សាលារាជធានីភ្នំពេញកាលពីថ្ងៃពុធ បានថ្លែងការពារវិធានការរដ្ឋបាលក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងទីក្រុង និងបានច្រានចោលការផ្សព្វផ្សាយ«ព័ត៌មានមិនពិតមួយចំនួន» ដែលថា អាជ្ញាធរមានសមត្ថកិច្ចរាជធានីបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក ឬបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
ក៏ប៉ុន្តែមន្ត្រីការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានរិះគន់វិធានការរបស់អាជ្ញាធររាជធានីថា ជាចេតនា នៃការបំបិទសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការតស៊ូមតិរកដំណោះស្រាយចំពោះវិវាទការងាររវាងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិក ដែលបានអូសបន្លាយពេលជិតមួយឆ្នាំមកនេះ។
បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៣ ខែមីនា កូដករដែលជាអតីតបុគ្គលិក និងបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានចាត់ទុកជាបាតុករ ដែលគឃ្លើននឹងការណែនាំ និងអប់រំជាច្រើនលើកច្រើនសាររបស់អាជ្ញាធរមានសមត្ថកិច្ច ដោយបន្តចេញមកធ្វើការប្រមូលផ្តុំខុសច្បាប់តាមទីសាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា បាតុករមិនត្រឹមតែមិនបានស្តាប់តាមការណែនាំទេ ប៉ុន្តែពួកគេថែមទាំងបន្តបំពានធ្វើសកម្មភាពខុសច្បាប់បន្តបន្ទាប់ តាមការរៀបចំរបស់អ្នកដឹកនាំរឿង «ដើម្បីកេងចំណេញរូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្តែងជាជនរងគ្រោះក្រោមរូបភាពផ្សេងៗ» ហើយចោទប្រកាន់អាជ្ញាធរមានសមត្ថកិច្ចប្រើហិង្សាលើពួកគេ នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចអញ្ជើញពួកគេឱ្យឡើងរថយន្តទៅធ្វើការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ។
សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងក្នុងន័យដើមថា៖ «ជាក់ស្តែងក្រុមបាតុករទៅវិញទេ ដែលបានបន្តប្រមូលផ្តុំតាមសេនារិយោដែលបានរៀបចំទុក ធ្វើការក្រាញននៀល ប្រើពាក្យពេចន៍អសុរោះ អាកប្បកិរិយា និងកាយវិការមិនសមរម្យដាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ឆេះកំហឹង និងត្រៀមចាំផ្តិតយករូបភាពផ្សេងៗទុកធ្វើការចោទប្រកាន់»។
យ៉ាងណាក្តី អ្នកការពារសិទ្ធិមនុស្សចំនួន បកស្រាយផ្ទុយពីការផ្តល់សេចក្តីពន្យល់របស់រដ្ឋបាលរាជធានី ពាក់ព័ន្ធនឹងការចោទប្រកាន់នានាថា អាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញបានប្រើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់លោកឃុន ថារ៉ូ បានកត់សម្គាល់ថា ជាទម្លាប់ដែលមន្ត្រីរាជធានី ជារឿយៗមិនទទួលស្គាល់នូវអំពើហិង្សាដែលបានកើតឡើងលើកូដករនាពេលកន្លងមកនោះ និងថាមន្ត្រីតែងតែប្រើបាស់ស្នៀតនៃការចោទប្រកាន់ផ្សេងៗមកបំបិទសិទ្ធិតវ៉ារបស់កូដករ។
