សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិគឺលោក មឺ សេងហ៊ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះ ចំពោះការរិះគន់តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកលើកំណត់ត្រាស្ថានភាពប្រជាធិបតេយ្យរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ។
ការផ្តន្ទាទោសលើសមាជិកជាន់ខ្ពស់គណបក្សរូបនេះកើតមានឡើងនៅពេលមានសេចក្តីថ្លែងការណ៍ និងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អំពីការបន្តរឹតត្បិតសិទ្ធិនយោបាយ និងស៊ីវិលរបស់សកម្មជន និងអ្នកនយោបាយជំទាស់នៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ២៨ ខែសីហា អង្គការលីកាដូបានបញ្ជាក់ថា លោក សេងហ៊ ដែលគេស្គាល់ជាទូទៅថា ឈ្មោះ គា វិសាល ជាអនុប្រធានគណបក្សកម្លាំងជាតិខេត្តកំពង់ចាម។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» និង «ជេរប្រមាថជាសាធារណៈ» តាមមាត្រា ៣០៧ មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការឃាត់ខ្លួនលោក មឺ សេងហ៊ ហៅ គា វិសាល ធ្វើឱ្យមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ជាថ្មីម្តងទៀតទាក់ទងការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងដែលសកម្មទៅលើសកម្មភាពនយោបាយដែលជាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «អាជ្ញាធរក៏ដូចជាតុលាការបានបកស្រាយថា វាជាការអនុវត្តច្បាប់របស់កម្ពុជា ប៉ុន្តែយើងឃើញថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាសហគមន៍អន្តរជាតិ គេលើកឡើងថា ការចោទប្រកាន់ និងការកាត់ទោសទៅលើសកម្មជនគណបក្សប្រឆាំងនាពេលកន្លងមក វាហាក់ដូចជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ហើយវាអាចប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ លោក មឺ សេងហ៊ ត្រូវបានបឹ្តងដោយអតីតមន្ត្រីគណបក្សជំទាស់គឺលោក ម៉ៃ ហុងស្រៀង ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ លើសពីការកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃពុធ តុលាការបានបន្ថែមការពិន័យជាប្រាក់ចំនួន ៤លានរៀល (ឬប្រមាណ ១ពាន់ដុល្លារអាមេរិក) និងបង្គាប់ឱ្យសងជំងឺចិត្តជាទឹកប្រាក់ ២០លានរៀល (ឬប្រមាណ៥ពាន់ដុល្លារអាមរិក)ទៅលោក ម៉ៃ ហុងស្រៀង។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន យល់ថា ការឃាត់ខ្លួន និងការផ្ដទ្ទាទោសលោក មឺ សេងហ៊ គឺជាការគំរាមកំហែងផ្នែកនយោបាយ ខណៈសំណុំរឿងដែលជាប់ហេតុផលនយោបាយនេះអាចត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ។
លោកថ្លែងថា៖ «យើងឃើញថា មានការដាក់ទោសធ្ងន់ធ្ងរណាស់ចំពោះគាត់។ បើយើងមើលនៅក្នុងក្រមព្រហ្មទណ្ឌ ការផ្តន្ទាទោសក្នុងករណីបទញុះញង់កម្រិតខ្ពស់បំផុតតែ ២ឆ្នាំទេ ប៉ុន្តែកាត់គាត់រហូតដល់ទៅ២ឆ្នាំកន្លះ។ វាជារឿងមួយធ្ងន់ធ្ងរ ហើយក៏ជាការគំរាមកំហែងដល់អ្នកសកម្មជនក៏ដូចជាអ្នកគាំទ្រនយោបាយផងដែរ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះ តែគ្មានការឆ្លើយតប។
របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៣ នៃក្រសួងការបរទេសសហរដ្ឋអាមេរិកដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០២៤ នេះ បានកត់សម្គាល់ថា ការចាប់ខ្លួនតាមតែអំពើចិត្ត ឬការឃុំខ្លួនដោយបំពានចំពោះអ្នកទោសនយោបាយ បានបន្តកើតឡើងនៅប្រទេសកម្ពុជា ទីដែលមានបញ្ហាធ្ងន់ធ្ងរជាច្រើនកំពុងកើតមាននៅក្នុងប្រព័ន្ធតុលាការ។
របាយការណ៍ឱ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាបានបន្តចោទប្រកាន់តាមតែអំពើចិត្តក្រោមបទចោទ «ញុះញង់» ដោយប្រើច្បាប់ដើម្បីកាត់ទោសបទឧក្រិដ្ឋប្រឆាំងនឹងមេដឹកនាំគណបក្សនយោបាយប្រឆាំង និងអ្នកគាំទ្រ សកម្មជនសង្គម និងបរិស្ថាន និងអ្នកដែលបញ្ចេញមតិដែលជាការជំទាស់ផ្នែកនយោបាយ៕
វេទិកាបញ្ចេញមតិ