សាលាដំបូងរាជធានីភ្នំពេញបានដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជន សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន៨នាក់ ឱ្យបាននៅក្រៅឃុំជាបណ្ណោះអាសន្ន បន្ទាប់ពីពួកគេជាប់ក្នុងពន្ធនាគារអស់រយៈពេលជាង៣ខែពីបទញុះញង់ និងបានធ្វើកិច្ចព្រមព្រៀងជាមួយក្រសួងការងារ ដោយសន្យាថានឹងមិនមានការប្រមូលផ្តុំធ្វើកូដកម្ម ឬតវ៉ាណាមួយនោះទេ។
ដោយឡែកស្របពេលដែលមានការដោះលែងតំណាងកូដករនៅក្រុមហ៊ុនណ្គាហ្គាវើដ៍កាលពីយប់ថ្ងទី១៤ខែមីនា ដើម្បីរកច្រកចរចាដោះស្រាយវិវាទជាមួយក្រុមហ៊ុននោះ ក្រសួងការងារ បានធ្វើឱ្យសង្គមស៊ីវិលភ្ញាក់ផ្អើល ដោយក្រសួងបានចេញលិខិតទទួលស្គាល់ពីការចុះបញ្ជីសមាសភាពដឹកនាំអង្គការសហជីពថ្មីនៃក្រុមហ៊ុននេះ ដែលមានឈ្មោះថា «សហជីពសិទ្ធិ និងប្រយោជន៍រួមនៃបុគ្គលិក ណាហ្គាវើលដ៍»។
ការទទួលស្គាល់សហជីពថ្មីនេះ ធ្វើឡើងនៅថ្ងៃតែមួយ គឺក្នុងថ្ងៃដែលថ្នាក់ដឹកនាំ សកម្មជនសហជីពចំនួន៨នាក់ក្នុងនោះគឺកញ្ញាឈឹម ស៊ីថរ ត្រូវបានតុលាការដោះលែង បន្ទាប់ពីពួកគេជាប់ឃុំក្នុងពន្ធនាគារតាំងពីដើមខែមករា។ នេះបើតាមកូដករ និងក្រុមអង្គការសង្គមស៊ីវិល។
មុនពីរថ្ងៃនៃការដោះលែងឱ្យស្ថិតនៅក្រៅឃុំនេះ ថ្នាក់ដឹកនាំ និងតំណាងសហជីពទាំង៨នាក់ក៏បានធ្វើលិខិតស្នើសុំអន្តរាគមន៍ពីក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នជំនាញ ក្នុងនោះគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាថ្នូរនឹងការទទួលបានសេរីភាពឡើងវិញនោះ អ្នកសហជីពទាំង៨នាក់ ក៏បានធ្វើកិច្ចសន្យាជាមួយមន្ត្រីពន្ធនាគារ និងក្រសួងការងារ ដោយសន្យាថាមិនធ្វើការប្រមូលផ្តុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ។ នេះបើតាមលិខិតទាំង៨ច្បាប់របស់តំណាងសហជីព ដែលត្រូវបានសារព័ត៌មានគាំទ្ររដ្ឋាភិបាល Fresh News ចេញផ្សាយកាលពីថ្ងៃចន្ទ។
អ្នកស្រី ឈិន ឧសភា អាយុ៣២ឆ្នាំ ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់យកទៅដាក់នៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅកាលពីថ្ងៃចន្ទ ប្រាប់វីអូអេថា កម្មករនិយោជិត ឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្ម មិនទទួលស្គាល់ជាដាច់ខាតចំពោះការតែងតាំងសមាសភាពដឹកនាំសហជីពថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយថាការដោះស្រាយវិវាទការងារនៅបន្តជាប់គាំងនៅឡើយ។
បើកូដកររូបនេះ ប្រធានសហជីពថ្មីនៃក្រុមហ៊ុនណាហ្គាវើលដ៍គឺអ្នកស្រីហេង សោភិនី ដែលក្រសួងការងារចុះបញ្ជីទទួលស្គាល់នោះ គឺបុគ្គលនោះធ្លាប់ជាសមាជិកសហជីពដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន ប៉ុន្តែបានសុំលាលែងជាសមាជិកភាពមុនពេលកូដកម្មផ្ទុះឡើងកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ ហើយការលាលែងនោះទៀតសោត ក៏មិនត្រឹមត្រូវដែរ ពីព្រោះមិនបានសុំលាលែងជាមួយសហជីព បែរជាសុំលាលែងពីសមាជិកសហជីពតាមរយះក្រុមហ៊ុនទៅវិញ។
អ្នកស្រីនិយាយថា៖ «ចំពោះការចាត់តាំងថ្មី ដែលមានប្រធានសហជីពថ្មី ក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ពួកខ្ញុំអត់ទទួលស្គាល់ទេ។ ដោយសារប្រធានសហជីពគឺត្រូវបានបោះឆ្នោត ចាត់តាំងពីសមាជិក ហើយដែលពួកខ្ញុំជាបុគ្គលិកអត់បានបោះឆ្នោតប្រគល់សិទ្ធិអំណាចទៅឱ្យគាត់ផង រឿងអីគាត់អាចធ្វើជាតំណាងរបស់ពួកខ្ញុំ។ ពួកខ្ញុំអត់អាចទទួលយកបែបហ្នឹងបានទេ»។
