ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​មាន​ការ​និយាយ​ស្មានៗ​ពី​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ចិន ​សហរដ្ឋ​អាមេរិក ​បញ្ជាក់​ឡើង​វិញ​ពី​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា


ទីប្រឹក្សា​រដ្ឋ​ និង​រដ្ឋ​មន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី ត្រូវ​បាន​សម្តេច​ប៉ាប Francis ស្វាគមន៍​នៅ​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
ទីប្រឹក្សា​រដ្ឋ​ និង​រដ្ឋ​មន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី ត្រូវ​បាន​សម្តេច​ប៉ាប Francis ស្វាគមន៍​នៅ​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​​អាមេរិក​បន្ត​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ​ខណៈ​មាន​ការ​និយាយ​ស្មានៗ​ថា ​ប្រទេស​នេះ ​កំពុង​តែ​ទៅ​ទន់​ប្រ​ទេស​ចិន ​ហើយ​ថ្វីបើ​តាម​ការ​ពិត ​លោកស្រី​អង់សាន ស៊ូជី មេដឹកនាំ​មាន​អំណាចពិត​ប្រាកដ​មិន​បាន​ឆ្លៀតឱកាស​ជួប​ជាមួយ​លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក​​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​កាល​ពី​សប្តាហ៍​មុន​គេ។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Tillerson បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួលរដ្ឋ​មន្ត្រីការបរទេស​មក​ពី​សមាគម​អាស៊ានកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ជា​ជំនួប​មួយ​ដើម្បី​ពង្រឹងភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​ហើយ​នឹង​សមាជិក​១០ប្រទេស​របស់​សមាគម​ប្រជាជាតិ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន ​នេះបើយោង​តាម​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ជាមួយ​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​តំបន់នេះ ​លោក W. Patrick Murphy ឧបការី​រង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​ និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​ច្រាន​ចោល​ការ​និយាយថា អវត្តមានរបស់​លោកស្រី​អង់សាន ស៊ូជី ​គ្មាន​អ្វី​លើស​ពី​ជាប់​កម្មវិធី​ជាន់​ពេល​គ្នា​នោះ​ទេ។

លោក Murphy បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ចង់​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​ និង​មីយ៉ាន់ម៉ា ឬ​ភូមា ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ‍»។ ​សហរដ្ឋ​អាមេរិកនៅ​តែ​ហៅ​ប្រទេស​នោះ​ថា ភូមា ​ដែល​រដ្ឋាភិបាល​យោធា​បាន​ប្តូរ​ទៅ​ជា​មីយ៉ាន់​ម៉ា​នៅ​ឆ្នាំ​១៩៨៩។

លោក Murphy បាន​មាន​ប្រសាសន៍​ទៀត​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកស្រី​ ស៊ូជី​បាន​តំណាង​ឲ្យ​មីយ៉ាន់ម៉ា​ ហើយ​ថា ​លោក​បាន​ប្រគល់​លិខិត​មួយ​ច្បាប់ពី​លោកស្រី​ស៊ូជី​ជូន​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Tillerson ទោះ​យ៉ាង​នោះ​ក៏​ដោយ​លោក​មិន​បាន​បរិយាយ​លម្អិត​អំពី​អ្វី​ដែល​លិខិត​បាន​និយាយ​ទេ។

លោក Murphy បាន​ធ្វើ​ការ​ពន្យល់ថា ជា​ការ​ចៃដន្យ លោកស្រី​ទី​ប្រឹក្សា​រដ្ឋ​អង់សាន ស៊ូជី បាន​ប្តេជ្ញា​កាល​ពី​ពេល​មុន​ថា ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស។​ លោក​ស្រី​បាន​ស្ថិត​នៅ​តំបន់​អឺរ៉ុប​នៅ​សប្តាហ៍​នេះ។ ​ហើយការ​ប្តេជ្ញា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ដោយ​រារាំង​មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ដោយ​រដ្ឋ​ធម្មនុញ្ញ​ដែល​ព្រាងឡើង​ដោយពួក​យោធា លោក ស្រី​ស៊ូជី​បាន​កាន់​តំណែង​រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​ទីប្រឹក្សា​រដ្ឋ​នៅ​ពេល​ដែល​គណបក្ស​របស់​លោកស្រី​បាន​កាន់​អំណាច​កាល​ពី​ឆ្នាំ​ទៅ​បន្ទាប់​ពី​ការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ពួក​យោធា​អស់​រយៈ​ពេល​ជាង​២​ទសវត្សរ៍។

