ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ជនជាតិ​ភាគ​តិច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋ​ប្រហារ​​យោធា​


ក្រុមជនជាតិភាគតិច Entha នៃប្រទេសមីយ៉ាន់ម៉ា កាន់បដាដ៏ធំមួយ ក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា នៅលើទូកនេសាទ ក្នុងបឹង Inle ខេត្ត Taunggyi ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមជនជាតិភាគតិច Entha នៃប្រទេសមីយ៉ាន់ម៉ា កាន់បដាដ៏ធំមួយ ក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា នៅលើទូកនេសាទ ក្នុងបឹង Inle ខេត្ត Taunggyi ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

សមាជិក​សហគមន៍​ជនជាតិ​ភាគ​តិច​ ដែល​ជារឿយៗ​រង​ការធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ចូលរួម​ការប្រឆាំង​តវ៉ា​ចំពោះ​រដ្ឋ​ប្រហារ​យោធា​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ នៅ​ក្នុង​ប្រទេស​នេះ​ដែល​ការតវ៉ា​នេះកំពុងតែ​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស​ និង​ចូល​ដល់​ថ្ងៃទី ​៦ ​ហើយ។​

ក្រុម​សមាជិក​សហគមន៍​ជនជាតិ​ភាគតិច​ Karen​ Rakhine ​និង​ Kachin ​បាន​ចូលរួម​ការដើរ​ក្បួន​ប្រឆាំង​តវ៉ាមហាជន​ នៅ​តាម​បណ្តា​ផ្លូវ​នានា​ក្នុង​ទីក្រុង​យែងហ្គូន ដោយ​ពួកគេ​ស្លៀកពាក់ដែល​មាន​ពណ៌​ទៅ​តាម​តំបន់​របស់​គេ។​

បាតុកម្ម​ប្រឆាំង​តវ៉ា​នេះ​កើត​មាន​ឡើង ​បន្ទាប់​ពី​របប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បន្ត​រឹតបន្តឹង​អំណាច​គ្រប់គ្រងរបស់​ខ្លួន​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​ទៅ ​បន្ទាប់​ពី​បណ្តេញ​មេដឹកនាំ​ស៊ីវិល​អ្នកស្រី​Aung San Suu Kyi ​ចេញ​ពី​តំណែង​មក។​

ជំនួយការ​ជិត​ស្និទ្ធ​បំផុត​ម្នាក់​របស់​អ្នកស្រី​គឺ​លោក Kyaw Tint Swe​ ស្ថិត​ក្នុង​ចំណោមមន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ Suu Kyi ​ដែល​ត្រូវ​បានកម្លាំង​សន្តិសុខ​នាំ​ចេញ​ពី​ផ្ទះ​នៅពេល​យប់​និង​ត្រូវ​ឃុំ​ខ្លួន។

ថ្នាក់ដឹកនាំ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​មីយ៉ាន់ម៉ា ​ក៏​ត្រូវ​បានរាយការណ៍​ថា​ ត្រូវ​បានអាជ្ញាធរ​មីយ៉ាន់ម៉ា​ចាប់​ឃុំ​ខ្លួន​ផង​ដែរ។​ គណៈ​កម្មាធិការ​នេះ​បាន​បដិសេធ​ការអះ​អាង​របស់​ក្រុម​យោធា​ ដែល​អះអាង​ថា ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ មាន​ការលួច​បន្លំ។ គណបក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ Suu Kyi ​ឈ្នះ​ការបោះឆ្នោត​នោះ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។​

ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​បានចេញ​មក​តវ៉ា​ប្រឆាំង​នៅ​តាម​ដង​ផ្លូវក្នុង​ទីក្រុង​ធំៗ​ របស់​ប្រទេស​មីយ៉ាន់ម៉ា​ជា​ការប្រឆាំងការដាក់​បំរាម​គោចរ និង​ការហាម​ប្រាម​ការជួបជុំ ដែលមាន​គ្នា​លើស​ពី​ចំនួន ​៤ ​នាក់​ឡើង​ទៅ។​ ក្រុមបាតុករ​ប្រឆាំង​តវ៉ា​ជា​ច្រើន​នាក់បាន​លើក​បដា​ ដែល​មាន​សរសេរ​ពាក្យ​ស្លោក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និងរូបថតរបស់​អ្នកស្រី​ Aung San Suu Kyi ​ផង​ដែរ។ ​

កងកម្លាំង​សន្តិសុខ​របស់​មីយ៉ាន់ម៉ា​បាន​បង្កើន​ការបង្ក្រាប​ទៅ​លើ​ក្រុមអ្នកប្រឆាំង​តវ៉ា​ ដោយ​បាញ់​គ្រាប់​ព្រមានគ្រាប់​កាំភ្លើង​ជ័រ​និង​បំពង់​បាញ់​ទឹក​ជាដើម​ដើម្បី​បំបែក​ក្រុម​បាតុករ​ទាំង​នោះ។ យ៉ាងហោច​ណាស់​ មាន​ក្រុមបាតុករ​ប្រមាណ ​២ ​នាក់​ត្រូវ​រង​របួស​ ដោយ​គ្រាប់​កាំភ្លើង​ពិតនៅ​ដើម​សប្តាហ៍​នេះ​ ក្នុង​ទីក្រុង​ណៃពិដោ​ ដែល​ក្នុង​នោះ​មាន​នាវី​វ័យ​ជំទង់​មួយ​រូប ​ត្រូវ​របួស​នឹង​គ្រាប់​កាំភ្លើង​ចំ​ក្បាល ​ហើយស្ថិត​ក្នុង​ស្ថានភាពមិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លើក​ឡើង​ថា ​រូបភាព​វីដេអូ​ដែល​ទទួល​បាន​ពី​ក្រុម​បាតុករ​បង្ហាញ​ថា​ បាតុករ​វ័យ​កេ្មង​ អាយុ​ ១៩ ​ឆ្នាំ​ម្នាក់​ឈ្មោះ​ Mya Thwe Thwe Khaing ​ត្រូវ​បានប៉ូលិស​ម្នាក់​បាញ់ដោយ​ប្រើ​កាំភ្លើង​យន្ត​ធន់​តូច​របស់​ខ្លួន។​

ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​កាលពីថ្ងៃ​ពុធ​ បាន​ចុះ​ហត្ថលេខ​លើ​បទ​បញ្ជា​ប្រតិបត្តិមួយ​ដោយ​រាំង​ខ្ទប់មិន​ឲ្យ​ក្រុម​ឧត្តម​សេនីយ៍​យោធា​មីយ៉ាន់ម៉ា​ ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ប្រមាណ​ ១ ពាន់​លាន​ដុល្លា​ ដែលកំពុង​ត្រូវ​បាន​ផ្អិប​ទុក​ក្នុង​សហរដ្ឋ​អាមេរិក​នា​ពេល​នេះ។

«ពួកគេ​ត្រូវតែ​ប្រគល់​ទៅ​វិញ​នូវ​អំណាច​ដែលគេ​ដណ្តើម​កាន់កាប់​នោះ»។ នេះ​បើ​តាម​ការបញ្ជាក់របស់​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden៕

XS
SM
MD
LG