កាលពីខែមករា ឆ្នាំ ២០១៥ ព្រះសង្ឃអង្គនេះបានហៅលោកស្រី Yanghee Lee អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាថាជា «ស្រីពេស្យា»។ នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធីឈ្មោះថា «រយៈពេល៦០នាទី» ដែលបានចាក់ផ្សាយកាលពីខែតុលា ឆ្នាំ ២០១៥ ព្រះអង្គមានសង្ឃដីកាថា អ្នកកាន់សាសនាឥស្លាមដែលមានចំនួនតិចជាង ៥ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងបន្ទោបង់លាមកដាក់ប្រទេសមីយ៉ាន់ម៉ា។
រដ្ឋាភិបាលផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន
ក្រោមការគ្រប់គ្រងរបស់អតីតរដ្ឋបាលលោកប្រធានាធិបតី Thein Sein ដែលគាំទ្រដោយពួកយោធា ព្រះសង្ឃ Wirathu មិនសូវទទួលបានប្រតិកម្មអវិជ្ជមានសម្រាប់ការលើកឡើងរបស់ព្រះអង្គ ដែលជារឿយៗ ធ្វើឡើងនៅក្នុងការទេសនាជាសាធារណៈ ឬការផ្សព្វផ្សាយនៅលើទំព័រ Facebook របស់ព្រះអង្គ នោះទេ។
ប៉ុន្តែ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi បានឡើងកាន់អំណាចកាលពីជិតមួយឆ្នាំមុនមក វិធីសាស្ត្រនៃការមិនធ្វើអន្តរាគមន៍ដោយផ្ទាល់នេះ បានផ្លាស់ប្ដូរ។
នៅក្នុងខែកក្កដា ឆ្នាំ ២០១៦ គណៈគ្រប់គ្រងព្រះពុទ្ធសាសនារបស់ប្រទេសមីយ៉ាន់ម៉ា បានដកខ្លួនចេញឆ្ងាយពីគណៈកម្មាធិការការពារជាតិសាសន៍ និងសាសនា ដែលជាអង្គភាពអ្នកជាតិនិយមដែលមានការពាក់ព័ន្ធនឹងព្រះសង្ឃ Wirathu បន្ទាប់ពីមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបាននិយាយថា ស្ថាប័ននេះជាស្ថាប័នមិនមានប្រយោជន៍នោះ។
ធម្មទេសនារបស់ព្រះសង្ឃ Wirathu ត្រូវបានហាមឃាត់
កាលពីខែមិនាឆ្នាំ ២០១៧ មន្ត្រីសាសនាបានហាមប្រាមព្រះសង្ឃ Wirathu មិនឲ្យធ្វើធម្មទេសនារយៈពេលមួយឆ្នាំ បន្ទាប់ពីព្រះអង្គបានថ្លែងអំណរគុណតាមទំព័រ Facebook ដល់ជនជាប់ចោទក្រោមបទចោទប្រកាន់ថាបានធ្វើឃាតលោក Ko Ni ទីប្រឹក្សារដ្ឋាភិបាលកាលពីខែមករា ឆ្នាំ ២០១៧ កន្លងទៅនេះ និងក្រោយមក បន្ទាប់ពីព្រះអង្គបានថ្លែងបំផុសអុជអាល ដោយបានប្រាប់ទៅស្ត្រីនានាថា ពួកគេគួររៀបការជាមួយសត្វឆ្កែវិញ ប្រសើរជាងរៀបការជាមួយអ្នកកាន់សាសនាឥស្លាម។
ប៉ុន្តែបើទោះបីជាពេលនេះ ព្រះអង្គនៅរក្សាភាពស្ងៀមស្ងាត់ក៏ដោយ ក៏កេរដំណែលនៃការស្អប់ខ្ពើម និងព្រះពុទ្ធសាសនាបែបនយោបាយរបស់ព្រះអង្គ នៅតែបន្តមានដដែល។
ឥទ្ធិពលរបស់ «ព្រះសង្ឃនយោបាយ» នៅតែមានដដែល
