តុលាការក្នុងប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍ក្រោយ នឹងសម្រេចជោគវាសនារបស់អ្នកកាសែតពីររូបនៃទីភ្នាក់ងារសារព័ត៌មាន Reuters ដែលកំពុងជាប់ឃុំឃាំង និងត្រូវបានចោទប្រកាន់ថាបានរំលោភលើច្បាប់រឿងសម្ងាត់របស់ប្រទេស។
លោក Wa Long អាយុ ៣១ឆ្នាំ និងលោក Kyaw Soe Oo អាយុ២៧ឆ្នាំ បានបង្ហាញខ្លួន នៅក្នុងតុលាការកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានគេចាប់ខ្លួនជិត៦សប្តាហ៍ និងត្រូវគេចោទប្រកាន់កាលពីពីរសប្តាហ៍មុន។
អ្នកកាសែតពីររូបនេះ ប្រឈមនឹងការជាប់ពន្ធនាគារ១៤ឆ្នាំពីបទរក្សាទុកឯកសារសម្ងាត់ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅក្នុងរដ្ឋRakhine ដែលក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិចាត់ទុកថាជាការបោសសម្អាតពូជសាសន៍។ គ្រួសាររបស់ពួកគេបានអះអាងថា ពួកគេទាំងពីរនាក់នេះ ត្រូវបានគេចាប់ខ្លួនភ្លាមៗបន្ទាប់ពីជួបជាមួយប៉ូលិសនៅពេលបាយល្ងាច នៅពេលដែលប៉ូលិសផ្តល់ឯកសារសម្ងាត់ឲ្យពួកគេទាំងពីរនាក់នោះ។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោក Win Hteinថ្លែងថា ពួកគេទាំងពីរនាក់នេះប្រហែល «ត្រូវគេបញ្ឆោតឲ្យចូលក្នុងអន្ទាក់»។
មេធាវីការពារអ្នកកាសែតទាំងពីរនាក់នេះ បានប្រាប់ VOA ផ្សាយជាភាសាភូមាថា តុលាការនឹងបើកសវនាការកាត់ក្តីលើជោគវាសនារបស់បុរសទាំងពីរនាក់ នៅថ្ងៃទី១ ខែកុម្ភៈខាងមុខនេះ៕