អង្គការអវកាសណាសារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានបង្ហោះយានរុករកថ្មីមួយឈ្មោះ Perseverance ទៅកាន់ភពព្រះអង្គារ ដែលនេះកត់សម្គាល់បេសកកម្មទី៩របស់អង្គការណាសាទៅកាន់ភពក្រហមនេះ។
យានPerseverance ដែលឈ្មោះនេះមានន័យថា «ស្មាតីតស៊ូមោះមុត» ត្រូវបានបាញ់បង្ហោះពីលើកាំជ្រួច Altas 5 ពីមជ្ឈមណ្ឌលអវកាស Cape Canaveral ក្នុងរដ្ឋ Florida ក្នុងថ្ងៃព្រហស្បតិ៍ដែលមានអាកាសធាតុល្អនិងមេឃស្រឡះ។ បេសកកម្មនេះមានតម្លៃ២.៤០០លានដុល្លារ ដើម្បីស្វែងរកដាននៃជីវិតពីអតីតកាលនៅភពអង្គារដែលនៅជិតខាងភពផែនដី និងសាកល្បងឧបករណ៍សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅភពអង្គារនៅពេលអនាគត។
យាន Perseverance ត្រូវគេរំពឹងថានឹងទៅដល់ភពអង្គារនៅក្នុងខែកុម្ភៈឆ្នាំ២០២១ ដោយចុះចតនៅក្នុងមាត់ភ្នំភ្លើង Jezero ជម្រៅ២៥០ម៉ែត្រលើភពអង្គារ ដែលធ្លាប់ជាបឹងមួយកាលពីប្រមាណ៣.៥០០លានឆ្នាំមុន ហើយដែលអ្នកវិទ្យាសាស្ត្រសង្ស័យថាមានដាននៃជីវិតពីអតីតកាល។
អ្នកវិទ្យាសាស្ត្រតែងសង្ស័យថាភពព្រះអង្គារធ្លាប់ជាភពដែលមានបរិយាកាសអំណោយផលអាចទ្រទ្រង់ជីវិតបាន។ កន្លងមកពួកគេបានរកឃើញស្លាកស្នាមនៃទឹកនៅលើភពអង្គារ ហើយទឹកជាសារធាតុទ្រទ្រង់សំខាន់មួយនៃជីវិត។
ការបង្ហោះរបស់សហរដ្ឋអាមេរិកនេះជាការបង្ហោះយានអវកាសទី៣ទៅកាន់ភពអង្គារនៅក្នុងខែកក្កដានេះបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដោយសារអំឡុងខែកក្កដា ជាពេលដែលគន្លងភពអង្គារខិតមកជិតភពផែនដីបំផុត៕