លោក Soe Myint Aung អ្នកវិភាគនៅវិទ្យាស្ថានសិក្សានយោបាយ Tagaung ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា បាននិយាយយ៉ាងដូច្នេះថា៖ «តាមធម្មតា នៅពេលដែលព្រះសង្ឃពុទ្ធសាសនាសម្ដែងធម្មទេសនា ធម្មទេសនានោះមិនមែនអំពីរឿងនយោបាយនោះទេ ប៉ុន្តែជាធម្មទេសនាអំពីសាសនា ដើម្បីរំដោះខ្លួនទៅកាន់និព្វាន ដើម្បីត្រាស់ដឹង និងដើម្បីឲ្យដឹងអំពីរបៀបរស់នៅតាមបែបសាសនាឲ្យបានសមស្របតែប៉ុណ្ណោះ»។
ប៉ុន្តែលោក Soe Myint Aung បានបន្ថែមថា ព្រះសង្ឃ Wirathu និងព្រះសង្ឃនយោបាយផ្សេងទៀត «ផ្ដោតការទេសនា និងការលើកឡើង» របស់ខ្លួន លើការការពារព្រះពុទ្ធសាសនា និងភាពចាំបាច់នៅក្នុងការចេះខ្លបខ្លាចអ្នកដទៃ ហើយការបំបិទមាត់ព្រះសង្ឃអង្គនេះ មិនអាចលុបបំបាត់ឥទ្ធិពលរបស់ព្រះអង្គបានឡើយ។
លោកបានថ្លែងបន្តយ៉ាងដូច្នេះថា៖ «វាជាស្ថានភាពផុយស្រួយមួយ ដោយសារតែពេលនេះព្រះអង្គមានអ្នកគាំទ្រជាច្រើន។ ប្រាកដណាស់ មានប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗដែលបានលើកតម្កើងនិងគោរពសរសើរព្រះសង្ឃអង្គនេះ។ អ៊ីចឹង ការបញ្ឈប់ធម្មទេសនា និងការបំបាត់ចោលនូវបុគ្គលិកលក្ខណៈរបស់ព្រះអង្គ មិនមែនជាការងាយស្រួលនោះទេ»។
ព្រះសង្ឃ Wirathu បានធ្វើធម្មទេសនានេះតាំងពីមុនពេលដែលប្រទេសមីយ៉ាន់ម៉ាបានផ្លាស់ប្ដូរទៅរកលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ ២០១១ មកម្ល៉េះ គឺនៅពេលដែលពួកយោធាស្នើឲ្យមានរដ្ឋាភិបាលស៊ីវិល ដោយមានអតីតមន្ត្រីយោធានៅបញ្ជាពីក្រោយ។ ព្រះសង្ឃអង្គនេះបានជាប់ពន្ធនាគារនៅក្នុងឆ្នាំ ២០០៣ ក្រោមបទចោទប្រកាន់ថាបានទេសនាញុះញង់។ ហើយប្រសិនបើគេមិនដោះលែងព្រះអង្គ នៅក្នុងការលើកលែងទោសកាលពីឆ្នាំ ២០១២ នោះទេ ព្រះអង្គនឹងនៅតែជាបុគ្គលមួយរូប ដែលមិនសូវល្បីល្បាញដដែល។
បណ្ដាញទូរគមនាគមន៍បានជួយព្រះសង្ឃ Wirathu ឲ្យនៅតែមានប្រជាប្រិយភាព
ដោយសារមានជំនួយពីការរីកដុះដាលនៃបណ្ដាញទូរគមនាគមន៍ ព្រះសង្ឃ Wirathu បានរួមចំណែកក្នុងការបង្កើតឲ្យមានក្រុមពុទ្ធសាសនិកជាតិនិយមនានា ដូចជាក្រុមចលនា ៩៦៩ និងគណៈកម្មាធិការការពារជាតិសាសន៍ និងសាសនា ជាដើម ដែលក្រុមទាំងពីរនេះបានពង្រីកបណ្ដាញនៃអង្គការតូចៗនានា ដែលមានការជំរុញទឹកចិត្តដោយការលើកឡើពីភាពអត់ធ្មត់ និងការប្រឆាំងនឹងសាសនាឥស្លាម។
ដោយប្រើប្រាស់វត្តអារាមព្រះពុទ្ធសាសនារបស់ព្រះអង្គនៅក្នុងទីក្រុង Mandalay ជាកន្លែងប្រជុំ ព្រះអង្គបានប្រមូលផ្ដុំអ្នកគាំទ្រ និងអ្នកគោរពសរសើរព្រះអង្គជាច្រើននាក់ ស្របពេលដែលព្រះអង្គក្លាយជាមនុស្សល្បីដែលអ្នកសារព័ត៌មាននានាតែងតែទៅជួបដើម្បីស្វែងយល់ពីអ្នកកាន់ព្រះពុទ្ធសាសនាងប់ងុលនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ជនជាតិ Rohingya កាន់សាសនាឥស្លាម គឺជាមុខសញ្ញាពិសេស
