ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា មិនបានជួបជាមួយមេដឹកនាំស៊ីវិល អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) នៅក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ាឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃចន្ទ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឲ្យដឹងថា ប្រេសិតពិសេស លោក ប្រាក់ សុខុន ទទួលបានការជូនដំណឹងថា លោកមិនអាចជួបជាមួយអ្នកស្រី អោងសាន ស៊ូជី បាននោះទេ ដោយសារអ្នកស្រី«កំពុងស្ថិតក្នុងនីតិវិធីតុលាការនៅឡើយ» ក្រោយពីមានសំណើសុំជួប។
វីអូអេ មិនបានទទួលការបញ្ជាក់ពីក្រសួងការបរទេសមីយ៉ាន់ម៉ានៅឡើយទេ។
លោក ប្រាក់ សុខុន បានជួបជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងលីន (Wunna Maung Lwin) ហើយក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានរំឭកឡើងវិញនូវសំណើឲ្យបញ្ជូនអ្នកស្រី អោងសាន ស៊ូជី ត្រឡប់ពីពន្ធនាគារមកធ្វើការឃុំខ្លួនក្នុងផ្ទះវិញ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
លោក ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចការងារជាលើកទីពីរទៅកាន់មីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
នៅមុនដំណើរទស្សនកិច្ចនេះ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ធ្លាប់បានបង្ហាញ«ក្តីកង្វល់ខ្លាំង» ចំពោះរបាយការណ៍ស្តីពីការផ្ទេរអ្នកស្រី អោងសាន ស៊ូជី ពីការឃុំខ្លួននៅលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងលិខិតមួយទៅកាន់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងលីន លោក ប្រាក់ សុខុន ស្នើសុំឲ្យរបបសឹកមីយ៉ាន់ម៉ាពិចារណាបញ្ជូនអ្នកស្រី អោងសាន ស៊ូជី ត្រឡប់មកលំនៅដ្ឋានវិញ។
មេដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អោងសាន ស៊ូជី ចេញពីតំណែង។ មកទល់ពេលនេះ អ្នកស្រី អោងសាន ស៊ូជី កំពុងត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារមក ហើយអ្នកស្រីបានប្រឈមនឹងបទចោទប្រកាន់ចំនួន១១ករណី ទោះបីជាអ្នកស្រីបានច្រានចោលបទចោទប្រកាន់ទាំងអស់ក៏ដោយ។
កាលពីថ្ងៃធ្នូ ឆ្នាំ២០២១ តុលាការបានកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ មុនពេលទោសទណ្ឌនេះ ត្រូវបានបន្ថយមកត្រឹម២ឆ្នាំវិញ ក្រោយពីមានសំណើពីមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing៕