បេសកកម្មជាប្រវត្តិសាស្រ្តរបស់អង្គការណាសាឆ្ពោះទៅព្រះអាទិត្យបានចាប់ផ្តើមហើយ។
យានអវកាសParker Solar Probe បានចាប់ផ្តើមហោះចេញពីក្រុងCape Canaveral ក្នុងរដ្ឋផ្លរីដានៅព្រឹកថ្ងៃអាទិត្យនេះ។
គោលបំណងនៃយាននេះគឺឆ្ពោះទៅបរិមណ្ឌលនៃព្រះអាទិត្យដោយធ្វើដំណើរឱ្យកៀកនឹងព្រះអាទិត្យជាងយានអវកាសដទៃទៀតក្នុងពេលកន្លងមក។
យានអវកាស Parker Sola Probe មានទំហំប៉ុនរថយន្តតូចមួយដែលមានទំងន់ជាង៦០០គីឡូក្រាមហើយនឹងមានអាចហោះរហូតដល់ល្បឿនជិត៧សែនគីឡូម៉ែត្រក្នុងមួយម៉ោងដែលជាល្បឿនលឿនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តនៃយានអវកាស។ បើប្រៀបធៀបល្បឿនគឺយាននេះអាចហោះហើរពីទីក្រុងហ្វីឡាដែលហ្វីយ៉ាមករដ្ឋធានីវ៉ាស៊ីនតោនតែក្នុងរយៈពេលមួយវិនាទីប៉ុណ្ណោះ។
អង្គការណាសាមានបំណងបញ្ជូនយានអវកាសស្ទង់មើលទៅបរិមណ្ឌលនៃប្រព័ន្ធព្រះអាទិត្យជាយូរមកហើយប៉ុន្តែមិនមានបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីការពារយានពីកម្តៅព្រះអាទិត្យ។
ការហោះហើរនៃយាននេះកាត់តាមបរិមណ្ឌលនៃព្រះអាទិត្យនឹងធ្វើឱ្យគេសង្កេតមើលដឹងពីល្បឿនខ្យល់នៅក្នុងប្រព័ន្ធព្រះអាទិត្យដែលលោកបណ្ឌិត Eugene Parker ដែលជាអ្នកវិទ្យាសាស្ត្ររូបវិទ្យាបានប៉ាន់ស្មានកាលពីឆ្នាំ១៩៥៨ថាពិតជាមានខ្យល់បក់នៅក្នុងប្រព័ន្ធព្រះអាទិត្យ។
លោកAdams Szabo ប្រធានបេសកកម្មនេះបញ្ជាក់ថាលោកមានក្តីរំភើបដែលអាចបញ្ជូនយានអវកាសនេះទៅបរិមណ្ឌលព្រះ អាទិត្យពីព្រោះវាជាកន្លែងចុងក្រោយដែលអ្នកវិទ្យាសាស្រ្តមិនទាន់បានស្រាវជ្រាវ។