ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ NASA សិក្សា​លើ​មីក្រុប​របស់​អវកាសយានិក​ដែល​មក​ពី​ស្ថានីយ​អវកាស


លោក Jack Fischer អវកាសយានិក​របស់​អង្គការ​ណាសា​ប្រមូល​យក​សំណាក​ចេញ​ពី​ដំបូល​នៃ​ស្ថានីយ​អាកាស​អវកាស​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ២០១៧។
លោក Jack Fischer អវកាសយានិក​របស់​អង្គការ​ណាសា​ប្រមូល​យក​សំណាក​ចេញ​ពី​ដំបូល​នៃ​ស្ថានីយ​អាកាស​អវកាស​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ២០១៧។

មីក្រុប​នៅ​ជាប់​នឹង​ខ្លួន​របស់​អវកាសយានិក​ត្រូវ​បាន​យក​ធ្វើ​ជា​សំណាក​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​ក្នុង​សេចក្តី​សង្ឃឹម​ថា នឹង​អាច​ស្វែង​យល់​អំពី​វិធី​ការពារ​សុខភាព​របស់​អវកាសយានិក និង​សុខភាព​មនុស្ស​នៅ​លើ​ផែនដី​ឲ្យ​បាន​ប្រសើរ​ជាង​មុន។

«ការ​តាមដាន​មីក្រុប» គឺ​ជា​ការ​ពិសោធន៍​មួយ​ចំនួន ដែល​នៅ​ក្នុង​នោះ សំណាក​ត្រូវ​បាន​យក​ដោយ​អវកាសយានិក​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ ហើយ​ត្រូវ​យក​មក​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​នៅលើ​ផែនដី។

ការ​ពិសោធន៍​ទាំង​នេះ បង្ហាញ​ថា មីក្រុប​ដែល​រស់នៅ​លើ​ផ្ទៃ​វត្ថុ​នានា​នៅ​ក្នុង​ស្ថានីយ​អវកាស មាន​លក្ខណៈ​ដូច​គ្នា​ទាំងស្រុង​ទៅ​នឹង​មីក្រុប​នៅ​លើ​ស្បែក​របស់​អវកាសយានិក ដែល​ពួក​អ្នក​វិទ្យាសាស្ត្រ​អាច​ដឹង​បាន​ថា ពេល​ណា​អវកាសយានិក​ថ្មី​ណា​ម្នាក់​បាន​មក​ដល់ និង​បាន​ចាកចេញ​ពី​ស្ថានីយ​នោះ​ដោយ​គ្រាន់តែ​ពិនិត្យ​មើល​លើ​មីក្រុប​ដែល​បាន​បន្សល់​ទុក​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ។

ការរក​ឃើញ​នេះ​បង្ហាញ​ឱ្យ​ឃើញ​អំពី​សារៈសំខាន់​នៃ​ការ​តាម​ឃ្លាំ​មើល​មីក្រុប​ចំពោះ​ការ​ការពារ​សុខភាព​អវកាសយានិក​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ និង​នៅ​ក្នុង​គម្រោង​ដែន​អវកាស​រយៈពេល​វែង​ផ្សេង​ទៀត​នៅ​ពេល​អានាគត។

ក៏ប៉ុន្តែ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ក៏​អាច​ឲ្យ​យើង​ស្វែងយល់​អំពី​បរិយាកាស​បិទ​ជិត​នានា​នៅ​លើ​ផែនដី​ដូចជា​មន្ទីរពេទ្យ​ជា​ដើម ដែល​នៅ​ទី​នោះ ការ​ស្វែង​យល់​អំពី​វត្តមាន​របស់​មីក្រុប និង​សរីរៈ​ផ្សេងៗ​ទៀត​ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់។

អ្នកស្រី Crystal Jaing គឺ​ជា​អ្នក​ជីវសាស្ត្រ​នៃ​មន្ទីរ​ពិសោធន៍​ជាតិ Livermore។ អ្នកស្រី​គឺ​ជា​អ្នក​ស្រាវជ្រាវ​ចម្បង​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​តាមដាន​មីក្រុប។

អ្នកស្រី​បាន​និយាយ​ថា ការ​ស្វែងយល់​អំពី​ថា​តើ​អវកាសយានិក​នៅ​ក្នុង​ស្ថានីយ​អវកាស មាន​ទំនាក់ទំនង​បែប​ណា​ជាមួយ​នឹង «មីក្រុប​នានា» គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​បញ្ជៀស​កុំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​មនុស្ស​នៅ​ក្នុង​យាន​អវកាស នៅ​ពេល​ហោះ​ហើរ​រយៈពេល​យូរ ឬ​ក៏​ប្រហែល​ជា​នៅ​លើ​ផែនដី ដូចជា​នៅ​តាម​ផ្ទះ ការ​ធ្វើ​ដំណើរ​សាធារណៈ ឬ​មន្ទីរពេទ្យ​ជា​ដើម។

លទ្ធផលនៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី PLOS One កាលពី​ចុង​ខែ​មេសា៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG