ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បដិសេធ​សំណើ​របស់​សហជីព​ក្នុង​ការ​ហែ​ក្បួន​ទៅ​មុខ​រដ្ឋសភា


រូបឯកសារ៖ ក្រុមយុវជននិងកម្មករចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣០នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមប្រធានបទ«សិទ្ធិកម្មករនិងសេរីភាពសមាគម» នៅថ្ងៃទី១ ឧសភា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ។ កម្មករប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរិមា លក្ខខណ្ឌការងារនិងសិទ្ធិសហជីព។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុមយុវជននិងកម្មករចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣០នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមប្រធានបទ«សិទ្ធិកម្មករនិងសេរីភាពសមាគម» នៅថ្ងៃទី១ ឧសភា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ។ កម្មករប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរិមា លក្ខខណ្ឌការងារនិងសិទ្ធិសហជីព។ (ឡេង ឡែន/VOA)

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ​ធ្វើ​ពិធី​សាធារណៈ អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ ០១ ឧសភា​ ខួប​លើក​ទី​១៣២​ ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ ដែល​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ ២ពាន់នាក់។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​ប្រជុំ​រវាង​ក្រុម​សហជីព​ និង​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ។

ការ​រៀប​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​ ដែល​នឹង​ធ្វើឡើង​ដោយ​សហភាព​ការ​ងារ​កម្ពុជា​របស់​លោក​ អាត់​ ធន់​ នៅ​ថ្ងៃ​ទី​០១​ ឧសភា ​ខាងមុខនេះ​ នឹង​ផ្ដោត​លើ​ប្រធាន​បទ​ «ការ​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព» ដែល​ក្រុម​សហជីព​មិន​រណប​នឹង​រដ្ឋាភិបាល​យល់​ថា​ បាន​រឹតត្បិត​លំហ​សេរី​ភាព​នៃ​សកម្មភាព​របស់​សហជីព​ ដើម្បី​ប្រឆាំង​នឹង​ការកេងប្រវ័ញ្ចរបស់​ក្រុម​និយោជក​មក​លើ​កម្មករ។

យោង​តាម​កំណត់​ហេតុ​ប្រជុំ​រវាង​ក្រុម​សហជីព​ និង​អាជ្ញាធរ​រាជធានី​ ធ្វើឡើង​កាលពី​ថ្ងៃសៅរ៍​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ លោក​ អាត់​ ធន់ ​ស្នើសុំ​សាលា​រាជធានី ធ្វើ​ការ​ជួបជុំគ្នា​នៅ​សួន​ច្បារ​ CDC ទល់មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​សង្កាត់​វត្តភ្នំ​ រួច​ដង្ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​ជូន​រដ្ឋសភា​តាម​បណ្ដោយ​មហាវិថី​សម្ដេច​សុធារស។

តប​ទៅ​នឹង​ការ​ស្នើ​របស់​លោក​ អាត់​ ធន់​ សុំ​ឱ្យ​មាន​ការ​ហែ​ក្បួន លោក មាន ចាន់យ៉ាដា​ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ ​បាន​លើក​ឡើង​ថា​ ការ​ស្នើ​ទៅ​ជួបជុំ​នៅ​មុខ​រដ្ឋសភា​ គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ ដោយ​ហេតុ​ថា​ កន្លង​មក​រដ្ឋសភា​បាន​ណែនាំ​ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ មិន​ឲ្យ​មាន​ការ​ជួបជុំ​ និង​សម្ដែង​មតិ​នៅ​មុខ​រដ្ឋសភា​ឡើយ​ ដើម្បី​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ សម្រាប់​រដ្ឋសភា។

លោក​ មាន​ ចាន់យ៉ាដា​ ត្រូវ​បាន​ដក​ស្រង់​សម្ដី នៅ​ក្នុង​កំណត់​ហេតុ​តាម​ន័យ​ដើម​ថា៖

«​ដូច្នេះ​ ខ្ញុំ​នឹង​ស្នើ​សុំ​គោលការណ៍​ឯកឧត្ដម​ អភិបាល​ ឲ្យ​រៀប​ចំ​ពិធី​នៅ​សួន​ច្បារ​ CDC ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​វិញ​ ដោយ​ពុំ​មាន​ការ​ដង្ហែក្បួន»។

