រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ានិងតំណាងក្រុមមកពីក្រុមឧទ្ទាមជនជាតិភាគតិចសំខាន់ៗចំនួន១៦ បានចុះហត្ថលេខាលើសេចក្តីព្រាងឈប់បាញ់គ្នាមួយ ដែលមានគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធអស់រយៈពេលជាច្រើនទសវត្សរ៍នោះ។
ថ្លែងនៅឯការចុះហត្ថលេខានៅថ្ងៃអង្គារនេះក្នុងទីក្រុងយ៉ាំងហ្គោន ប្រធានាធិបតី Thein Sein បានសរសើរគម្រោងកិច្ចព្រមព្រៀងសន្តិភាពថា ជាជំហានទីមួយឆ្ពោះទៅកាន់ការសន្ទនាខាងនយោបាយជាមួយក្រុមឧទ្ទាម។
មុនពេលកិច្ចព្រមព្រៀងចុងក្រោយត្រូវចុះហត្ថលេខា ក្រុមឧទ្ទាមដំបូងមានផែនការធ្វើសន្និសីទដើម្បីបញ្ចប់លក្ខខណ្ឌនោះ។ គ្មានកាលបរិច្ឆេទសម្រាប់សន្និសីទនោះត្រូវបានកំណត់ទេ។
អង្គការសហប្រជាជាតិបានសរសើរសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេសជាតិ ឬ NCA ថាជាសមិទ្ធិផលជាប្រវត្តិសាស្រ្តនិងសំខាន់មួយ។
លោក Vijay Nambiar ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចុះហត្ថលេខាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា ជាជំហានមុនដំបូងឆ្ពោះទៅកាន់ការសន្ទនាកាន់តែធំឡើងដើម្បីដោះស្រាយបញ្ហានយោបាយនិងយោធាដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការរួបរួមនិងចុះសម្រុងគ្នារបស់មីយ៉ាន់ម៉ានៅថ្ងៃអនាគត។
«កិច្ចព្រមព្រៀងនៅថ្ងៃនេះជាសញ្ញាមួយនៃកម្រិតថ្មីនៃការទុកចិត្តគ្នា ជឿជាក់ ហើយនិងកិច្ចសហប្រតិបត្តិការដែលកើតមានឡើងរវាងអតីតគូសត្រូវ ហើយពន្លកនៃការផ្លាស់ប្តូរក្នុងប្រទេសភូមាកំពុងចាប់ផ្តើមហើយ»៕