ក្រុមមេធាវីការពារក្តីបាននិយាយថា តុលាការកំពូលមីយ៉ាន់ម៉ាបានចេញសេចក្តីសម្រេចថា អ្នកសារព័ត៌មាន Reuters ពីររូបដែលកំពុងជាប់ពន្ធនាគារអាចប្តឹងឧទ្ធរណ៍ចំពោះបទចោទរបស់ពួកគេដែលត្រូវបានចោទថាបានរំលោភច្បាប់របស់ប្រទេសដែលហាមឃាត់មិនឲ្យប្រគល់ឯកសារសម្ងាត់ជួយដល់សត្រូវ។
បណ្តឹងឧទ្ធរណ៍នេះបានលើកឡើងថា ប៉ូលិសបានបោកបញ្ឆោតអ្នកកាសែតទាំងពីរនាក់នេះ និងគ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ថាជាបទឧក្រិដ្ឋ។
លោក U Min Lwin Oo អ្នកប្រឹក្សាច្បាប់នៃគណៈកម្មការសិទ្ធិមនុស្សនៅតំបន់អាស៊ីមានមូលដ្ឋាននៅប្រទេសន័រវែសបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ VOA ភាសាភូមាថា អ្នកកាសែតទាំងពីរនាក់នេះនឹងចូលរួមសវនាការផ្សេងទៀតដែលចៅក្រមនឹងត្រូវសម្រេចថានឹងដោះលែងពួកគេ ឬបន្ធូរបន្ថយទោសរបស់ពួកគេ ដែលទំនងជានឹងបង្កឲ្យមានការប្តឹងឧទ្ធរណ៍ផ្សេងទៀត។
លោក Khun Ring Pan មេធាវីការពារក្តីបានថ្លែងថា៖ «យើងសង្ឃឹមថាតុលាការកំពូលនៅចុងបញ្ចប់នឹងផ្តល់យុត្តិធម៌ដល់លោក Wa Lone និងលោក Kyaw Soe Oo និងប្រកាសថាអ្នកទាំងពីរគឺជាជនស្លូតត្រង់»។
អ្នកកាសែតទាំងពីរនាក់ត្រូវបានរកឃើញថាមានពិរុទ្ធកាលពីខែកញ្ញា ដែលការណ៍នេះបានបង្កឲ្យមានការចោទសួរជាច្រើនពាក់ព័ន្ធនឹងការវិវត្តប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា និងការត្អូញត្អែរនានាពីក្រុមប្រឆាំងអំពីបញ្ហាសិទ្ធិមនុស្ស
អ្នកកាសែតទាំងពីរនាក់នេះបានចុះទៅយកព័ត៌មានអំពីការសម្លាប់បុរសនិងក្មេងប្រុសរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម១០នាក់ដោយកងកម្លាំងសន្តិសុខ និងពួកអ្នកកាន់សាសនាព្រះពុទ្ធនៅភាគខាងលិចរដ្ឋ Rakhine ហើយបន្ទាប់មកត្រូវបានចាប់ខ្លួន៕