នៅក្នុងដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បន្តជំរុញឲ្យមេដឹកនាំរបបសឹក និងភាគីពាក់ព័ន្ធបង្ហាញឆន្ទៈក្នុងការដោះស្រាយវិបត្តិនានា ដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់មេដឹកនាំអាស៊ាន។
លោក ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចការងារជាលើកទីពីរទៅកាន់មីយ៉ាន់ម៉ា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានដែលត្រូវបានបង្ហោះក្នុងប្រព័ន្ធតេឡេក្រាមរបស់ក្រសួងការបរទេសកម្ពុជាកាលពីពេលថ្មីៗនេះ ឲ្យដឹងថា ក្នុងជំនួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីថ្ងៃទី៣០ ខែមិថុនា លោក ប្រាក់ សុខុន បានជជែកពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ស្ថានភាពនយោបាយ និងកិច្ចប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។
នាថ្ងៃដដែល លោក ប្រាក់ សុខុន ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin និងលោក Ko Ko Hlaing ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ជុំវិញប្រធានបទកិច្ចពិភាក្សាដូចខាងលើនេះផងដែរ។ នៅថ្ងៃទី១ ខែកក្កដា លោក ប្រាក់ សុខុន បានជួបជាមួយលោក យ៉ា ពេ្យ ( Yar Pyae)ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងបង្កើតសន្តិភាព ដើម្បីពិភាក្សាពីវិធីក្នុងការជំរុញការចរចាសន្តិភាពនៅមីយ៉ាន់ម៉ា។
ហើយនៅថ្ងៃទី២ ខែកក្កដា ប្រេសិតរបស់ប្រធានអាស៊ានក៏បានជួបជាមួយតំណាងគណបក្សនយោបាយចំនួន៧នៅមីយ៉ាន់ម៉ា ដោយបានផ្តោតពិភាក្សាពីស្ថានភាពនយោបាយ និងមនុស្សធម៌ជាក់ស្តែងតាមរដ្ឋនិងតំបន់នានា វិធីក្នុងការបន្ធូរបន្ថយស្ថានការណ៍និងជំរុញដំណើរការសន្តិភាព និងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក ឯកផាប់ ផាន់ថាវង្ស (Ekkaphab Phanthavong)អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន បានអមដំណើរេប្រសិតពិសេសអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន នៅក្នុងជំនួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា រដ្ឋមន្រ្តីការបទេសមីយ៉ាន់ម៉ានិងប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ និងគណបក្សនយោបាយចំនួន ៧នៅមីយ៉ាន់ម៉ា។
ក្រៅពីតំណាងរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា លោកប្រាក់ សុខុនក៏បានជួបជាមួយឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងភារៈធារីស្តីទីស្ថានទូតអូស្រា្តលីប្រចាំមីយ៉ាន់ម៉ា ដើម្បីពិភាក្សាពីវឌ្ឍនភាពកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច និងការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ាផងដែរ។
កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ កិច្ចព្រមព្រៀងនេះធ្វើឡើងជាង២ខែ បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ចេញពីតំណែង។ កិច្ចព្រមព្រៀងនោះរួមមានទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
យ៉ាងណាក្តី មកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា លោក ប្រាក់ សុខុន បានជួបជាមួយអតីតមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី អោងសាន ស៊ូជី ដែលត្រូវបានបញ្ជូនពីការឃុំខ្លួនក្នុងផ្ទះមកពន្ធនាគារ នៅក្នុងដំណើរទស្សនកិច្ចជាលើកទីពីររបស់លោកឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់វីអូអេនាថ្ងៃចន្ទនេះយ៉ាងខ្លីថា លោក ប្រាក់ សុខុននឹងត្រឡប់មកកម្ពុជាវិញនាថ្ងៃអង្គារ ទី៥ ខែកក្កដា ហើយសេចក្តីលម្អិតពីកិច្ចប្រជុំរបស់លោកនឹងត្រូវផ្តល់ជូននាពេលក្រោយ។
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណារ៉ា យល់ឃើញថាមានការវិវត្តទៅមុខឆ្ពោះទៅរកការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាជុំវិញដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន បន្ទាប់ពីលោកឃើញថាប្រេសិតរបស់ប្រធានអាស៊ានបានជួបជាមួយភាគីពាក់ព័ន្ធផ្សេងៗ ក្រៅពីរដ្ឋាភិបាលមីយ៉ាន់ម៉ា។
លោកថ្លែងថា៖ «អ៊ីចឹង ការជំរុញហ្នឹងអាចសង្ឃឹមថា មានការឈានទៅរកបទឈប់បាញ់ពេញលេញ ខុសពីការជួបលើកទីមួយរវាងប្រមុខរដ្ឋាភិបាលកម្ពុជាជាមួយនឹងមេដឹកនាំភូមាមីង អ៊ុងឡាំងដែលថា មានបទឈប់បាញ់ ប៉ុន្តែយើងធ្វើអត់បាន។ ប៉ុន្តែលើកនេះ យើងមានផលវិជ្ជមានច្រើនពីជំនួបចរចាពីភាគីពាក់ព័ន្ធរបស់ភូមា»។
លោកបន្ថែមថា ស្ថានភាពនៅមីយ៉ាន់ម៉ានឹងមានភាពប្រសើរជាងមុនបន្ថែមទៀត ប្រសិនបើកម្ពុជាអាចសម្រេចបាននូវបទឈប់បាញ់ ឬការបញ្ចប់អំពើហិង្សា ការនាំយកគ្រប់ភាគីពាក់ព័ន្ធមកតុចរចា និងការរៀបចំការបោះឆ្នោតឡើងវិញជាដើមនៅមីយ៉ាន់ម៉ា មុនពេលតំណែងជាប្រធានអាស៊ានត្រូវបានបញ្ចប់។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាព្យាយាមឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់របបសឹកភូមាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បើទោះមានការជំទាស់ពីមេដឹកនាំរបស់ប្រទេសមួយចំនួនក៏ដោយ។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្រ្តីការពារជាតិរបស់របបសឹកភូមា គឺលោក Mya Tun Oo ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការពារជាតិ ដោយផ្ទាល់ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