ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ មីយ៉ាន់ម៉ា​នាំមុខ​ខាង​បិទ​អ៊ីនធឺណិត​នៅ​ក្នុង​ឆ្នាំ ២០២៤


រូបឯកសារ៖ យុវជន​ប្រើទូរសព្ទ​ពួកគេ​នៅទីក្រុង Naypyidaw កាលពីថ្ងៃទី​១៦ មីនា ឆ្នាំ២០២១។
រូបឯកសារ៖ យុវជន​ប្រើទូរសព្ទ​ពួកគេ​នៅទីក្រុង Naypyidaw កាលពីថ្ងៃទី​១៦ មីនា ឆ្នាំ២០២១។

នៅ​ក្នុង​ឆ្នាំ​ដែល​មាន​ការ​បិទ​អ៊ីនធឺណិត​ច្រើន​ជាង​គេ​បំផុត​ក្នុង​កំណត់ត្រា បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ដាក់​កំហិត​តឹងតែង​បំផុត។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ។

ប្រទេស​មីយ៉ាន់ម៉ា​គឺជា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​អាក្រក់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​មាន​ការ​បិទ​អ៊ីនធឺណិត​ចំនួន ៨៥ ដង​កាលពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ Access Now ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​ឌីជីថល។

របាយការណ៍​នេះ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ បាន​បង្ហាញ​ថា​អាជ្ញាធរ​នៅ​ជុំវិញ​ពិភពលោក​បាន​ដាក់​កំហិត​បិទ​អ៊ីនធឺណិត​ចំនួន ២៩៦ ដង​នៅ​ក្នុង​ប្រទេស​ចំនួន ៥៤។ អង្គការ Access Now បាន​រកឃើញ​ថា មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ការ​បិទ​នេះ​គឺ​សង្គ្រាម ហើយ​បន្ទាប់​មក​គឺ​ការ​តវ៉ា ការ​ប្រឡង​នៅ​តាម​សាលា​ឬ​សាកលវិទ្យាល័យ និង​ការ​បោះឆ្នោត។

សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របាយការណ៍​នេះ​បាន​រកឃើញ​ថា ការបិទ​អ៊ីនធឺណិត​បាន​ធ្វើឡើង​ចំនួន ២០២ ដង​នៅក្នុង​ប្រទេស​ឬ​ក៏​ដែនដី​ទាំងអស់​ចំនួន ១១។ នេះ​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​ដែល​អង្គការ Access Now បាន​រកឃើញ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​តំបន់​នេះ។

ប្រទេស​ចំនួន ៣ ដែល​មាន​កំណត់ត្រា​អាក្រក់​ជាងគេ​បំផុត​គឺ​សុទ្ធតែ​ស្ថិត​នៅ​ទ្វីប​អាស៊ី ដោយ​ក្នុង​នោះ​ការ​បិទ​អ៊ីនធឺណិត​មាន​ចំនួន ១៩០ ដង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ការ​បិទ​អ៊ីនធឺណិត​នៅ​ឥណ្ឌា​និង​ប៉ាគីស្ថាន​មាន​ចំនួន​ប្រហែល ៦៤% នៃ​ការ​បិទ​ទាំងអស់​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ឆ្នាំ ២០២៤។ ឥណ្ឌា​ដែល​ជា​រឿយៗ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​មាន​ករណី​បិទ​អ៊ីនធឺណិត​ចំនួន ៨៤ ករណី។

VOA បាន​ទាក់ទង​របប​យោធា​មីយ៉ាន់ម៉ា​និង​ស្ថានទូត​ឥណ្ឌា​និង​ស្ថានទូត​ប៉ាគីស្ថាន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​សុំ​មតិ​លើ​រឿង​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ទេ​គិត​ត្រឹម​ពេល​ចេញ​ផ្សាយ​អត្ថបទ​នេះ។

លោក Raman Jit Singh Chima ប្រធាន​ផ្នែក​គោល​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ Access Now បាន​ព្រមាន​អំពី​ការ​កើនឡើង​នៃ​របប​អាជ្ញាធិបតេយ្យ​ឌីជីថល​នៅ​អាស៊ី។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការបិទ [អ៊ីនធឺណិត] ទាំងនេះ​ធ្វើឲ្យ​សង្គម​គ្មាន​ស្ថិរភាព ធ្វើឲ្យ​អន្តរាយ​ដល់​វឌ្ឍនភាព​ឌីជីថល ធ្វើឲ្យ​សហគមន៍​ទាំងមូល​ជួប​ហានិភ័យ និង​ផ្ដល់​នូវ​និទណ្ឌភាព​ទាំងស្រុង​សម្រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស។ អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​មីយ៉ាន់ម៉ា​និង​ប៉ាគីស្ថាន​ជាដើម​កំពុង​ផ្ដាច់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ពី​ពិភពលោក​ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ទាំងអស់ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​កើនឡើង​នៃ​របប​អាជ្ញាធិបតេយ្យ​ឌីជីថល​នៅ​អាស៊ី»។