លោកស្រី​ស៊ូជី​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋ​បាល​របស់​លោក​អូបាម៉ា​ដែល​បានយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំងដល់​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​ជា​ពិសេសប្រទេស​មីយ៉ាន់ម៉ា ​ដោយបាន​ទម្លាក់​ចោល​ការ​ដាក់​ទណ្ឌកម្ម​ដែល​នៅ​សេសសល់​ប្រឆាំង​នឹង​ប្រទេស​នោះ។​

រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ ​បាន​ខិត​ខំ​នៅ​ពេល​ថ្មីៗ​នេះ​ដើម្បី​ទាក់​ទង​ជាមួយពួក​មេដឹកនាំ​អាស៊ាន។ ​បន្ថែម​ពីជំនួប​ជាមួយ​លោករដ្ឋ​មន្ត្រី​ការ​បរទេស Tillerson ​លោក​ប្រធានាធិបតី​ត្រាំ​បាន​ចេញ​សេចក្តី​អញ្ជើញ​ដាច់​ដោយ​ឡែក​ដល់​លោក Prayuth Chan-ocha មេដឹកនាំ​ថៃ​ និងលោក​ប្រធានាធិបតី Rodrigo Duterte នៃ​ប្រទេស​ហ្វីលីពីន​មក​កាន់​សេតវិមាន ​ដែល​កំពុង​បង្កើន​ការ​តវ៉ា​ប្រឆាំង​ពី​ពួក​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស។

លោក Prayuth បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​លោក Duterte បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​ថ្នាំ​ញៀន​ដែល​បាន​សម្លាប់​មនុស្សរាប់​ពាន់​នាក់។

សេចក្តី​អញ្ជើញ​ទាំង​នោះ គួប​ផ្សំ​ការ​មិន​យក​ចិត្ត​ដាក់​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​នឹងការ​ដក​ខ្លួន​របស់​លោកត្រាំ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដៃ​គូ​ឆ្លងកាត់មហា​ សមុទ្រ​ប៉ាស៊ីហ្វិក​ផង បាន​ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ថា រដ្ឋបាល​របស់​លោកត្រាំ​មាន​ឆន្ទៈ​មិន​អើពើ​ពី​ការ​រំលោភសិទ្ធិ​មនុស្សខណៈ​ដែល​មាន​ការ​និយាយ​ពី​ការ​ខ្វះ​ ទស្សនៈ​ចំពោះ​តំបន់​នោះ។ ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​បាន​ត្រូវ​គ្រប​ដណ្តប់​ដោយ​ការ​ពិភាក្សា​អំពី​ជម្លោះ​នៅ​ផ្នែក​នានា​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ប្រទេស​កូរ៉េ​ខាង​ជើង។​ មាន​សេចក្តី​រាយការណ៍​ថា លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Tillerson បាន​ជំរុញ​ឲ្យ​រដ្ឋ​ជា​សមាជិក​ស្ថិត​នៅឲ្យ​ឆ្ងាយពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក Paul Chambers ជា​គ្រូឧទ្ទេស​នៅ​ឯ​មហាវិទ្យាល័យ​មួយ​ដែល​សិក្សា​ពី​សហគមន៍​អាស៊ាន​នៅ​ក្នុង​ប្រទេស​ថៃ ​បាន​និយាយ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​អ៊ីម៉ែល​ថា «ផ្ទុយ​គ្នា​ទៅ​នឹង​ភាពប្រាកដ​ប្រជា​ និង​ការគាំទ្រ​សកម្មភាព​នៃ​គោល​នយោ​បាយ​របស់​រដ្ឋបាល​អូបាម៉ា​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍ ​គោល​នយោបាយ​របស់​ប្រធានា​ធិបតី​ត្រាំ​ចំពោះ​សមា​គម​អាស៊ាន ​(ដូចជា​កិច្ច​ព្រម​ព្រៀង​ TPPសិទ្ធិ​មនុស្ស ហើយជា​ពិសេសចំពោះ​ភូមា ​បាន​ត្រូវ​ជាប់​ផុង​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់ ភាព​យឺតយ៉ាវ​នៃ​ការ​ផ្ទេរ​តំណែង​ប្រធានា​ធិបតី ​ការ​កាត់​បន្ថយ​ថវិកា​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និង​អាទិភាព​ដែល​បាន​ប្រកាស​ជា​សាធារណៈ​របស់​ប្រធានាធិបតី​ត្រាំ​ដែល ​«គិត​ពី​ប្រទេស​អាមេរិក​មុន‍»។

