ពួកឧទ្ទាមនៅក្នុងតំបន់កូកាងនៃប្រទេសភូមានិយាយថា ការប្រយុទ្ធគ្នាបានរីកកាន់តែធំឡើងៗនៅក្នុងតំបន់នោះ ចាប់តាំងពីពួកយោធាបានចាប់ផ្តើមវាយប្រហារក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់ពួកឧទ្ទាមនៅសប្តាហ៍នេះមក។
លោក Tun Myat Lin អ្នកនាំពាក្យរបស់ពួកឧទ្ទាមកូកាងបានប្រាប់វីអូអេផ្សាយជាភាសាភូមាថា រដ្ឋាភិបាលកំពុងចាត់ទុកការវាយប្រហារនេះដូចជាខ្លួនកំពុងចាត់ការការឈ្លានពានរបស់ពួកបរទេសអញ្ចឹង។
លោក និយាយថា៖ «មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងកាលពីម្សិលមិញ។ ចាប់តាំងពីម៉ោង៥ព្រឹករហូតដល់ពាក់កណ្តាលយប់ ពួកគេនៅតែប្រយុទ្ធគ្នានៅឡើយ ហើយពួកគេបានប្រើប្រាស់កាំភ្លើងធំ។ ក៏ប៉ុន្តែ បន្ទាប់មក កាំភ្លើងធំត្រូវបានគេប្រើប្រាស់ពេញមួយយប់។ នៅថ្ងៃនេះ សូម្បីរហូតមកទល់ពេលនេះក៏ដោយ ពួកគេនៅតែប្រើកាំភ្លើងធំនៅឡើយ ហើយការប្រយុទ្ធគ្នាកំពុងកើតមាននៅឡើយនៅលើសមរភូមិ»។
លោកនិយាយទៀតថា ពួកឧទ្ទាម១៦០នាក់ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។
រដ្ឋាភិបាលមិនបានប្រាប់ឲ្យដឹងពីចំនួនមនុស្សស្លាប់ឬរងរបួសផ្លូវការទេ ក៏ប៉ុន្តែ បណ្តាញផ្សាយព័ត៌មានដែលរៀបចំចាត់ចែងដោយរដ្ឋបានប្រាប់ឲ្យដឹងថា ទាហាន២នាក់បានស្លាប់ ហើយ៥នាក់ទៀតបានរងរបួសក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅជិតទីក្រុង Laukkai នៅក្នុងសប្តាហ៍នេះ។
កាសែត Global Times របស់រដ្ឋចិនបានរាយការណ៍ថា ភូមាបានស្នើផ្តល់ប្រាក់សំណងជាង១ម៉ឺន១ពាន់ដុល្លាសម្រាប់ក្រុមគ្រួសារជាតិចិន៥គ្រួសារដែលបានស្លាប់ដោយសារការផ្ទុះគ្រាប់បែកដែលបង្កប់នៅព្រំដែនក្នុងទឹកដីចិនកាលពីសប្តាហ៍មុន៕