អង្គការ Access Now បាន​ប្រមូល​ទិន្នន័យ​អំពី​ការ​បិទ​អ៊ីនធឺណិត​ដូចជា​ការ​កាត់ផ្ដាច់​ខ្សែ​អ៊ីនធឺណិត ការ​រឹបអូស​ឧបករណ៍​អ៊ីនធឺណិត ការ​បិទ​ទំព័រ​អ៊ីនធឺណិត​នានា និង​បទបញ្ជា​សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍​នានា​ជាដើម។

«ការ​ចាប់​កំណើត​ឡើងវិញ​នៃ​វិទ្យុ»

ចាប់តាំងពី​បាន​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក របប​យោធា​មីយ៉ាន់ម៉ា​បាន​បិទ​អ៊ីនធឺណិត​ជា​ប្រចាំ។ របប​នេះ​ថា ការ​បិទ​នេះ​គឺ​ដើម្បី​រក្សា «ស្ថិរភាព» និង​បង្ការ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​ចែកចាយ​ព័ត៌មាន​ប្រឌិត​និង​ព័ត៌មាន​ក្លែងក្លាយ។

ស្របពេល​នេះដែរ របប​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់​អ្នក​កាសែត​រាប់​សិប​នាក់​ដាក់​ពន្ធនាគារ​និង​ដក​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្នុង​ចំណោម​ការ​បិទ​អ៊ីនធឺណិត​ទាំង ៨៥ ដង​នៅ​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ​មុន ការ​បិទ​ចំនួន ៣១ ដង​គឺ​កើតឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​មាន​ការ​កត់ត្រា​ត្រឹមត្រូវ និង​យ៉ាងតិច ១៧ ដង​កើតឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ជន​ស៊ីវិល។ នេះ​បើ​តាម​ការ​រកឃើញ​របស់​អង្គការ Access Now។

ការ​រកឃើញ​នេះ​បាន​ធ្វើឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដ៏​អាក្រក់​បំផុត​ផ្នែក​សិទ្ធិ​ឌីជីថល​សម្រាប់​រយៈពេល ៤ ឆ្នាំ​ជាប់ៗ​គ្នា។

លោក Toe Zaw Latt អ្នក​កាសែត​ជើង​ចាស់​មកពី​មីយ៉ាន់ម៉ា បាន​ប្រាប់ VOA ថា «គ្មាន​អ្វី​គួរឲ្យ​ភ្ញាក់ផ្អើល​ទេ» ដែល​មីយ៉ាន់ម៉ា​ស្ថិត​នៅ​លើ​កំពូល​តារាង​នោះ។

លោក​និយាយ​ដូច្នេះ​ថា៖ «មីយ៉ាន់ម៉ា​មាន [កំណត់ត្រា] បំបិទ​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​ដ៏​អាក្រក់​បំផុត។ [យោធា​មីយ៉ាន់ម៉ា​ធ្វើ​ដូច​នេះ] ដើម្បី​កុំឲ្យ​មនុស្ស​ភាគច្រើន​អាច​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ​ឬ​ក៏​អាច​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​បាន ជាពិសេស​យុវជន​ក្មេងៗ។ ពួកគេ​ចង់​ឲ្យ​មាន​ការពិត​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ ដែល​នោះ​គឺ​ការពិត​ចេញ​ពី​ជ្រុង​យោធា»។

លោក Zaw Latt បាន​និយាយ​ថា របប​យោធា​មីយ៉ាន់ម៉ា​កំពុង​ព្យាយាម​រារាំង «លទ្ធភាព​ដោយ​ឯករាជ្យ​ណាមួយ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត»។