លោក ​អាត់ ធន់​ បាន​ប្រាប់​អាជ្ញាធរ​រាជធានី​តាម​ន័យ​ដើម​ថា៖

«ដោយសារ​តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ទទួល​បាន​ការ​ណែនាំ​ដូច​នេះ​ នៅ​មិន​អនុញ្ញាត​ និង​ដោយសារ​បរិយាកាស​បច្ចុប្បន្ន​ ក្នុង​នាម​តំណាង​ក្រុម​ការងារ​ និង​ពិភាក្សា​រៀបចំ​ពិធី​នៅ​សួន​ច្បារ​ CDC ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ហើយ​សំណូម​ពរ​ឲ្យ​រដ្ឋបាល​ រាជធានី​ភ្នំពេញ​សម្រប​សម្រួល​ឲ្យ​គណៈ​កម្មការ​ទី​១​ នៃ​រដ្ឋសភា​ មក​ទទួល​ញត្តិ​ នៅ​ទី​តាំង​ប្រារព្ធ​ពិធី»។

អាជ្ញាធរ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ នឹង​សម្រប​សម្រួល​ទៅ​រដ្ឋសភា​ជាតិ​ ដើម្បី​ចាត់​តំណាង​គណៈកម្មការ​ទី​១​ នៃ​រដ្ឋសភា​មក​ទទួល​ញត្តិ​នៅ​ទីតាំង​ប្រារព្ធ​ពិធី។

លោក ​អាត់​ ធន់​ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ​បាន​ប្រាប់​ VOA បន្ថែម​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ដាក់​កំហិត​មិន​ឲ្យ​ក្រុម​សហជីព​ហែ​ក្បួន​ទៅកាន់​រដ្ឋសភា​នេះ​ ស្ដែង​ឲ្យ​ឃើញ​ពី​ការ​បារម្ភ​ហួស​ហេតុ​របស់អាជ្ញាធរ​ក្រុង​ភ្នំពេញ។

លោក​បាន​ហៅ​ការ​ដាក់​កំហិត​នេះ​ថា​ ជា​ទង្វើ​បិទ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ និង​សម្ដែង​មតិ។ លោក​មាន​ប្រសាសន៍​ថា៖

«ការណ៍​បើ​បារម្ភ​ពេក​ហ្នឹង​ គឺ​វា​មាន​ន័យ​ថា​ វា​បិទ​ដល់​សេរីភាព​នៅ​ក្នុង​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​គឺ​ ដូច​ករណី​ចឹង​ គឺ​យើង​សេរីភាព​យើង​ អត់​បាន​ធ្វើ​ទេ​ ហើយ​បើ​តាម​ច្បាប់​ បាតុកម្ម​ដោយ​សន្តិវិធី​ អាជ្ញាធរ​មិន​ត្រូវ​ហាម​ឃាត់​ ដោយ​ហេតុផល​ធម្មតា​ទេ​ លើកលែង​គេ​រក​ឃើញ​ថា​ វា​មាន​អ្វី​ដែល​កើតឡើង​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សន្តិសុខ​សង្គម​អ្ហូ៎! បាន​ បាន​គេ​អាច​ហាម​យើង​អត់​ឲ្យ​ធ្វើ​បាន»។

លោក​ថ្លែង​បន្ថែម​ថា​ ក្រុម​សហជីព​របស់​លោក​ដែល​ធ្វើការ​ក្នុង​វិស័យ​ចំនួន​៨​ផ្សេងៗគ្នា​ និង​មាន​សមាជិក​ជាង​១០​ម៉ឺន​នាក់​ មិន​ចង់​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​ទើប​ព្រមព្រៀង​ជាមួយ​សាលា​រាជធានី​ថា​នឹង​មិន​មានការ​ដើរ​ហែ​ក្បួន។

មេដឹកនាំ​សហជីព​ដែល​គ្រប​ដណ្ដប់​លើ​ខេត្ត​រាជធានី ​ចំនួន​១៦​ទូទាំង​ប្រទេស ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ជ្រើស​រើស​ប្រធាន​បទ​ស្ដីពី​ការ​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព​ គឺ​ដោយ​ហេតុ​ថា​ច្បាប់​នេះ​ មិនបាន​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​កម្មករ និង​សហជីព​នោះ​ទេ​ តែ​វា​បែរ​ជា​បង្កើន​ការ​គាប​សង្កត់​សិទ្ធិ​អំណាច​របស់​សហជីព​ក្នុង​ការ​តវ៉ា​ដោយសន្តិវិធី។ លោក​បាន​លើក​ពី​ផលវិបាក​មួយ​ចំនួន​ទាក់​ទិន​ការ​ប្រើប្រាស់​ច្បាប់​សហជីព។

