ស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់អំពីអ្នកកាសែត២នាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលត្រូវបានចាប់ខ្លួនកាលពី៣ថ្ងៃមុននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ស្ថានទូតសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា មិនមានព័ត៌មានមកពីលោកWa Lone អាយុ៣១ឆ្នាំ ហើយនឹងលោក Kyaw Soe Ooអាយុ២៧ឆ្នាំចាប់តាំងពីការចាប់ខ្លួនមក ហើយពួកអាជ្ញាធរមិនបានអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ពួកអស់លោកទៅសួរសុខទុកពួកគាត់ទេ។
លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក Jim Mattis បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមានការព្រួយកង្វល់ពីអ្នកកាសែតដែលត្រូវបានចាប់ខ្លួនចំពោះការបំពេញការងាររបស់ខ្លួន។
លោក Stephen Adler ប្រធានទីភ្នាក់ងារព័ត៌មាន Reuters បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធដោយនិយាយថា ទីភ្នាក់ងារព័ត៌មាន Reuters មាន ការខឹងសម្បាចំពោះការវាយប្រហារទៅលើសេរីភាពសារព័ត៌មាននេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antinio Gutteresនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាប់ខ្លួនអ្នកកាសែតនោះជាសញ្ញាមួយថាសេរីភាពព័ត៌មានកំពុងរួមតូចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកនិយាយទៀតថា សហគមន៍អន្តរជាតិត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាងដែលខ្លួនអាចដើម្បីឲ្យអ្នកកាសែតទាំងនោះបានទទួលការដោះលែងមកវិញ។
លោក Wa Loneនិងលោក Kyaw Soe Oo បានសរសេររឿងអំពីការបង្ក្រាបខាងយោធានៅក្នុងរដ្ឋ Rakhine ដែលជាទីកន្លែងរស់នៅរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ ការបង្ក្រាបខាងយោធានៅក្នុងតំបន់នោះបានធ្វើឲ្យជនជាតិភាគតិចកាន់សាសនាឥស្លាមប្រហែល៦សែននាក់រត់គេចខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង៕