លោក​បាន​និយាយ​ទៀត​ថា «ការណ៍​នេះ​ជា​ការ​ងឿង​ឆ្ងល់​ដ៏​តូច​មួយ​ថា ​មីយ៉ាន់ម៉ា ​នៅ ពេល​បច្ចុប្បន្ន​នេះ​ហាក់​ដូចជា​ងាក​ទៅ​ប្រទេស​ចិន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​កំពុង​ស្វះស្វែង​ផ្តល់​ការ​វិនិយោគទុន​យ៉ាង​សម្បើម​ និង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ខណៈ​ដែល​រដ្ឋ​បាល​របស់​លោក​ត្រាំ ​ហាក់​ដូចជា​មាន​ការ​យល់​ច្រឡំ​ពី​ការ​បកស្រាយ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន។ ប្រទេស​មីយ៉ាន់ម៉ាកាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​មួយ​ដើម្បី​បញ្ជូន​ប្រេង​ទៅ​កាន់​ប្រទេស​ចិន​តាម​បំពង់​បង្ហូរ​ប្រេង ​ខណៈ​ដែល​ចិន ​បាន​ក្លាយ​ជា​កត្តា​មួយ​នៅ​ក្នុង​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ជន​ជាតិ​ភាគ​តិច ​និង​ក្រុម​ប្រដាប់​អាវុធ។

កាលពី​ខែ​មុន មន្ត្រី​ចិន​ម្នាក់​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters ថា រដ្ឋាភិបាល​ចិន អាច​ជួយ​សម្រុះ​សម្រួល​ជម្លោះរវាង​ប្រទេស​មីយ៉ានម៉ា​ និង​បង់ក្លាដែស។ ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាមរាប់​ម៉ឺននាក់បាន​ឆ្លង​កាត់​ព្រំ​ដែនចូល​ក្នុង​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ចេញ​ពី​ការ​បង្ក្រាប​ដ៏​ប្រល័យ​ដោយ​ពួក​យោធាមីយ៉ាន់ម៉ា​នៅ ពេល​ដែលខ្លួន​ស្វះស្វែង​កម្ទេច​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ វាយ​ប្រហារ​ប៉ុស្តិ៍​យាម​ល្បាត​ព្រំ​ដែន​កាល​ពី​ខែ​តុលា​ដែល​បាន​សម្លាប់​មន្ត្រី​ប៉ូលិស​៩​នាក់។

ទោះ​យ៉ាង​ណា​ក៏ដោយ នៅ​ដើម​សប្តាហ៍​នេះ ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្រសួង​កិច្ច​ការ​បរទេស​មីយ៉ាន់ម៉ា ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters ថា «យើង​នឹង​មិន​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ណា​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ប្រទេស​មួយ​ផ្សេង​ទៀត​ទេ‍»៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG