មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់និងជាអ្នកផ្គត់ផ្គង់សព្វាវុធដល់របបយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Min Aung Hlaing ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ បានចាកចេញពីរដ្ឋធានីណៃពិដោរដោយមានការអមដំណើរដោយក្រុមមន្ត្រីជាន់ខ្ពស់និងគ្រោងជួបជាមួយនឹងលោក Putin នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមផ្នែកព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ា។
ជំនួបនៅទីក្រុងមូស្គូនេះនឹងក្លាយជាជំនួបលើកដំបូងបង្អស់រវាងលោក Min Aung Hlaing និងលោក Putin ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា៖ «ភាគីទាំងពីរនឹងពិភាក្សាអំពីក្ដីរំពឹងនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ទៅវិញទៅមករវាងរុស្ស៊ីនិងមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហាអន្តរជាតិនានានៅពេលបច្ចុប្បន្ននេះផងដែរ»។
ក្រុមបស្ចិមប្រទេសបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមីយ៉ាន់ម៉ាតាំងពីរដ្ឋប្រហារឆ្នាំ ២០២១ មក និងលើរុស្ស៊ីតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២ មក។
អ្នកវិភាគថា ប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងខ្លាំងក្លាជាមួយនឹងប្រទេសជាមិត្តផ្សេងៗដើម្បីប៉ះប៉ូវទណ្ឌកម្មធ្ងន់ធ្ងរនានា៕
វេទិកាបញ្ចេញមតិ