ខណៈដែលក្រុមអ្នកតស៊ូមតិទៅលើវិសោធនកម្មច្បាប់រឹតបន្តឹងនៅតាមប្រព័ន្ធអ៊ីនធឺណិត ស្វាគមន៍ប្រកបដោយការប្រុងប្រយ័ត្នចំពោះការផ្លាស់ប្ដូរនេះ មានមនុស្សជាច្រើនបានថ្លែងថា កំណែទម្រង់ដែលត្រូវបានស្នើឡើងនេះ ប្រាសចាកពីកំណែទម្រង់ដែលមានជំហរច្បាស់លាស់ ហើយមិនបានលុបបំបាត់ចោលឫសគល់នៃបញ្ហារបស់ច្បាប់នេះនោះទេ។
មីយ៉ាន់ម៉ាត្រូវបាននាយកប្រតិបត្តិនៃគណៈកម្មការការពារក្រុមអ្នកសារព័ត៌មានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានច្បាប់ប្រព័ន្ធផ្សព្វផ្សាយដ៏អាក្រក់បំផុតនៅលើពិភពលោក ដែលមាត្រា66d គឺជាផ្នែកមួយនៃច្បាប់ទូរគមនាគមន៍ឆ្នាំ២០១៣ ដែលត្រូវបានអនុម័តក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Thein Sein ដែលមានក្រុមយោធានៅពីក្រោយ។
ច្បាប់អ៊ីនធឺណិតមួយដែលគំរាមកំហែងសេរីភាពក្នុងការបញ្ចេញមតិ
មាត្រា 66d ដែលត្រូវបានអនុម័ត ខណៈប្រទេសមីយ៉ាន់ម៉ាកាលនៅជាប្រទេសដាច់ពីគេឯងមួយបានចាប់ផ្ដើមអនុញ្ញាតឲ្យបណ្ដាក្រុមហ៊ុននានាប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតគ្រប់ទិសទីនិងមានតម្លៃសមរម្យមួយនោះ បានអនុញ្ញាតឲ្យមានការចាប់ដាក់ពន្ធនាគាររហូតដល់ទៅ៣ឆ្នាំ ចំពោះជនណាដែលត្រូវបានកាត់ទោសពីបទគំរាមកំហែង បង្ខិតបង្ខំ រារាំងភាពយុត្តិធម៌ បរិហារកេរ្តិ៍ រំខាន បំភិតបំភ័យទៅលើបុគ្គលណាម្នាក់ដោយប្រើប្រាស់បណ្ដាញទូរគមនាគមន៍ណាមួយ»។
ច្បាប់នេះកម្រត្រូវបានប្រើប្រាស់ក្រោមការគ្រប់គ្រងរបស់លោក Thein Sein ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញថា ករណីនេះបានកើនឡើងយ៉ាងខ្លាំងពី៧ករណីទៅដល់ ជាង៦០ករណី ចាប់តាំងពីម្ចាស់ពានរង្វាន់ណូបែលសន្តិភាពគឺលោកស្រី Aung San Suu Kyi ឡើងកាន់អំណាចកាលពីជាងមួយឆ្នាំមុន បន្ថែមជាមួយនឹងពាក្យបណ្ដឹងច្រើនទៀតដែលមិនទាន់ត្រូវបានសម្រេចយកទៅជំនុំជម្រះ។
ក្រុមអ្នកនិពន្ធ អ្នកកាសែត និងពលរដ្ឋទូទៅ ត្រូវឡើងតុលាការឬជាប់គុក បន្ទាប់ពីពួកគេបានរិះគន់ ឬចេញផ្សាយការរិះគន់ទៅលើរដ្ឋាភិបាលនិងយោធានៅលើប្រព័ន្ធអ៊ីនធឺណិត។
ប៉ុន្មានខែក្រោយមានការប្រឆាំងតវ៉ានឹងការកើនឡើងនៃរឿងក្ដីទាំងនោះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងទំនាក់ទំនងរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនសេចក្ដីព្រាងវិសោធនកម្មច្បាប់ទៅកាន់ក្រុមតំណាងរាស្ត្រកាលពីដើមខែនេះ។ ការធ្វើវិសោធនកម្មទាំងនោះរួមបញ្ចូលការអនុញ្ញាតឲ្យបង់ប្រាក់ធានាជនសង្ស័យ ការរារាំងភាគីទី៣ពីការដាក់ពាក្យបណ្ដឹង និងការលុបចោលឃ្លាថា «គំរាមកំហែង ការរារាំងភាពយុត្តិធម៌» និង«ការបំភិតបំភ័យ» ពីច្បាប់នោះ។ ប៉ុន្តែមកទល់ពេលនេះ ពួកគេមិនមានបំណងចង់លុបចោលពាក្យថា «បរិហារកេរ្តិ៍» ពីមាត្រានេះនោះទេ ហើយនៅរក្សាទុកទោសព្រហ្មទណ្ឌឲ្យនៅដដែល។
ការរិះគន់ទៅលើសំណើវិសោធនកម្មច្បាប់
លោក Myint Kyaw សមាជិកក្រុមប្រឹក្សាអ្នកសារព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ាបានថ្លែងថា៖«តាមគំនិតរបស់ខ្ញុំគឺវាមិនគ្រប់គ្រាន់នោះទេ ពីព្រោះពួកគេនៅតែរក្សាឃ្លាជាច្រើននៅក្នុងច្បាប់នោះ ហើយចំណុចមួយទៀតគឺពាក្យថា «បរិហារកេរ្តិ៍» មិនត្រូវបានពន្យល់ឲ្យបានច្បាស់លាស់ទៅតាមផ្លូវច្បាប់នោះទេ ហើយក៏នៅមិនទាន់មានលក្ខន្តិកៈណាមួយនៅឡើយផងដែរ»។
