មនុស្សចំនួន៥នាក់ត្រូវបានគេរាយការណ៍មកថាបានស្លាប់បាត់បង់ជីវិតហើយមនុស្ស៨នាក់ផ្សេងទៀតបានរងរបួសក្រោយការបាញ់ប្រហារមួយនៅឯអាកាសយានដ្ឋានមួយនៅក្នុងរដ្ឋ Florida នេះបើយោងតាមក្រុមមន្ត្រីដែលបានថ្លែងឲ្យដឹងនៅថ្ងៃសុក្រ។
ក្រុមអាជ្ញាធរក៏បានលើកឡើងថា ប៉ូលិសកំពុងតាមចាប់ខ្លួនជនសង្ស័យ ស្របពេលដែលមានសេចក្តីរាយការណ៍មួយចំនួនផ្សេងទៀតទាក់ទិននឹងការបាញ់គ្នាបន្ថែមទៀតដែលមិនទាន់ត្រូវបានគេបញ្ជាក់ជាផ្លូវការនៅឡើយ។
មួយម៉ោងក្រោយពីការបាញ់គ្នាលើកទីមួយ មានការបាញ់គ្នាមួយផ្សេងទៀតធ្វើឡើងនៅក្នុងច្រកចេញចូលឬ Terminalផ្សេងទៀត ហើយជនសង្ស័យនោះមិនទាន់ត្រូវបានគេចាប់ខ្លួនបាននៅឡើយនោះទេ នេះបើយោងតាមកាសែត Miami Herald។
មនុស្ស៨នាក់ដែលរងរបួសនៅឯអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ត្រូវបានបញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យក្នុងស្រុកមួយ នេះបើយោងតាមស្នងការប៉ូលិសស្រុក Broward ដែលបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ពួកគេ។
សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Florida លោក Bill Nelson បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គេបានរកឃើញអត្តសញ្ញាណប័ណ្ណយោធាដែលមានឈ្មោះថា Esteban Santiago នៅនឹងជនសង្ស័យមួយរូប ប៉ុន្តែមិនមានការបញ្ជាក់ណាមួយថា អត្តសញ្ញាណប័ណ្ណនោះជារបស់ជននោះនៅឡើយទេ។
ឧទ្ធម្ភាគចក្ររបស់អ្នកសារព័ត៌មានបានហោះនៅលើតំបន់នោះហើយបានបង្ហាញថា មនុស្សរាប់រយនាក់កំពុងរង់ចាំនៅលើផ្លូវ ហើយរថយន្តសង្គ្រោះបន្ទាន់កំពុងតែដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
អាកាសយានដ្ឋាននេះបានប្រកាសពន្យារដំណើរការទាំងអស់របស់ខ្លួន នេះបើយោងតាមសេចក្តីប្រកាសនៅលើគណនី Twitter ផ្លូវការរបស់អាកាសយានដ្ឋាន Fort Lauderdale-Hollywood នេះ៕