រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីអំពាវនាវមួយឲ្យអ្នកតវ៉ាបញ្ឈប់ការប្រមូលផ្តុំ ដោយចោទការធ្វើកូដកម្មរបស់អតីតបុគ្គលិកណាហ្គាវើលដ៍រយៈពេល២សប្តាហ៍មកនេះ«ខុសច្បាប់» ហើយ«ប៉ះពាល់ធ្ងន់ធ្ងរ»ដល់សន្តិសុខសុវត្ថិភាពសាធារណៈ។ ការណ៍នេះនាំឲ្យមានការព្រួយបារម្ភអំពីការបង្រ្កាបនៅពេលខាងមុខ ខណៈមេដឹកនាំសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរបញ្ចេញឈ្មោះថាជាអ្នកដឹកនាំការតវ៉ានេះ។
ការតវ៉ារបស់អតីតបុគ្គលិក ខណៈមិនទាន់មានដំណោះស្រាយទាក់ទងនឹងវិវាទការងារ ដែលក្នុងនោះមានការបញ្ឈប់បុគ្គលិក៣៦៥នាក់ ដែលមានទាំងមេដឹកនាំសហជីពផងដែរ។ បុគ្គលិកក៏បានទាមទារឲ្យមានការទូទាត់ប្រាក់បំណាច់ឲ្យបានសមស្រប តាមច្បាប់ការងារ ក្រោយមានការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ នៅពេលមានវិបត្តិជំងឺកូវីដ១៩។
នៅក្នុងសេចក្តីអំពាវនាវមួយចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានលើកឡើងថាការតវ៉ានោះដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពម្នាក់ និង«គូកន» ហើយបុគ្គលិក«បានធ្វើសកម្មភាពសម្តែងមតិដោយខុសច្បាប់នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ «ដែលសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈនិងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសពុំបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩»។
រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យអ្នកតវ៉ាទាំងអស់ត្រូវបញ្ឈប់សកម្មភាពតវ៉ា។
អ្នកស្រី ហៃ សុភាព អាយុ៣៥ឆ្នាំ ដែលធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍ជាអ្នកមើលការខុសត្រូវផ្នែកចែកបៀររយៈពេល១៥ឆ្នាំមកហើយ ប្រាប់វីអូអេនៅថ្ងៃសុក្រថាការតវ៉ារបស់បុគ្គលិក ធ្វើឡើងស្របតាមច្បាប់ ក្រោយពួកគេបានព្យាយាមតស៊ូមតិជាមួយក្រុមហ៊ុនប្រមាណ៨ខែមកហើយ ប៉ុន្តែមិនមានដំណោះស្រាយឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «អ្វីដែលពួកខ្ញុំធ្វើគឺរត់តាមនីតិវិធីច្បាប់ទាំងអស់។ អញ្ចឹងខ្ញុំអត់ដឹងថាកន្លែងណា ដែលគេមើលមកថាពួកខ្ញុំធ្វើខុសច្បាប់ទេ»។
អ្នកស្រីក៏បារម្ភអំពីការបង្រ្កាបនៅពេលខាងមុខ។ ហើយប្រសិនបើមានការបង្រ្កាបលើការតវ៉ា អ្នកស្រីថាវាបង្ហាញអំពីភាពអយុត្តិធម៌សម្រាប់បុគ្គលិកដែលធ្វើការនៅណាហ្គាវើលដ៍។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថាបើមានសកម្មភាពបែបហ្នឹងកើតឡើងមែន វាពិតជាអយុត្តិធម៌ដល់បងប្អូនកូដករយើង ដែលគ្រាន់តែទាមទាររកយុត្តិធម៌នៅកន្លែងការងារហ្នឹង ដើម្បីឆ្នាំងបាយសោះ ទៅជាមានការបង្រ្កាបអ៊ីចឹង ខ្ញុំពិតជាមានអារម្មណ៍ថាអត់មានទំនុកចិត្តលើច្បាប់នៅក្នុងប្រទេសកម្ពុជាយើងទៀតទេ»។
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មានក្នុងស្រុកដែលស្និទ្ធិនឹងរដ្ឋាភិបាល Freshnews បានផ្សព្វផ្សាយអំពីហ្វេសប៊ុកមួយឈ្មោះ«Srey Aun Naga» ដោយរាយការណ៍ថាមានការបែកសារសំឡេងសម្ងាត់របស់កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពមួយរូប អំពីការណែនាំឲ្យបុគ្គលិកទាំងអស់បន្តប្រមូលផ្តុំតវ៉ានៅខាងមុខកាស៊ីណូណាហ្គា។
កាលពីកន្លងទៅ អង្គការសង្គមស៊ីវិលមួយចំនួនបានជំរុញឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបញ្ឈប់ទម្រង់នៃការរើសអើងសហជីព។
លោកអំ សំអាត នាយករងទទួលបន្ទុកឃ្លំាមើលសិទ្ធិមនុស្សនៃអង្គការលីកាដូបន្តជំរុញឲ្យមានការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ការងារ និងបទដ្ឋានពលកម្មអន្តរជាតិ។
លោកប្រាប់វីអូអេ៖ «ត្រូវតែស្វែងរកដំណោះស្រាយណាមួយ ដើម្បីដោះស្រាយឲ្យបានសមស្រប ហើយអាចទទួលយកបាន អាហ្នឹងវាជារឿងល្អណា។ វាមិនមែនទៅជាការលាបពណ៌ ឬក៏ការបង្កើតជាបញ្ហាផ្សេងៗ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ថ្លែងថាការតវ៉ារបស់បុគ្គលិកណាហ្គា ជាកូដកម្ម មិនមែនបាតុកម្មឡើយ។ លោកបន្ថែមថាអាជ្ញាធរគួរដាក់បន្ទុកទៅខាងក្រុមហ៊ុន ដើម្បីធានាដំណោះស្រាយមួយសម្រាប់បុគ្គលិក។
លោកប្រាប់វីអូអេថា៖ «ការទាមទាររបស់ពួកគេអត់ទាន់បានសម្រេចផង បែរជាមានការដាក់សម្ពាធផ្សេងៗទៅខាងពួកគាត់ទៅវិញ អ៊ីចឹងវាជារឿងមួយមានភាពអយុត្តិធម៌សម្រាប់ពួកគាត់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននៅឡើយទេ។ ប៉ុន្តែកាលពីកន្លងទៅ លោកធ្លាប់អះអាងថាមិនមានច្បាប់ដែលហាមក្រុមហ៊ុនមិនឲ្យកាត់បន្ថយបុគ្គលិកឡើយ។
កាលពីកន្លងទៅ ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអំពាវនាវឲ្យបុគ្គលិកដែលចូលរួមតវ៉ា ហើយមិនធ្វើការឲ្យត្រឡប់មកបំពេញការងារវិញនិងព្រមានថាពួកគេនឹងបាត់បង់ប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងទៀតបើមិនត្រឡប់ចូលធ្វើការវិញ។ នេះបើយោងតាមលិខិតជូនដំណឹងមួយរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ចុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
គួរបញ្ជាក់ថាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានតវ៉ាជាបន្តបន្ទាប់ ចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ នៅពេលដែលក្រុមហ៊ុននេះប្រកាសបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរហូតដល់១.៣០០នាក់នៃបុគ្គលិកសរុបប្រមាណ៨ពាន់នាក់ ដោយសារបញ្ហាហិរញ្ញវត្ថុក្នុងពេលវិបត្តិជំងឺកូវីដ១៩៕