អ្នកស្រីឈិន ឧសភា បានទទូចសុំឱ្យក្រសួងការងារឈរនៅកណ្តាល និងប្រកាន់អព្យាក្រឹតភាព ក្នុងការដោះស្រាយជម្លោះការងាររ៉ាំរ៉ៃនេះ ដោយតម្រូវឱ្យថៅកែក្រុមហ៊ុនចូលតុចរចាជាមួយតំណាងកូដករទាំង៨នាក់ ដែលតុលាការទើបសម្រេចឱ្យបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននោះ។
យ៉ាងណាក៏ដោយថ្នាក់ដឹកនាំ និងសកម្មជនសហជីពចាស់៨នាក់ដែលទើបត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ បានអំពាវនាវដល់បុគ្គលិកដែលមិនទាន់ត្រូវបានក្រុមហ៊ុនកាត់ឈ្មោះ ឱ្យត្រឡប់ចូលធ្វើការវិញ។ ចំណែកបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារត្រូវសម្រាកនៅផ្ទះ។ នេះបើតាមលិខិត៨ច្បាប់ចុះថ្ងៃទី១២ខែមីនារបស់អ្នកសហជីពទាំង៨នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទញុះញង់ចំពោះការដឹកនាំធ្វើកូដកម្មកន្លងមកនោះ។
បើតាមការអំពាវនាវដដែលនោះ ក្រុមហ៊ុនក៏មិនត្រូវមានការគុំគួន ឬដាក់ទណ្ឌកម្ម ឬការបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ ចំពោះបុគ្គលិកដែលធ្វើកូដកម្មកន្លងមក ដើម្បីរក្សាភាពស្ងៀមស្ងាត់ ក្នុងការបង្កបរិយាកាសស្វែងរកដំណោះស្រាយបញ្ចប់វិវាទការងារតាមផ្លូវច្បាប់។
ទោះបីមានការអំពាវនាវបែបនេះក្តី កូដករប្រមាណ១៦០នាក់បានបន្តធ្វើកូដកម្មកាលពីថ្ងៃចន្ទម្សិលមិញ និងបានរងការបង្ក្រាបពីសំណាក់អាជ្ញាធរសន្តិសុខ ដែលកូដករចោទថា បានបណ្តែតបណ្តោយឱ្យជនមិនស្គាល់មុខស្លៀកពាក់ស៊ីវិលមួយរូបបង្កហិង្សាលើកូដករក្នុងអំឡុងពេលធ្វើកូដកម្ម។
ក្រុមកូដករក៏ត្រូវបានអាជ្ញាធរបង្ខំឱ្យឡើងឡានក្រុង នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងយកមកដាក់នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ ទីដែលកូដករបានប្រឈមមុខនឹងកង្វះអាហារហូបចុកផងដែរ។ នេះបើតាមអ្នកស្រីឈិន ឧសភា និងកូដករមួយចំនួនទៀត។
កញ្ញា ជា សុខុម អាយុ៣៧ឆ្នាំ ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញ យកទៅដាក់នៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅកាលពីថ្ងៃចន្ទនោះ សាទរនឹងការសម្រេចរបស់តុលាការដែលបានអនុញ្ញាតឱ្យតំណាងរបស់គាត់បាននៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែកញ្ញាថាការដោះដូរប្រធានសហជីពថ្មីនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺកញ្ញា និងកូដករផ្សេងទៀតមិនទទួលស្គាល់នោះទេ។
កញ្ញាប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ចង់និយាយថាសហជីពមួយមិនទាន់បានលាលែងតំណែងចេញផង ហើយមិនទាន់ដោះស្រាយចេញផង គាត់[ក្រសួងការងារ និងក្រុមហ៊ុន] បានដំឡើងសហជីពមួយទៀត [អ៊ីចឹង]សបញ្ជាក់ឱ្យឃើញថា នេះចង់សម្លាប់ខ្មែរគ្នាឯងនៅក្នុងក្រុមហ៊ុន គឺដណ្តើមគ្នាតែម្តង។ ប៉ុន្តែអ្នកខាងក្នុងដំឡើង[សហជីពថ្មីហ្នឹង] ពួកខ្ញុំអត់គាំទ្រទេ ដោយសារថាការដំឡើងសហជីពមួយៗ [ឬ]ការរើសសហជីពមួយៗ គឺត្រូវការផ្តិតមេដៃពីបុគ្គលិកទាំងអស់មិនមែនសុខៗ លិខិតចេញមកឯង ផុសមកឯង អ៊ីចឹងពួកខ្ញុំអត់ទទួលស្គាល់ទេ»។