លោកបន្ថែមថា៖ «ហើយចំពោះករណីនេះ ខ្ញុំគិតថា យើងមានភ័ស្តុតាងច្បាស់លាស់ហើយនៅវីដេអូ ដែលមានការឡាយ [Facebook Live] ដោយកម្មករ និយោជិត អំពីទម្រង់នៃការប្រើប្រាស់ហិង្សាទាំងឡាយមកលើកូដករ។ បើយើងនិយាយទៅគឺគាត់បានធ្វើកូដកម្មដោយសន្តិវិធី ហើយគាត់បានទៅឈរនៅមុខទីតាំងក្រុមហ៊ុន អាហ្នឹងវាជាសិទ្ធិជាមូលដ្ឋានរបស់គាត់ក្នុងការធ្វើកូដកម្ម ប៉ុន្តែអាជ្ញាធរទៅវិញតើះ ដែលគាត់ព្យាយាមរារាំង ទប់ស្កាត់ មិនឱ្យមានការជួបជុំនៅក្នុងការធ្វើកូដកម្មហ្នឹង»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត យល់ស្របជាមួយនឹងការអត្ថាធិប្បាយរបស់មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសង់ត្រាល់ និងថាអាជ្ញាធរមានសមត្ថកិច្ចថែមទាំងបានរារាំងអ្នកសារព័ត៌មាន និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមិនឱ្យផ្តិតយករូបភាពនៃការតវ៉ារបស់ក្រុមកូដករ។
លោកប្រាប់វីអូអេថា៖ «កន្លែងចំណុចហ្នឹងហើយ ដែលគេមើលឃើញថា វាជារឿងមួយដែលមិនសមស្របសោះពីព្រោះ ការអនុវត្តនេះ វានៅទីសាធារណៈ ហើយមិនមែនជាការបង្ក្រាបទៅលើបទល្មើសឧក្រិដ្ឋ ឬក៏បទល្មើសជាក់ស្តែងណាដែលត្រូវអនុវត្ត ហើយប៉ះពាល់ទៅដល់នីតិវិធីទេ។ វាជាការឃ្លាំមើល និងយកព័ត៌មានទៅលើកូដករ ឬក៏កូដកម្ម វាអត់មានអ្វីដែលខុសច្បាប់ ដែលត្រូវហាមឃាត់មិនឱ្យថត ឬក៏មិនឱ្យចូលជិតនោះទេ»។
បើតាមការបញ្ជាក់របស់កូដករ និងអ្នកការពារសិទ្ធិមនុស្សដែលបានបន្តឃ្លាំមើលសកម្មភាពកូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ មានកូដករមួយចំនួនត្រូវបានរុញច្រានយ៉ាងហិង្សាក្នុងអំឡុងពេលនៃកូដកម្ម និងមានកូដករជាស្ត្រីម្នាក់បានរងរបួសត្រង់ផ្ទៃមុខ ក្នុងរយៈពេលនៃការតវ៉ាពីរថ្ងៃជាប់ៗគ្នាចុងក្រោយនេះ។
កូដករមួយរូបអាយុ៣០ឆ្នាំ កញ្ញា ម៉ែន សុថីវឌ្ឍនៈ បានបង្ហាញការសោកស្តាយ និងឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើហិង្សារបស់អាជ្ញាធរក្រុងភ្នំពេញ។
កញ្ញានិយាយថា ៖ «និយាយរួមទៅ គឺនៅពេលកូដករកាន់កាមេរ៉ា នៅលើឡានគឺគាត់ព្យាយាមវាយ វាយកូដករឱ្យធ្លាក់ទូរសព្ទ។ ហើយនៅមានពេលខ្លះទៀត គាត់មានរូបភាពឆក់ទូរសព្ទកូដករទៀត»។
កញ្ញាបន្ថែមថា៖ «វាឈឺចាប់ ចំពោះកូដករយើងដែលខាងអាជ្ញាធរ គាត់អត់ព្យាយាមឈរនៅចំណុចកណ្តាលដើម្បីដោះស្រាយវិវាទនេះទេ ប៉ុន្តែគាត់បែរជាព្យាយាមរារាំងកូដករ ហើយបែរជាប្រើអំពើហិង្សាលើកូដករដែលជាស្រ្តី»។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការប្រកែកម្តងហើយម្តងទៀតរបស់អាជ្ញាធរ ចំពោះទង្វើហិង្សារបស់ខ្លួនលើក្រុមកូដករ បានក្លាយជាបញ្ហារ៉ាំរ៉ៃ ក្នុងវិវាទការងារដែលបានផ្ទុះឡើងតាំងពីឆ្នាំមុន។
កញ្ញាថ្លែងថា៖ «យើងមានភ័ស្តុតាង យើងមានវីដេអូ យើងមានអ្វីទាំងអស់ ដែលបានបង្ហាញការពិតថាតើអ្នកណាអ្នកបៀតបៀនអ្នកណា។ ហើយគាត់នៅតែប្រកែកដដែលៗ អ៊ីចឹងមែនទែនទៅខ្ញុំមិនដឹងថាត្រូវឆ្លើយតបយ៉ាងម៉េចពីព្រោះយើងមើលឃើញថា ការដែលមិនទទួលស្គាល់ បដិសេដ មិនទទួលស្គាល់ បដិសេដ អីទាំងអស់ហ្នឹង គឺជាអ្វីដែលពួកគាត់តែងតែធ្វើ ហើយបើខ្ញុំប្រៀបធៀបទៅដូចជំងឺមហារីក ព្យាបាលលែងជាហើយ»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី លើកឡើងថា សេចក្តីប្រកាសរបស់សាលារាជធានីដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយនានារបស់សង្គមស៊ីវិលមួយចំនួន។
កូដកម្មដែលកំពុងបន្តនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានផ្ទុះឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣២៩ នាក់ ត្រូវបានបញ្ឈប់ពីការងារដោយបង្ខំកាលពីអំឡុងខែមេសា ឆ្នាំ ២០២១។ នេះបើតាមបុគ្គលិក និងសកម្មជនសហជីពនៅក្រុមហ៊ុន៕