ព្រះសង្ឃ Wirathu បានបំផុសបំផុលឲ្យមានការស្អប់ខ្ពើមជនជាតិ Rohingya កាន់សាសនាឥស្លាមនៅក្នុងរដ្ឋ Rakhine ដោយជួយជំរុញឲ្យមានការនិយាយតៗគ្នាថា ពួកគេមិនមែនជាពលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ប៉ុន្តែគឺជាជនអន្តោប្រវេសន៍មកពីប្រទេសបង់ក្លាដេស។ ជនជាតិ Rohingya បានរស់នៅក្នុងជំរំសម្រាប់ជនផ្លាស់ទីលំនៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីអំពើហិង្សារវាងសហគមន៍និងសហគមន៍ បានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine ក្នុងឆ្នាំ ២០១២ មក ដែលអំពើហិង្សានោះបានធ្វើឲ្យមនុស្សរាប់រយនាក់បានស្លាប់បាត់បង់ជីវិត។
មនុស្សភាគច្រើនជឿថា សង្ឃដីការបស់ព្រះសង្ឃ Wirathu បានបញ្ឆេះជម្លោះរវាងអ្នកកាន់សាសនាព្រះពុទ្ធ និងអ្នកកាន់សាសនាឥស្លាមឲ្យកាន់តែរីករាលដាលបន្ថែមទៀត។ នាពេលបច្ចុប្បន្ននេះ ការនិយាយតិះដៀលឲ្យអ្នកកាន់សាសនាឥស្លាមនៅតាមប្រព័ន្ធអ៊ីនធឺណិត គឺជារឿងធម្មតា។
ឥទ្ធិពលរបស់ព្រះសង្ឃ Wirathu លើប្រទេសមីយ៉ាន់ម៉ានៅតែបន្តមាន
កាលពីឆ្នាំ ២០១៥ ព្រះសង្ឃ Wirathu បានគាំទ្រច្បាប់នានាស្ដីពី «ជាតិសាសន៍ និងសាសនា» ដែលក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ថា មានការរើសអើងចំពោះអ្នកកាន់សាសនាឥស្លាម។ ទោះបីជាច្បាប់នោះកម្រនឹងអនុវត្តក៏ដោយ ក៏វានៅតែមានចែងក្នុងសៀវភៅច្បាប់ដដែល។
ព្រះសង្ឃ Wirathu បានចូលប្រឡូកគាំទ្រលោក Thein Sein នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៥ ដោយនៅពេលនោះ គណបក្សរបស់លោកស្រី Aung San Suu Kyi បានឈ្នះគណបក្សរបស់លោក Thein Sein យ៉ាងភ្លូកទឹកភ្លូកដី។ ប៉ុន្តែអ្នករិះគន់នានាថា ឥទ្ធិពលរបស់ក្រុមអ្នកជាតិនិយម ដែលបានដាក់សម្ពាធលើគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ មិនឲ្យដាក់បញ្ចូលបេក្ខជនដែលកាន់សាសនាឥស្លាមឲ្យចូលរួមនៅក្នុងរដ្ឋសភា បានរុញច្រានបេក្ខជនដែលកាន់សាសនាឥស្លាមទាំងនោះឲ្យកាន់តែចេញឆ្ងាយពីជីវិតនយោបាយ។
លោក David Mathiesonអ្នកវិភាគឯករាជ្យនៅទីក្រុងរ៉ង់ហ្គូន បាននិយាយថា ព្រះសង្ឃ Wirathu បានបំផ្លាញចំណាប់អារម្មណ៍ដែលសហគមន៍អន្តរជាតិមានចំពោះព្រះពុទ្ធសាសនានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានបញ្ចេញឲ្យឃើញពីចំណុចអាក្រក់នានា ដែលមិនសូវបានបង្ហាញនៅក្នុងអំឡុងពេលការធ្វើបដិវត្តរបស់ព្រះសង្ឃ ដែលហៅថា Saffron Revolution កាលពីឆ្នាំ ២០០៧ ដែលនៅពេលនោះ ក្រុមព្រះសង្ឃបានប្រឈមមុខតទល់ជាមួយនឹងពួកយោធា។
