បេសកជនពិសេសទទួលបន្ទុកខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកំពុងតែជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាបញ្ចប់នូវអ្វីដែលលោកស្រីហៅថាជា «ការរើសអើងរបស់សង្គម» ទៅលើអ្នកកាន់សាសនាឥស្លាមជាអាទិភាពបន្ទាន់។
អ្នករាយការណ៍សិទ្ធិមនុស្សពិសេសអង្គការសហប្រជាជាតិ លោកស្រី Yanghee Lee ដែលបានបញ្ចប់បេសកកម្មរយៈពេលពីរសប្តាហ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រថា «លក្ខខណ្ឌទាំងអស់នោះផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើជីវិតរស់នៅ ដោយរួមបញ្ចូលទាំងការទទួលបានសេវាកម្មមូលដ្ឋាននិងជីវភាពប្រចាំថ្ងៃផងដែរ។»
លោកស្រី Lee បានមានប្រសាសន៍យ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា ភាពតានតឹងដែលកើតឡើងដោយសារតែជម្លោះសាសនានៅតែកើតមាននៅក្នុងសង្គមមីយ៉ាន់ម៉ា។ ការសម្តែងមតិស្អប់ខ្ពើម ការលើកទឹកចិត្តឲ្យរើសអើង ការស្អប់ខ្ពើម អំពើហិង្សា និងការមិនអត់ឱនផ្នែកសាសនានៅតែបន្តជាមូលហេតុនៃការព្រួយបារម្ភ។
លោកស្រីបានមានប្រសាសន៍បន្តថា ភាពស្ទាក់ស្ទើររបស់រដ្ឋាភិបាលក្នុងការបង្រ្កាបជនដៃដល់ដែលប្រព្រឹត្តអំពើហិង្សាខាងសាសនាដែលបង្កឲ្យមានការភ័យខ្លាចថា វានឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង ផ្ញើជាសញ្ញាណដ៏ខុសឆ្គងមួយ។
លោកស្រី Lee ក៏បានរិះគន់ទៅលើស្ថានភាពជំរំសម្រាប់ជនផ្លាស់លំនៅក្នុងស្រុក រ៉ូហ៊ីងយ៉ា ដែលកាន់សាសនាឥស្លាមផងដែរ។ លោកស្រីបានជំរុញឲ្យអាជ្ញាធរបន្ធូរបន្ថយការដាក់កំហិតទៅលើសេរីភាពរបស់ពួកគេក្នុងការប្តូរលំនៅ ដែលធ្វើឲ្យពួកគេមានការលំបាកក្នុងការស្វែងរកការងារ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រី អង់សាន ស៊ូជី ជ័យលាភីពានរង្វាន់ណូប៊ែល បានឡើងកាន់អំណាចកាលពីខែមិនា បន្ទាប់ពីស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាអស់រយៈពេល៥០ឆ្នាំ។
ប៉ុន្តែការស្អប់ខ្ពើមនិងភាពមិនជឿជាក់លើគ្នារវាងអ្នកកាន់សាសនាព្រះពុទ្ធនិងអ្នកកាន់សាសនាភាគតិច ជាពិសេសអ្នកកាន់សាសនាឥស្លាម បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយជារឿយៗតែងតែនាំឲ្យអំពើហិង្សា។
អ្នកកាន់សាសនាព្រះពុទ្ធបានដុតវិហារឥស្លាម វាយប្រហារទៅលើអ្នកកាន់សាសនាឥស្លាម និងរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកកាន់សាសនាផ្សេងទៀត៕