លោក​ថ្លែង​ថា៖

«​ជាទូទៅ​ គឺ​តាម​ច្បាប់​ការងារ​ គឺ​សហជីព​មាន​សិទ្ធិ​ការ​រៀប​ចំ​ចុះ​បញ្ជី​ មាន​សិទ្ធិ​តាក់​តែង​លក្ខន្តិកៈ​ មាន​សិទ្ធិ​កំណត់​រចនា​សម្ព័ន្ធ​គ្រប់គ្រង។ ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​សហជីព​ថ្មី​នេះ​ មានន័យថា​ លក្ខន្តិកៈ​ហ្នឹង​ គឺ​យើង​ត្រូវ​ធ្វើតាម​ក្រសួង​ទាំង​អស់។​ បើ​ក្រសួង​រៀបចំ​ឲ្យ​ធ្វើ​ម៉េច​ យើង​ត្រូវ​ធ្វើ​អី​ចឹង​ យើង​សរសេរ​អី​ដែល​ពាក់​ព័ន្ធ​នឹង​ការងារ​សហជីព​របស់​យើង​ គឺ​គេ​អត់​ចុះបញ្ជី​ឲ្យ​ទេ»។

លោក អាត់ ធន់ បាន​ថ្លែង​បន្ថែម​ទៀត​ថា៖

«ហើយ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​តំណាង​របស់​កម្មករ​នៅ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ កន្លង​មក​យើង​មាន​សហជីព​យើង​អាច​តំណាង​ឲ្យ​កម្មករ​បាន ឥឡូវ​អត់​ទេ​ គឺ​គេ​ឲ្យ​យើង​ហ្នឹង​ចុះ​បញ្ជី​សិន​ បើ​អត់​ចុះ​បញ្ជី​ទេ​ គឺ​អត់​ឲ្យ​ធ្វើ​ការងារ​ ឬ​តំណាង​សហជីព​ទេ​ បើ​យើង​ធ្វើ​តំណាង។ ហើយ​បើ​យើង​មាន​សហជីព​ហើយ​ក៏ដោយ​ បើ​សិន​យើង​អត់​មាន​៣០​ភាគរយ​ គឺ​គេ​មិន​ឲ្យ​យើង​តំណាង​ ដោះស្រាយ​វិវាទ​រួម​បាន​ទេ»។

ក៏ប៉ុន្តែ​លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ការពារ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ច្បាប់​សហជីព​ដដែល​នេះ​ ដែល​បានលុបបំបាត់​សកម្មភាព​អនាធិបតេយ្យ​នានា​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា។

លោក​ប្រាប់​ VOA កាល​ពី​ថ្ងៃ​សៅរ៍​ថា​ សកម្មភាព​របស់​សហជីពនៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​បាន​ជា​ធម្មតា​ ប្រសិន​បើ​ក្រុម​សហជីព​ទាំងនោះ​ ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

«ឥឡូវ​ ឥឡូវ​ចេះ មូល​ហេតុ​អី​បាន​ជា​យើង​ធ្វើ​ច្បាប់​សហជីព​ហ្នឹង​ គឺ​ទី​មួយ​ដើម្បី​កុំ​ឲ្យ​ជន​ខិល​ខូច​ដែល​ចេះ​ធ្វើ​អី​បាន​តាម​ចិត្ត​កន្លងមក​ ដែល​មាន​ក្រុម​បងធំ​ជើង​កាង​អី​តាម​រោង​ចក្រ​ដែល​ចេះតែ​ធ្វើ​ តាម​តែ​ចិត្ត​ បង្ក​ភាព​ចលាចល​កន្លងមក​គឺ​ ក្នុង​ចេតនា​ ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំង​អស់​ហ្នឹង​ទេ។ ហើយ​បើ​សិន​ បើ​យើង​ជា​អ្នក​ បាន​ន័យ​ថា​ យើង​មានបំណង​ល្អ​ យើង​មិន​មាន​ចេតនា​ទុច្ចរិត​ ឬ​ក៏​បំណង​អាក្រក់​ណាមួយ​ នៅ​ពី​ក្រោយ​ទេ​ យើង​ធ្វើ​ទៅតាម​លក្ខខណ្ឌ​ច្បាប់​កំណត់​ទៅ។ ច្បាប់​គេ​កំណត់​ច្បាស់​លាស់​ហើយ​ ពី​នីតិវិធី​របៀប​របប​ និង​ចំនួន​ដែល​ត្រូវ​ចូលរួម​ ហើយ​ការ​ស្នើសុំ​កន្លែង​យើង​ធ្វើ​ទៅតាម​នីតិវិធី​ ដូចជា​មិន​មាន​បញ្ហា​ទេ»។

