ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្គាណា​ប្រឈម​នឹង​ការ​តវ៉ា​ជា​ច្រើន​ថ្ងៃ​រឿង​វិបត្តិ​សេដ្ឋកិច្ច


ក្មេង​ប្រុស​ម្នាក់​លើកដៃ​ដាក់​ប៉ូលិស ខណៈ​បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដងផ្លូវ​សម្រាប់​ថ្ងៃ​ទី​បី​នៃ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ក្រុង Accra ប្រទេស​ហ្គាណា កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
ក្មេង​ប្រុស​ម្នាក់​លើកដៃ​ដាក់​ប៉ូលិស ខណៈ​បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដងផ្លូវ​សម្រាប់​ថ្ងៃ​ទី​បី​នៃ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ក្រុង Accra ប្រទេស​ហ្គាណា កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

ពីរដ្ឋធានី​អាក្រា៖កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា បាតុករ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​អាក្រា​នៃ​ប្រទេស​ហ្គាណា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច។

បាតុករ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​អាក្រា​នៃ​ប្រទេស​ហ្គាណា​កាលពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​ទី ៣ នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បញ្ហា​លំបាក​ផ្នែក​សេដ្ឋកិច្ច។ ការ​តវ៉ា​នេះ​បាន​បណ្ដាល​ឱ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុម​បាតុករ​ដែល​អ្នក​ខ្លះ​គ្រវី​បដា​ហើយ​អ្នក​ខ្លះ​ទៀត​គ្រវី​ទង់ជាតិ​ហ្គាណា បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ការ​ចំណាយ​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​និង​កង្វះ​ការងារ​នៅ​ពេល​ដែល​ពួកគេ​បាន​ដើរ​ក្បួន​តវ៉ា​នៅ​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​របស់​ប៉ូលិស​បង្ក្រាប​កុបកម្ម។

ប្រទេស​ហ្គាណា​ដែល​ជា​ប្រទេស​ផលិត​មាស ប្រេង​ឥន្ធនៈ និង​កាកាវ​បាន​តតាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​នៅ​ក្នុង​ជំនាន់​នេះ​ដែល​បង្ក​ឡើង​ដោយ​បំណុល​សាធារណៈ​កើនឡើង។

បាតុករ​ពាក់​មួកកន្តឹប​ពណ៌​ក្រហម​អាយុ២៤ ឆ្នាំ​លោក Romeo ដែល​គ្មាន​ការងារ​ធ្វើ​ដូច​បាតុករ​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​ការ​តវ៉ា​នេះ បាន​និយាយ​ថា៖«ជា​មធ្យម ពលរដ្ឋ​ហ្គាណា​ម្នាក់​មិន​អាច​រក​ប្រាក់​ដើម្បី​អាហារ៣ពេល [ក្នុង​មួយ​ថ្ងៃ]។ រដ្ឋាភិបាល​មិន​ខ្វល់​នោះ​ទេ»។

ប៉ូលិស​បាន​រារាំង​ផ្លូវ​ដើម្បី​បង្ការ​មិន​ឱ្យ​ក្រុម​បាតុករ​រុល​ចូល​វិមាន Jubilee House របស់​ប្រធានាធិបតី។ ក្រុម Democracy Hub ដែល​ជា​អ្នក​រៀបចំ​បាតុកម្ម​នេះ បាន​សន្យា​ថា​នឹង​ចូល​កាន់កាប់​វិមាន​ប្រធានាធិបតី​នេះ។

កាលពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា ប៉ូលិស​បាន​និយាយ​ថា មនុស្ស ៤៩ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​សម្រាប់​ការ​ជួបជុំ​ខុស​ច្បាប់​និង​ការ​រំលោភ​លើ​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​តវ៉ា​រយៈពេល ៣ ថ្ងៃ​នេះ។ គេ​មិន​ឃើញ​មាន​សញ្ញា​នៃ​ការ​ចាប់​ខ្លួន​បន្ថែម​ណា​មួយ​ទៀត​ទេ ហើយ​ស្ថានការណ៍​ហាក់​ដូចជា​មាន​ភាព​ស្ងប់ស្ងាត់​កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា។

កាលពី​ឆ្នាំ​មុន ការ​តវ៉ា​លើ​បញ្ហា​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​និង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ផ្សេង​ទៀត​បាន​បណ្ដាល​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​ប៉ូលិស។

រដ្ឋាភិបាល​ហ្គាណា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដែល​មាន​ទឹក​ប្រាក់៣ពាន់​លាន​ដុល្លារ​លើ​កម្មវិធី​កម្ចី​រយៈពេល៣ឆ្នាំ​ជាមួយ​នឹង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ខែ​ឧសភា ប៉ុន្តែ​អ្នក​រិះគន់​បាន​និយាយ​ថា អាជ្ញាធរ​មិន​បាន​ធ្វើ​អ្វី​ច្រើន​នោះ​ទេ​ដើម្បី​ជួយ​អ្នក​ដែល​ប្រឹងប្រែង​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នៅ​ចំ​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​អូស​បន្លាយ​ដ៏​យូរ​នេះ។

ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​នៅ​ត្រឹម ១,៥% នៅ​ក្នុង​ឆ្នាំ​នេះ​ពី​កម្រិត ៣,១% នៅ​ក្នុង​ឆ្នាំ ២០២២៕

ប្រែសម្រួល​ដោយ​ លោក ភី សុភាដា

XS
SM
MD
LG