ប៉ុន្តែលោក Mathieson បានគូសបញ្ជាក់ថា ចំណុចសំខាន់គឺមិនត្រូវបំផ្លើសអំពីឥទ្ធិពលរបស់សង្ឃ Wirathu នោះទេ។ ព្រះអង្គមិនបានបង្កើតឲ្យមានទស្សនៈជាតិនិយមព្រះពុទ្ធសាសនានោះទេ។ ព្រះអង្គគ្រាន់តែទាញយកផលប្រយោជន៍ពីទស្សនៈជាតិនិយមនេះ ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះរបស់ព្រះអង្គតែប៉ុណ្ណោះ។
លោក Mathieson បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា កេរដំណែលរបស់ព្រះសង្ឃ Wirathu នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺថាព្រះអង្គជាមនុស្សឱកាសនិយមដ៏អាត្មានិយមម្នាក់។ ព្រះអង្គជាមនុស្សឆ្លាត។ មានភាពតានតឹងកើនឡើងពាក់ព័ន្ធនឹងការផ្លាស់ប្ដូររបស់ប្រទេសមីយ៉ាន់ម៉ា នៅក្រោយឆ្នាំ ២០១២ ហើយដោយសារព្រះអង្គជាជនឆ្លៀតឱកាស អញ្ចឹងហើយបានជាព្រះអង្គទាញយកប្រយោជន៍ពីការផ្លាស់ប្ដូរនេះ»។
ព្រះសង្ឃ Wirathu មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដើម្បីសុំសួរយោបល់នោះទេ។ មន្ត្រីរដ្ឋាភិបាលមួយរូបមកពីក្រសួងកិច្ចការសាសនា ក៏មិនព្រមផ្ដល់យោបល់ដែរ។ ចំណែកឯមន្ត្រីផ្សេងទៀតនៅក្នុងក្រសួងកិច្ចការសាសនានេះ ក៏មិនអាចទាក់ទងបានដែរ។
ព្រះសង្ឃ Wirathu ប្រហែលត្រូវហាមឃាត់ ប៉ុន្តែចលនាជាតិនិយមនៅតែរឹងមាំ
សមាជិកជាន់ខ្ពស់មួយរូបរបស់គណៈកម្មាធិការការពារជាតិសាសន៍ និងសាសនា ដែលមានឈ្មោះកាត់ថា Ma Ba Tha បាននិយាយថា ទោះបីជាព្រះសង្ឃ Wirathu ត្រូវហាមឃាត់ដោយសារតែសង្ឃដីការបស់ព្រះអង្គមានភាពរើសអើងក៏ដោយ ក៏វាមិនប៉ះពាល់ដល់ការគាំទ្រចលនាជាតិនិយមនោះទេ។
លោក Maung Maung សមាជិកមួយរូបនៃគណៈកម្មាធិការប្រតិបត្តិរបស់លោក Ma Ba Tha បាននិយាយយ៉ាងដូច្នេះថា៖ «ទោះបីជាអ្នកណាត្រូវហាមឃាត់ក៏ដោយ ក៏ការគាំទ្រចលនាជាតិនិយមនៅតែមានដដែល។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋទូទៅមានគំនិតនេះរួចស្រេចទៅហើយ»។
ព្រះសង្ឃ Wirathu ហាក់ដូចជាមិនមានគម្រោងដកខ្លួនចេញទាំងស្រុងនោះទេ។ បន្ទាប់ពីចេញដីកាហាមឃាត់នោះមក ព្រះអង្គបានបង្ហោះវីដេអូបង្ហាញអំពីរូបព្រះអង្គដែលមានស្កុតបិតពីលើមាត់របស់ព្រះអង្គ ដោយមានចាក់សំឡេងធម្មទេសនាអមជាមួយផងដែរ។
គណៈដឹកនាំខាងព្រះពុទ្ធសាសនានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ព្រះសង្ឃ Wirathu អាចប្រឈមនឹងវិធានការផ្លូវច្បាប់ ប្រសិនបើព្រះអង្គនៅបន្តចាក់ផ្សាយធម្មទេសនាដែលបានថតចម្លងទុកនេះទៀត ប៉ុន្តែសកម្មភាពនេះបានបង្ហាញថា ព្រះអង្គនឹងមិននៅស្ងៀមស្ងាត់នោះទេ៕
ប្រែសម្រួលដោយ សើ សាយ្យាណា