លោកបានបន្ថែមថា ដោយសារតែកង្វះខាតការបញ្ជាក់ឲ្យបានច្បាស់លាស់នេះហើយ ទើបការធ្វើអត្ថាធិប្បាយនិងការបង្ហោះសារនៅលើប្រព័ន្ធអ៊ីនធឺណិត អាចនាំឲ្យមានបញ្ហា។
លោកសង្ឃឹមថា ការតស៊ូមតិអាចនឹងឡើងដល់សភា ខណៈដែលការធ្វើវិសោធនកម្មកំពុងត្រូវបានជជែកដេញដោល ប៉ុន្តែលោកមានមន្ទិលអំពីប្រសិទ្ធភាពនៃការតស៊ូមតិនេះ ពីព្រោះសភាដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យប្រើប្រាស់អំណាចប្រមូលផ្ដុំ។
ការវិភាគមួយទៅលើច្បាប់ដែលត្រូវបានយកមកពិនិត្យឡើងវិញដោយក្រុមចម្រុះដើម្បីចលនាកំណែទម្រង់ច្បាប់ទូរគមនាគមន៍និងដើម្បីលុបចោលមាត្រា 66d របស់សម្ព័ន្ធអង្គការដែលមានក្រុមសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយចំនួន២២រួមបញ្ចូលគ្នាបានបង្ហាញថា វិសោធនកម្មច្បាប់នេះនឹងលុបចោលវិធានការការពារមួយដែលតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងដឹកជញ្ជូននិងទូរគមនាគមន៍ មុននឹងរឿងក្តីនេះ អាចបន្តទៅមុខទៀតបាន។
ក្រុមចម្រុះនេះស្នើឲ្យប្រឆាំងការអនុម័តការធ្វើវិសោធនកម្មច្បាប់នេះ។
ការជជែកដេញដោលនៅបន្ត
បញ្ហាជាមួយនឹងមាត្រា 66d ក៏បានបង្ហាញឲ្យឃើញពីចំណុចខ្វះខាតនៃច្បាប់ទូរគមនាគមន៍ខ្លួនឯងផងដែរ ដូចជាបញ្ហាឯកជនភាពនៅលើប្រព័ន្ធអ៊ីនធឺណិត និងឧបសគ្គចំពោះការវិវឌ្ឍទៅមុខនៃវិស័យបច្ចេកវិទ្យា ពិសេសជាមួយនឹងការបង្កើតខ្លឹមសារដែលបង្កើតឡើងដោយអ្នកប្រើប្រាស់នៅលើវេទិកាក្នុងស្រុក។
លោកស្រី Htaike Htaike Aung នាយកប្រតិបត្តិនៃអង្គការព័ត៌មាននិងទំនាក់ទំនងបច្ចេកវិទ្យាដើម្បីការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា ឬហៅកាត់ថា MIDO បានថ្លែងថា៖ «ដូច្នេះ ចាត់ទុកថា មនុស្សម្នានាំគ្នាបង្ហោះមាតិកាព័ត៌មាននៅលើប្រព័ន្ធអ៊ីនធឺណិត ហើយបន្ទាប់មក ប្រសិនបើរដ្ឋាភិបាលមិនត្រឹមតែចោទប្រកាន់ប្រឆាំងនឹងឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែពួកគេក៏បានចោទប្រកាន់ប្រឆាំងនឹងគំនិតបង្កើតថ្មីឬវេទិកាទាំងអស់នោះផងដែរទៅ ដូច្នេះហើយច្បាប់នោះនឹងរារាំងមនុស្សគ្រប់គ្នាពីការបង្កើតវេទិកាក្នុងស្រុកតាមប្រព័ន្ធអ៊ីនធឺណិត»។
សំណើឲ្យពិនិត្យឡើងវិញទាំងនេះ ផ្ទុយទៅវិញ តំណាងឲ្យដំណើរទៅមុខតិចតួចសម្រាប់ក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងមាត្រា 66d។
ស្ថានទូតអាមេរិកនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្ដីថ្លែងការណ៍ដែលមានខ្លឹមសារថា៖ «យើងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃមាត្រា 66d ទៅលើសេរីភាពក្នុងការបញ្ចេញមតិ ហើយយើងស្វាគមន៍ចំពោះការជជែកដេញដោលយ៉ាងសកម្មនិងស្វាគមន៍ចំពោះចលនានៃការធ្វើវិសោធនកម្មច្បាប់នេះ ដែលយើងចាត់ទុកថាជាជំហានមួយធ្វើឡើងទៅតាមទិសដៅដែលត្រឹមត្រូវមួយ»។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងទូរគមនាគមន៍របស់ប្រទេសមីយ៉ាន់ម៉ា មិនអាចទាក់ទងដើម្បីសុំការធ្វើអត្ថាធិប្បាយបាននោះទេ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា