កូដកម្មរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍(NagaWorld) ដែលធ្វើប្រតិបត្តិការកាសីណូនៅកណ្តាលទីក្រុងភ្នំពេញបានបន្តដល់ថ្ងៃទី៧គិតត្រឹមថ្ងៃសុក្រនេះ។
កម្មករនិយោជិតរាប់រយនាក់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាសាខារបស់ក្រុមហ៊ុន NagaCorpនិងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុងបានផ្តើមធ្វើកូដកម្មតាំងពីថ្ងៃសៅរ៍សប្តាហ៍មុនដោយមានការទាមទារចំនួនប្រាំបួនចំណុចសំខាន់ៗដែលរួមមានការទូទាត់ប្រាក់អតីតភាពការងារការប្រើប្រាស់កិច្ចសន្យាកម្មសិក្សាដែលខុសច្បាប់ការស្នើសុំដកប្រធានផ្នែកការស្នើសុំដំឡើងប្រាក់ឈ្នួលនិងការគោរពច្បាប់ការងារ។
កម្មករនិយោជិតដែលជាស្ត្រីមានផ្ទៃពោះក៏បានបន្តចូលរួមកូដកម្មនេះ ជាបន្តបន្ទាប់មកដែរដែលនាំឲ្យមានការរិះគន់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារមួយរូបថា វត្តមានស្ត្រីមានផ្ទៃពោះក្នុងពេលកូដកម្មអាចស្ថិតក្នុងវិធីសាស្ត្រមួយឲ្យមានភាពចលាចលកើតជាបដិវត្តន៍ពណ៌ដូចមាននៅបណ្តាប្រទេសផ្សេងទៀតកាលពីពេលកន្លងមកប្រសិនបើស្ត្រីមានផ្ទៃពោះណាម្នាក់ជួបគ្រោះថ្នាក់ណាមួយដោយចៃដន្យនោះ។
ក្នុងការធ្វើកូដកម្មនៅថ្ងៃសុក្រនេះស្ត្រីមានផ្ទៃពោះមួយចំនួនបន្តចូលរួមជាមួយកូដករដទៃទៀតដដែលដើម្បីរកដំណោះស្រាយឲ្យកម្មករនិយោជិតប្រមាណ២៧៦នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំសហជីព និងសមាជិកសកម្មសហជីពបានចូលធ្វើការវិញ។ ដើមឡើយចំនួនកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញនោះមានប្រមាណ៣៦៥នាក់។
មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរបានប្រតិកម្មខ្លាំងៗទៅនឹងការចោទប្រកាន់ដែលថា កូដកម្មដែលកំពុងបន្តនេះអាចប្រែក្លាយជាចលនាបដិវត្តន៍។
អមដោយកូដករដែលភាគច្រើនជាស្ត្រីនោះកញ្ញាឈឹម ស៊ីថរបានថ្លែងក្នុងសនិ្នសីទព័ត៌មាននៅមុខកាស៊ីណូហ្គាវើលដ៍យ៉ាងដូច្នេះ៖
«ច្បាស់ណាស់ថា ការធ្វើកូដកម្មដោយសន្តិវិធីនេះមិនមែនជាការធ្វើបដិវត្តន៍ពណ៌ដូចការលើកឡើងដូចការលាបពណ៌របស់មួយក្រុមនោះទេ។ សូមកុំលាបពណ៌ នេះគឺជាវិវាទការងារគឺជាបញ្ហាក្រពះគឺជាបញ្ហាសិទ្ធិសេរីភាពសហជីពបើគ្មានសមត្ថភាពដោះស្រាយកុំលាបពណ៌...បញ្ឈប់ការលាបពណ៌ឥឡូវនេះ»។
ស្ត្រីមានផ្ទៃពោះមួយចំនួននិយាយថាពួកគេគ្មានបំណងបង្កឲ្យមានចលាចលក្នុងពេលធ្វើកូដកម្មហើយអ្វីដែលពួកគេចង់បាននោះគឺការទទួលបុគ្គលិកដែលត្រូវបណ្តេញចេញដោយបង្ខំឲ្យបានចូលធ្វើការវិញក្នុងនោះមានទាំងថ្នាក់ដឹកនាំសហជីពផងដែរ។ ពួកគេនិយាយបើគ្មានតំណាងក្នុងក្រុមហ៊ុនទេនោះការងារពួកគេក៏មិនមានសុវត្ថិភាពដែរ។
កាលពីថ្ងៃទី១៩ខែធ្នូរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារលោកហេង សួរ បានផ្តល់សេចក្តីអធិប្បាយលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកក្នុងន័យដើមថា៖«ការប្រើប្រាស់អ[នី]តិជនឬស្ត្រីជាពិសេសស្ត្រីមានកូនខ្ចីឬស្ត្រីមានផ្ទៃពោះដើម្បីចូលរួមតវ៉ាអ្វីមួយគឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្ត[ន៍]ពណ៌នៅប្រទេសណាមួយ។ អ្នករៀបផែនការតែងតែបន់ស្រន់ឲ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនីតិជនឬលើស្ត្រី ដើម្បីទាញសមា[ន]ចិត្តនិងបញ្ឆេះកំហឹងមហាជន»។
ក្នុងពេលផ្តល់សេចក្តីអធិប្បាយនោះលោកហេង សួរមិនបានលើកឡើងចំៗចំពោះកូដកម្មដែលកំពុងកើតឡើងរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ទេតែលោកថា តាក់តិចខាងលើអាចប្រើបាននៅឆ្នាំ២០០០និង២០០១ ប៉ុន្តែចំពោះមុខតាក់តិចនេះតែងតែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនានាចាត់ការលើមេក្លោងនិងជនដៃដល់ដែលអនុវត្តន៍ផែនការនេះបានទាន់ពេល។
លោកហេង សួរមិនទាន់ឆ្លើយសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនង WhatsApp នៅថ្ងៃសុក្រនេះទេ។
ការបន្តកូដកម្មរបស់កម្មករនិយោជិតឬបុគ្កលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើឡើងដោយសារមិនមានលទ្ធផលនៃការដោះស្រាយវិវាទក្រោយការប្រជុំជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃចុងក្រោយនេះជាមួយមន្ត្រីសាលារាជធានីភ្នំពេញមន្ត្រីក្រសួងការងារនិងភាគីក្រុមហ៊ុន។
នៅក្នុងការប្រមូលផ្តុំរបស់កូដករនៅមុខកាស៊ីណូណាហ្គាវើលដ៍នាថ្ងៃសុក្រដដែលនេះមេដឹកនាំសហជីពតំណាងឲ្យកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរបានស្នើឲ្យឈប់មានការតាមដានពីជនស៊ីវិលមិនស្គាល់មុខមកលើសកម្មជនសហជីពណាដែលហ៊ានបញ្ចេញមតិក្នុងពេលតវ៉ានិងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចការពារសន្តិសុខនិងសុវត្ថិភាពរបស់កូដករពីការគំរាមកំហែង។
មេដឹកនាំសហជីពរូបនេះបានលើកឡើងទៀតថាមានមន្ត្រីប៉ូលិសតែងតែឃ្លាំមើលផ្ទះថ្នាក់ដឹកនាំសហជីពជារៀងរាល់ថ្ងៃគិតចាប់តាំងពីពេលធ្វើកូដកម្ម។
អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វីអូអេថាអាជ្ញាធរមានសមត្ថកិច្ចមិនមានពេលគ្រប់គ្រាន់ទៅឃ្លំាមើលបុគ្គលណាទេ ក្រោមហេតុផលថាអាជ្ញាធរមានសមត្ថកិច្ចផ្តល់អាទិភាពដល់កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
«មិនមានមន្ត្រីស៊ីវិលណាទៅតាមគាត់គ្រប់ពេលវេលានោះទេ។ រាល់ថ្ងៃនេះសមត្ថកិច្ចយើងគឺយើងរវល់ច្រើនណាស់ទាក់ទងកិច្ចការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឬ ការងារផ្សេងៗជូនប្រជាពលរដ្ឋជូនគណៈប្រតិភូជាតិអន្តរជាតិផ្សេងៗ អត់មានពេលវេលាណាទៅតាមការងាររបស់គាត់ហ្នឹងទេណាស់»។
បើតាមលោកសានសុខសីហាកូដកម្មដែលកំពុងកើតឡើងនៅមុខកាស៊ីណូណាហ្គាវើលដ៍ត្រូវសាលារាជធានីភ្នំពេញចាត់ទុកថាជាការប្រមូលផ្តុំគ្មានការអនុញ្ញាតដោយច្បាប់ដូច្នេះវិធានការច្បាប់អាចនឹងត្រូវចាត់ការឬយ៉ាងណានោះជាការសម្រេចរបស់សាលារាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយកូដករបានបង្ហាញជំហរថាពួកគេនឹងបន្តការតវ៉ាបើគ្មានដំណោះស្រាយណាមួយដើម្បីបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានអូសបន្លាយពេលមកជាង៨ខែ។
ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោកHein Damesបដិសេធមិនផ្តល់ការអត្ថាធិប្បាយនៅថ្ងៃសុក្រនេះ៕