សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យរួមគ្នា កាលពីថ្ងៃអង្គារ បានជំរុញឲ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការបិទខ្ទប់នូវប្រាក់ចំណូលរបស់ក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសនេះ ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើរដ្ឋប្រហារនិងការបង្រ្កាបដោយអំពើហិង្សាទៅលើក្រុមអ្នកប្រឆាំងតវ៉ា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ លោក Jeff Merkley និងសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក Marco Rubio ដោយរួមជាមួយសមាជិកព្រឹទ្ធសភាបួនរូបផ្សេងទៀត បានស្នើតាមរយៈលិខិតមួយច្បាប់ ទៅឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកអ្នកស្រី Janet Yellen ឲ្យពិនិត្យមើលនូវ«មធ្យោបាយថ្មីណាមួយ ក្នុងការគាំទ្រសកម្មភាពតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនភូមា ដែលកំពុងរងគ្រោះដោយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាន់តែធ្ងន់ធ្ងរនោះ»។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកទាំងនេះចង់ឃើញរដ្ឋបាលរបស់លោក Biden បញ្ឈប់ប្រភពប្រាក់ចំណូលពីក្រុមហ៊ុនថាមពលនានា ដូចជាពីក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិក Chevron ឱ្យទៅសហគ្រាសប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា (MOGE) ដែលជាក្រុមហ៊ុនថាមពលមួយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងថាមពលមីយ៉ាន់ម៉ានោះ។ ក្រុមហ៊ុនសហគ្រាសរដ្ឋមួយនេះ ជាអ្នកផ្គត់ផ្គង់ថវិកាដល់មេដឹកនាំយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះក៏មានប្រមុខយោធាឧត្តមសេនីយ៍ Min Aung Hlaing ផងដែរ ដែលលោកត្រូវបានដាក់ក្រោមទណ្ឌកម្មរបស់អាមេរិករួចហើយ។
ក្រុមសិទ្ធិមនុស្សបានជំរុញឲ្យក្រុមហ៊ុនថាមពលនានា ដែលក្នុងនោះរួមមានក្រុមហ៊ុនអាមេរិក Chevron និងក្រុមហ៊ុនប្រេងបារាំង Total កាត់ផ្តាច់ទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ និងចាប់អ្នកស្រីដាក់ឃុំ និងបង្រ្កាបទៅលើក្រុមអ្នកតវ៉ាប្រឆាំង។ រហូតមកដល់ពេលនេះ មានអ្នកតវ៉ាប្រឆាំងជាង៧៥០នាក់ហើយ ត្រូវបានកងកម្លាំងមីយ៉ាន់ម៉ា សម្លាប់ចាប់តាំងពីថ្ងៃរដ្ឋប្រហារមក៕