា​ការណ៍​មួយ​ការពារ​ ​កុំ​ឱ្យ​អំពើ​ហិង្សា​អាច​កើត​មាន​ឡើង​នៅ​ជុំ​វិញ​រដ្ឋសភា»។​

សមាជិក​រដ្ឋសភា​រូប​នេះ​បាន​បន្ត​ទៀត​ថា៖

«ជា​គំនិត​របស់​ខ្ញុំ​ទេ ខ្ញុំ​ថា​រាល់​ការ​ជួប​ជុំ​ណា ដែល​អាច​បង្ក​ទៅ​ជា​អំពើ​ហិង្សា គឺ​យើង​មិន​ចង់​ឱ្យ​ប៉ះពាល់​នឹង​អ្នក​តំណាង​រាស្ត្រ ឬ​ប៉ះពាល់​នឹង​[រដ្ឋ]សភាទេ អាហ្នឹង​ទី​មួយ។​ ​ទី​ពីរ ការ​ជួប​ជុំ​ណា​ដែល​បង្កើតទៅ​ជា​ហិង្សា​នៅ​កន្លែង​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ហាមឃាត់​ដែរ»។​

លោក​ ​ឈាង វុន​ ​ដែល​ធ្លាប់​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ បាន​បន្ថែម​ថា​រដ្ឋសភា​ ​នៅ​តែ​បើក​ទ្វារ​ទទួល​ស្វាគមន៍​ប្រជា​ពលរដ្ឋ មក​ដាក់​បណ្ដឹង និង​ទទួល​ណាត់​ជួប​តំណាង​របស់​ខ្លួន​នៅ​មន្ទីរ​រដ្ឋសភា​ ​តែ​ការ​ជួប​ជុំ​សម្ដែង​មតិ​ក្រៅ​របង​សភា ត្រូវ​តែ​ដោះ​ស្រាយ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន។​

មន្ទីរ​រដ្ឋសភា​ត្រូវ​បាន​សម្ភោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០០៧ ហើយ​ទីធ្លា​មុខ​រដ្ឋសភា ជារឿយៗ ​ធ្លាប់​ត្រូវ​បាន​គណ​បក្ស​សង្គ្រោះជាតិ យក​ធ្វើ​ជាទី​កន្លែង​ជួប​ជុំ​រៀបចំ​ក្បួន​ចេញ​ដំណើរ​ឃោសនា​បោះ​ឆ្នោត ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៥ ខណៈ​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក​ ​កឹម សុខា​ ​ដែល​គ្រា​នោះ​ជាអនុ​ប្រធាន​ទី​មួយ​រដ្ឋសភា​ ​ចុះ​ចេញ​ពី​ដំណែង លោក​ ​

នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។
នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។

​ ​និង​លោក​ ​គង់ សភា​ ​ដែល​នៅ​ពេល​នោះ ជា​តំណាង​រាស្ត្រគណ​បក្ស​សង្គ្រោះជាតិ ត្រូវ​បាន​កុប្បករ​វាយ​ដំ​រហូត​ដល់​របួស​ជា​ទម្ងន់​នៅ​ក្រៅ​របងរដ្ឋសភា ដែល​កុប្បករ​ក្រោយ​មក​ត្រូវ​បាន​គេ​កំណត់​អត្ត​សញ្ញាណ​ថា​មាន​ឈ្មោះ​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​អង្គភាព​នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី។

នា​ពេល​មុន​ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក៏​មាន​ផង​ដែរ​ការ​ប្រារព្ធ​ពិធី​ពលកម្ម​អន្តរជាតិ​ ដែល​សហជីព​តែង​បាន​ដើរ​ក្បួន​ទៅ​កាន់​មុខ​រដ្ឋសភា ផ្ដល់​ឱ្យ​តំណាង​រាស្ត្រ​គណ​បក្ស​ជាប់​ឆ្នោត​ក្នុង​រដ្ឋសភា​ចេញ​មក​ទទួល​នូវ​សំណើ​ ​និង​សំណូមពរ​នានា​កែលម្អ​លក្ខខណ្ឌ​ការ​ងារ​រស់​នៅ​សមស្រប​ដល់​និយោជិក​ក្នុង​វិស័យ​ការ​ងារ​នានា។

ខណៈ​ដែល​ចំណាត់ការ​ផ្លូវ​ច្បាប់​ឈាន​ទៅ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ តាម​រយៈ​ការ​ចាប់​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​ដាក់​ពន្ធនាគារ​ពី​បទ​ឃុបឃិត​នឹង​បរទេស​ ​ប៉ុនប៉ង​ផ្ដួល​រំលំរដ្ឋ​អំណាច​ ​តែ​ប៉ុន្មាន​ខែ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ឈាន​ចូល​មក​ដល់​ ​វោហាស័ព្ទ​ព្រមាន​ចាត់​ការ​ប្រឆាំង​នឹង​ការ​ជួប​ជុំ​តវ៉ា​ ​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ឥស្សរជន​នយោបាយ​ ​ទាំង​ស៊ី​វិល​ ​និង​យោធា​ ​របស់​គណ​បក្ស​កាន់​អំណាច។​

ក្នុង​របាយការណ៍​របស់​ប្រេសិត​ពិសេស​អ.ស.ប.​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​អ្នក​ស្រី​ ​រ៉ូណា ស្ម៊ី​ត​ ​កាលពី​ខែ​កញ្ញា និង​ក្នុង​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ ​ចេញ​ផ្សាយ​កាលពី​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ថ្មីៗ​នេះ​ ​សុទ្ធ​តែ​បាន​កត់​សម្គាល់​នូវ​លំហរ​កាន់​តែរួញ​តូច​នៃ​ការអនុ​វត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ ​និង​អង្គការ​សង្គម​ស៊ី​វិល នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឈាន​ចូល​មក​ដល់៕

XS
SM
MD
LG