គួររម្លឹកឡើងវិញផងដែរថា ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ សរុបចំនួន១១នាក់ត្រូវអាជ្ញាធរចាប់ខ្លួនពីបទញុះញង់ និងការបំពានវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។ គេមិនទាន់ដឹងថា សមាជិកសហជីព៣នាក់ទៀតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងត្រូវទទួលបានការដោះលែងពីសំណាក់តុលាការ ឬយ៉ាងណាទេ គិតត្រឹមថ្ងៃអង្គារនេះ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីសមាសភាពដឹកនាំសហជីពថ្មីនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងអ្នកនាំពាក្យក្រសួងការងារលោកហេង សួរបានទេនៅថ្ងៃអង្គារដដែលនេះ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា អាជ្ញាធរហាក់ដូចជាមានការរៀបចំបម្រុងទុករួចជាស្រេចនូវសហជីពថ្មីនោះ ដែលការណ៍នេះបានបង្ហាញអំពីការរឹតត្បិតចំពោះសហជីពឯករាជ្យ ដែលហ៊ានការពារផលប្រយោជន៍សមាជិករបស់ខ្លួន ដែលជាបុគ្គលិកក្រុមហ៊ុន។
លោកនិយាយថា៖ «នេះបានសបញ្ជាក់ថា អាជ្ញាធរហាក់ដូចជាមានការរៀបចំ ឡើងយ៉ាងច្បាស់លាស់ក្នុងការដាក់នូវសហជីពថ្មី ដែលជាសហជីពមួយមិនដឹងថាតើកូដករ ដែលត្រូវបានចាប់ខ្លួនយកទៅធ្វើចត្តាឡីស័កទាំងអស់ហ្នឹង គាត់ទទួលយកឬយ៉ាងណាផង?។ នេះហាក់ដូចជាសហជីពថ្មីមួយដែលធ្វើឡើងដោយមិនទាន់ដោះស្រាយនូវបញ្ហារបស់សហជីពចាស់ហ្នឹងចប់សព្វគ្រប់ផង»។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោកឃុន ថារ៉ូ បានកត់សម្គាល់ថា ការបង្កើត និងការលេចឡើងនូវសហជីពថ្មីនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈវិវាទការងារមិនទាន់បានបញ្ចប់នេះ គឺបានសបញ្ជាក់ថាក្រុមហ៊ុនពិតជាមានចេតនា បង្កើតរូបភាពដែលមានលក្ខណៈរារាំង និងទប់ស្កាត់ឥទ្ធិពលរបស់សហជីពឯករាជ្យដែលហ៊ានទាមទារសិទ្ធិឱ្យកម្មករ ឬបុគ្គលិក។
លោកថ្លែងថា៖ «អ៊ីចឹងការបន្សាបនូវឥទ្ធិពលរបស់សហជីពតាមរយៈការបញ្ឈប់បុគ្គលិកជាលក្ខណៈទ្រង់ទ្រាយធំ បន្សាបឥទ្ធិពលសហជីពក្នុងការបញ្ឈប់ថ្នាក់ដឹកនាំ ហើយបន្សាបឥទ្ធិពលសហជីពក្នុងការបញ្ឈប់សកម្មជនសហជីព វាជាចេតនាច្បាស់លាស់ហើយតាំងពីដើមមករបស់ក្រុមហ៊ុនក្នុងការរើសអើងសហជីព និងការព្យាយាមធ្វើទុក្ខបុកម្នេញ ឬក៏រំលើងនូវសហជីពឯករាជ្យ ដែលធ្វើការងារក្នុងការការពារសិទ្ធិផលប្រយោជន៍និយោជិតនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍»។
បើតាមលោក ឃុន ថារ៉ូ ការអនុញ្ញាតឱ្យតំណាងសហជីពចាស់បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននោះក៏អាចបង្កជាលក្ខណៈ ឬលទ្ធភាពដើម្បីអាចចូលរួមនីតិវិធីចរចាជាមួយក្រុមហ៊ុនដែលនឹងត្រូវរៀបចំ និងសម្រុះសម្រួល ដោយក្រសួងការងារ ដើម្បីឈានដល់ការបិទបញ្ចប់នូវវិវាទការងារដែលបានអូសបន្លាយពេលមកជិតមួយឆ្នាំនោះ។
កូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលដោះស្រាយបញ្ហាមួយចំនួន ដែលពួកគេចាត់ទុកថាជាការរំលោភសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុន និងទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន៣៦៥នាក់ ក្នុងចំណោមកម្មករនិយោជិតជាង១៣០០នាក់ ដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នាដោយបង្ខំតាំងពីខែមេសា ឆ្នាំ២០២១៕