ច្បាប់​សហជីព​ថ្មី ​មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​រួញ​តូច​ទៅ​នៃ​សិទ្ធិ​សេរីភាព​របស់​កម្មករ​ និង​សហជីព​ក្នុង​ការ​តវ៉ា​នោះ​ទេ​ តែ​ច្បាប់​នេះ​ បាន​បង្ក​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ក្រុម​សហជីព​តាម​តុលាការ​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អាត់​ ធន់ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា។

មេ​ដឹក​នាំ​សហជីព​រូប​នេះ ​មានប្រសាសន៍ថា​ ទិវា​ពលកម្ម​អន្តរជាតិ​០១​ ឧសភា​នេះ​ នឹងលើក​ឡើង​ចំណុច​សំខាន់ៗ​ចំនួន១៨​ក្នុង​វិស័យ​ការងារ​ ដែល​រួម​មាន​ការប្ដឹងផ្ដល់​តាម​ប្រព័ន្ធ​តុលាការ​ប្រឆាំង​មេដឹកនាំ​សហជីព​ ​បញ្ហា​ប្រាក់​ឈ្នួល​នៅ​ក្រៅ​វិស័យ​កាត់ដេរ​ កង្វះ​វិធានការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅដល់​ការ​បិទទ្វារ​របស់​រោងចក្រ​សហគ្រាស​ ដែល​មិនបាន​ធ្វើ​ឡើង​ទៅតាម​នីតិវិធី និង​បញ្ហា​មួយ​ចំនួន​ទៀត​ ទាក់​ទិន​សិទ្ធិ​របស់​ស្ត្រី។

ក្នុង​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោយ​ការ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​ប្រាំ​នៅ​កម្ពុជា​កាល​ពី​ខែ​មីនា​ អ្នកស្រី ​រ៉ូណា​ ស្មីត​ (Rhona Smith) ​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បានលើក​ពី​កង្វល់​ដល់​រដ្ឋាភិបាល​ចំពោះ​ការ​បន្ត​បិទ​លំហ​សង្គម​ស៊ីវិល​ និង​ការ​រឹតត្បិត​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា។

អ្នកស្រី​ បាន​ថ្លែង​ក្នុង​ន័យ​ដើម​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ខែ​មីនា​ថា៖

«ការ​រឹតត្បិត​សំឡេង​ប្រជាពលរដ្ឋ​កម្ពុជា​ នៅទីបំផុត​អាច​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​ ដែល​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​ បាន​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​កសាង​វា។ សេរីភាព​ខាង​សមាគម​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​ក្នុង​ការ​ជួបជុំ​ដោយសន្តិវិធី ត្រូវ​បាន​ការពារ​ និង​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។

ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ដែល​កម្មករ ​និង​កម្មការិនី​ ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​កម្លាំង​ចូលរួម​ជាមួយ​គណបក្ស​ជំទាស់ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត។​ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា​ រដ្ឋាភិបាល​បាន​ផ្ដល់​ការ​គាំពារ​ សន្តិសុខ​សង្គម និង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជា​បន្ត​បន្ទាប់ ដើម្បី​បន្សាប​ឥទ្ធិពល​របស់​បក្ស​ប្រឆាំង​មក​លើ​ក្រុម​កម្មករ។​ ការណ៍​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​កើតឡើង​ ក្រោយ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្រុម​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់។

នា​ពេល​ថ្មីៗ​នេះ ក្រុម​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករបាន​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​បាន​ផ្ដល់​ការ​គាំទ្រ​ខាង​សង្គមកិច្ច​បន្ថែម​ទៀត​រួមមាន​ទាំង​ការ​ឧបត្ថម្ភ​ធន​ ដល់​ការ​ប្រើ​ប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​ឥត​គិត​ថ្លៃ​ជាបន្តបន្ទាប់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ខ្លួនឯង​ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ លោក​បាន​ប្រើ​ប្រាស់​ពេល​វេលា​ជាច្រើន​ ក្នុង​ពេល​ជិត​មួយ​ឆ្នាំ​ចុង​ក្រោយនេះ​ ដោយ​លោក​បាន​ចេញ​ទៅ​ជួប​កម្មករ​កម្មការិនី​តាម​រោងចក្រ​នានា។

ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ​ លោក​ ហ៊ុន​ សែន ​បាន​ក្រើន​រំឭក​ដល់​កម្មករ​ឲ្យ​ចូល​រួម​ថែរក្សា​ស្ថិរភាព​ ហើយ​លោក​ក៏​ថែម​ទាំង​បាន​អំពាវ​នាវ​ដល់​កម្មករ​ឲ្យ​បោះឆ្នោត​ឲ្យ​លោក​បាន​ស្ថិត​ក្នុង​អំណាចដើម្បី​រក្សា​កិច្ច​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ផង​ដែរ៕

XS
SM
MD
LG