លោក Zaw Latt ដែល​ជា​អ្នក​កាសែត​អស់​រាប់​ទសវត្សរ៍​មក​ហើយ ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន​ឯករាជ្យ​មីយ៉ាន់ម៉ា (Independent Press Council Myanmar) ផងដែរ។ លោក​បាន​និយាយ​ថា ការ​បិទ​អ៊ីនធឺណិត​ទាំងនេះ​បាន​បណ្ដាល​ឲ្យ​វិទ្យុ «ចាប់​កំណើត​ឡើងវិញ»។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ទូទាំង​ពិភពលោក វិទ្យុ​គឺ​បាត់បង់​អស់​ហើយ ប៉ុន្តែ​វា​បាន​ចាប់​កំណើត​ឡើងវិញ​នៅ​មីយ៉ាន់ម៉ា ដោយសារតែ​វា​មាន​តម្លៃ​ថោក​និង​គេ​អាច​បើក​ស្ដាប់​បាន។ សូម្បី​អ្នក​ខ្លះ​ទៀត​ក៏​ត្រឡប់​ទៅ​រក​ការ​បោះពុម្ព​ដូច​សម័យ​ដើម​វិញ​ដែរ​ដោយសារតែ​ការ​បិទ​អ៊ីនធឺណិត​ទាំងនេះ»។

ទោះជា​យ៉ាងណា​ក៏ដោយ លោក Zaw Latt បាន​និយាយ​ថា វា​មិន​អាច​ទៅរួច​ទេ​ដែល​ត្រូវ​កាត់ផ្ដាច់​អ៊ីនធឺណិត​ទាំងស្រុង «ដោយសារតែ​មនុស្ស​នៅតែ​អាច​រក​វិធី​ផ្សេង​បាន​ដូច្នេះ​ដែរ»។

ស្របពេល​ជាមួយ​នឹង​ការ​បិទ​អ៊ីនធឺណិត​នេះ របប​យោធា​មីយ៉ាន់ម៉ា​បាន​អនុម័ត​ច្បាប់​ដើម្បី​គ្រប់គ្រង​បន្ថែម​លើ​ការ​រាយការណ៍ព័ត៌មាន។

កាលពី​ថ្ងៃ​ទី ១ ខែ​មករា ប្រទេស​មីយ៉ាន់ម៉ា​បាន​អនុម័ត​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​មួយ​ដោយ​ហាម​ឃាត់​ការ​ប្រើ​បណ្ដាញ VPNs ដែល​មនុស្ស​ប្រើ​ដើម្បី​ចូល​មើល​ព័ត៌មាន​ណា​ដែល​ត្រូវបាន​បិទ​ឬ​ហាម​ប្រាម។ ច្បាប់​នេះ​ដាក់​ទោស​អ្នក​ណា​ដែល​ចែកចាយ​ព័ត៌មាន​ដែល​ទទួល​បាន​ពី​វេបសាយ​ដែល​ហាម​ឃាត់​ទាំងនេះ។ អ្នក​ជំនាញ​ថា នេះ​គឺជា​ការ​ប៉ុនប៉ង​មួយ​ទៀត​របស់​របប​យោធា​មីយ៉ាន់ម៉ា​ក្នុង​ការ​គាប​សង្កត់​ព័ត៌មាន​សាធារណៈ។

ប្រទេស​នៅ​អាស៊ី​ពីរ​ទៀត​គឺ​ម៉ាឡេស៊ី​និង​ថៃ​ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រទេស​បិទ​អ៊ីនធឺណិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ ដែល​នេះ​គឺ​ជា​លើក​ដំបូង​សម្រាប់​ប្រទេស​ទាំងពីរ​នេះ។

ប្រទេស​ថៃ​ស្ថិត​នៅ​ក្នុង​បញ្ជី​នេះ​បន្ទាប់ពី​ប្រទេស​នេះ​បាន​បិទ​អគ្គិសនី​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​ជាប់​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​បង្ក្រាប​លើ​មណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​មីយ៉ាន់ម៉ា។ មណ្ឌល​ឆបោក​ទាំងនេះ​បាន​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ធ្លាក់​ចូល​ក្នុង​ពលកម្ម​ដោយ​បង្ខំ​និង​ឲ្យ​បោក​ប្រាស់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ពី​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក។

សម្រាប់​សេរីភាព​សារព័ត៌មាន​ជារួម​នៅ​តំបន់​អាស៊ី​បូព៌ា​វិញ​គឺ​នៅ​បន្ត​ធ្លាក់ចុះ។ នេះ​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters without Borders)។ អង្គការ​នេះ​បាន​រាយការណ៍​ថា ប្រទេស​ចំនួន ២៦ ក្នុង​ចំណោម ៣១ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ការ​ធ្លាក់ចុះ​សេរីភាព​សារព័ត៌មាន​នៅ​រវាង​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៤៕

ប្រែសម្រួល​ដោយ​លោក​ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG