របាយការណ៍របស់រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិកលោក Robert Mueller អំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ គឺដូចទៅនឹងចំណុចភាគច្រើនដែលមន្ត្រីស៊ើបការណ៍សម្ងាត់បច្ចុប្បន្ន និងអតីតមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋាននៅក្រោយការបោះឆ្នោតឆ្នាំ ២០១៦។
ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ អ្នកខ្លះស្នើឡើងថា របាយការណ៍របស់លោក Mueller ដែលក្រសួងយុត្តិធម៌បានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមេសាកន្លងទៅនេះ គួរតែជាការព្រមានមួយដែលថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការធ្វើឲ្យប៉ះពាល់ដល់ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលទទួលបានជោគជ័យមិនធម្មតារួចមកហើយកន្លងមក នៅតែបន្តទៅមុខមិនរាថយ។
ពិសេសជាងនេះទៅទៀត អតីតមន្ត្រីស៊ើបការណ៍សម្ងាត់ និងសន្តិសុខជាតិទាំងនេះបានព្រមានថា ភស្តុតាងនៅក្នុងរបាយការណ៍របស់លោក Mueller បង្ហាញថា ប្រទេសរុស្ស៊ីមានលទ្ធភាពស្វែងរក និងកេងចំណេញលើពលរដ្ឋអាមេរិកាំងណា ដែលមានគោលបំណងស្របទៅតាមមធ្យោបាយរបស់រដ្ឋាភិបាលរុស្ស៊ីដែលគេហៅថាមធ្យោបាយ «គ្មានចន្លោះប្រហោង និងមានរបៀបរៀបរយត្រឹមត្រូវ» ដើម្បីសម្រេចឲ្យបាននូវលទ្ធផលដែលពួកគេចង់បាន។
របាយការណ៍របស់លោក Mueller បានបញ្ជាក់ក្នុងន័យដើមថា៖ «ការស៊ើបអង្កេតនេះបានបង្ហាញថា រដ្ឋាភិបាលរុស្ស៊ីយល់ថា ខ្លួនអាចទទួលបានប្រយោជន៍ពីការដឹកនាំរបស់លោក Trump ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដូច្នេះហើយបានជារដ្ឋាភិបាលរុស្ស៊ីប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវលទ្ធផលនេះ»។
របាយការណ៍របស់លោក Mueller បានបន្ថែមថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump «រំពឹងថានឹងទទួលបានប្រយោជន៍ពីព័ត៌មាននានាដែលលួចបាន និងបញ្ចេញជាសាធារណៈតាមរយៈការប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ី»។
ប៉ុន្តែដោយសារតែភាគីទាំងពីរបានប្រឹងប្រែងសម្រេចឲ្យបាននូវគោលបំណងដូចគ្នានេះ ក្រុមអ្នកស៊ើបអង្កេតរបស់លោក Mueller «មិនបានសន្និដ្ឋានថា សមាជិកនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានឃុបឃិត ឬក៏សម្របសម្រួលជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីនោះទេ ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់បទឧក្រិដ្ឋណាមួយ»។ នេះបើយោងតាមរបាយការណ៍ស៊ើបអង្កេតនោះ។
កាលពីថ្ងៃទី ១៨ ខែមេសា អតីតមន្ត្រីមួយចំនួនបានទាញប្រយោជន៍ពីរបាយការណ៍ស៊ើបអង្កេតនេះដែលបានសន្និដ្ឋានដូចទៅនឹងការរកឃើញដំបូងៗរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក។
អតីតភ្នាក់ងារ FBI លោក Ali Soufan បានសរសេរនៅលើ Twitter ថា៖ «តើចាំបានទេអំពីការវាយតម្លៃរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧ អំពីការជ្រៀតជ្រែករបស់រុស្ស៊ី [នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦]? ឥឡូវនេះ យើងដឹងច្បាស់ថា ការវាយតម្លៃទាំងនោះគឺត្រឹមត្រូវទាំងអស់»។
ការវាយតម្លៃកាលពីខែមករា ឆ្នាំ ២០១៧ របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និងទីភ្នាក់ងារសន្តិសុខជាតិ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្រោយការបោះឆ្នោតប្រធានាធិបតី បានសន្និដ្ឋានថា ប្រទេសរុស្ស៊ីមានបំណង «បំផ្លាញជំនឿទុកចិត្តរបស់សាធារណជននៅក្នុងដំណើរការប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក»។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទាំងនោះបានសរសេរនៅពេលនោះថា៖ «យើងបានវាយតម្លៃបន្ថែមទៀតថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងរដ្ឋាភិបាលរុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ថា ពួកគេគាំទ្រលោកប្រធានាធិបតី Trump ដែលទើបជាប់ឆ្នោតមិនទាន់ស្បថចូលកាន់តំណែង»។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទាំងនោះបានបន្ថែមថា៖ «លោក Putin និងរដ្ឋាភិបាលរុស្ស៊ីមានបំណងចង់ជួយលោក Trump តាមតែអាចធ្វើទៅបាន»។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយតម្លៃនេះត្រូវបានលោក Trump រិះគន់ម្ដងហើយម្ដងទៀត។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ លោក Trump បានរិះគន់អតីតប្រធានស៊ើបការណ៍សម្ងាត់ជាតិលោក James Clapper និងអតីតប្រធានទីភ្នាក់ងារ FBI លោក John Brennan ថាជា «ពួកកេងចំណេញពីនយោបាយ» និងបានយល់ស្របតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
លោក Trump បានប្រាប់អ្នកកាសែតបន្ទាប់ពីបានពិភាក្សាជាមួយនឹងលោក Putin នៅក្នុងប្រទេសវៀតណាម យ៉ាងដូច្នេះថា៖ «លោក Putin ថា លោកមិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ។ លោកនិយាយថា លោកមិនបានជ្រៀតជ្រែកទេ។ ខ្ញុំបានសួរលោកម្ដងទៀត។ ទោះបីជាសួរច្រើនដងក៏ដោយ ក៏លោកនិយាយថាលោកមិនបានជ្រៀតជ្រែកដែរ»។
លោក Trump បានយល់ស្របម្ដងទៀតតាមការអះអាងរបស់លោក Putin បន្ទាប់ពីពួកគេបានជួបប្រជុំគ្នាកាលពីខែកក្កដា ឆ្នាំ ២០១៨ នៅក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់មក។
លោក Trump បាននិយាយនៅឯសន្និសីទព័ត៌មានរួមគ្នាមួយថា៖ «លោកប្រធានាធិបតី Putin បានបដិសេធអំពីរឿងនេះយ៉ាងខ្លាំងក្លាជាទីបំផុត។ លោកប្រធានាធិបតី Putin និយាយថា មិនមែនប្រទេសរុស្ស៊ីទេ។ ខ្ញុំក៏យល់ស្របដូចនេះដែរ»។
កន្លងមក សហរដ្ឋអាមេរិកបានចាត់វិធានការរួចមកហើយនៅក្នុងការចោទប្រកាន់សមាជិកនានានៃក្រុមហ៊ុនទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិត (Internet Research Agency) របស់រុស្ស៊ី ដែលជា «ក្រុមហ៊ុនបង្ហោះរឿងអុចអាលតាមអ៊ីនធឺណិត» ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។ សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ផងដែរលើភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី ១២ នាក់ ថាបានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែអតីតមន្ត្រីអាមេរិកមួយចំនួនព្រួយបារម្ភថា ប្រសិនបើគ្មានការឆ្លើយតបរបស់រដ្ឋាភិបាលអាមេរិកឲ្យបានខ្លាំងក្លាជាងនេះទេ ប្រទេសរុស្ស៊ី និងសត្រូវផ្សេងទៀតនឹងធ្វើរឿងដូចនេះហើយរួចខ្លួនម្ដងទៀត។
លោក Larry Pfeiffer ដែលធ្វើការផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានរយៈពេល ៣២ ឆ្នាំ និងដែលធ្លាប់ធ្វើជានាយខុទ្ទកាល័យរបស់អតីតប្រធានទីភ្នាក់ងារ CIA លោក Michael Hayden បានប្រាប់ VOA ថា៖ «ពលរដ្ឋអាមេរិកាំងណាដែលគាំទ្រការវាយប្រហារបែបស៊ើបការណ៍សម្ងាត់របស់បរទេសលើដំណើរការប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ជាពិសេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គួរតែទទួលបានផលលំបាកដោយសារទង្វើរបស់ខ្លួនដែលបានធ្វើ»។
ប៉ុន្តែប្រសិនបើពួកគេធ្វើ ក៏មិនមែននៅក្នុងតុលាការនៅសហរដ្ឋអាមេរិកដែរ។ របាយការណ៍របស់លោក Mueller បានសន្និដ្ឋានថា ទោះបីជាមានការទាក់ទងជាច្រើនលើកច្រើនសាររវាងពលរដ្ឋរុស្ស៊ី និងសមាជិកនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump និងមានភស្តុតាងដែលបញ្ជាក់ថា សមាជិកនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump «បានលុបចោលនូវសារទំនាក់ទំនងពាក់ព័ន្ធនានា» ក៏ដោយ ក៏ភស្តុតាងនេះ «មិនគ្រប់គ្រាន់ដើម្បីដាក់ការចោទប្រកាន់លើសមាជិកណាម្នាក់នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ថាបានឃុបឃិតជាមួយនឹងអ្នកតំណាងនៃរដ្ឋាភិបាលរុស្ស៊ី» នោះទេ។
ដោយប្រហែលជាមានការតឹងចិត្តដូចអតីតមន្ត្រីអាមេរិកមួយចំនួន អ្នកជំនាញនានាដូចជាលោក Frederic Lemieux ដែលជាសាស្ត្រាចារ្យផ្នែកស៊ើបការណ៍សម្ងាត់អនុវត្តនៃសាកលវិទ្យាល័យ Georgetown បានបញ្ជាក់ថា ការសន្និដ្ឋាននៅក្នុងរបាយការណ៍របស់លោក Mueller នេះ គឺជាអ្វីដែលគេបានរំពឹងទុករួចមកហើយ។
លោក Lemieux បាននិយាយដូច្នេះថា៖ «របាយការណ៍នេះគឺជាការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលធ្លាប់ធ្វើកន្លងមក។ ប្រាកដណាស់ យើងមិនឃើញមានការស៊ើបអង្កេតរឿងប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់ណាមួយនោះទេ»។
លោកបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំច្បាស់ថា មានការរារាំងមួយចំនួននាពេលបច្ចុប្បន្ននេះដែលបានធ្វើឡើងសំដៅលើពលរដ្ឋរុស្ស៊ីដែលជាគោលដៅមួយចំនួន ហើយពលរដ្ឋរុស្ស៊ីទាំងនោះបាននិយាយអំពីលោក Trump និងក្រុមរបស់លោក Trump។ អ្នកមិនបានឃើញពីអ្វីដែលពួកគេបានរាយការណ៍ទៅឲ្យប្រទេសរុស្ស៊ីនោះទេ នៅពេលដែលយើងដឹងថា អ្នកទាំងនោះជាបុគ្គលសំខាន់ដែលស្ថិតក្រោមការតាមដានជាប់ជារៀងរាល់ថ្ងៃ»។
តម្រុយនៃព័ត៌មានប្រភេទនេះ ដែលអាចបង្ហាញពីប្រភព ឬក៏វិធីសាស្ត្រ ឬក៏អាចប៉ះពាល់ដល់ប្រតិបត្តិការស៊ើបការណ៍សម្ងាត់ដែលកំពុងបន្តធ្វើ ប្រហែលជាមាននៅក្នុងផ្នែកនៃរបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller ដែលត្រូវបានកែសម្រួលចំណុចមួយចំនួន។ ប៉ុន្តែ លោក Lemieux បាននិយាយថា វាទំនងជាអាចទៅរួចផងដែរដែលថា របាយការណ៍នេះមិនមានបញ្ចូលតម្រុយនៃព័ត៌មានប្រភេទនេះ ដោយសារតែការស៊ើបអង្កេតប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់កម្របញ្ចេញ «ភស្តុតាងអាក្រក់» ណាដែលចាំបាច់សម្រាប់ការកាត់ទោសឧក្រិដ្ឋកម្មណាមួយណាស់។
លោក Lemieux បានបញ្ជាក់ថា៖ «នៅក្នុងការស៊ើបអង្កេតរឿងប្រឆាំងនឹងអំពើភេរវកម្មនេះ ប្រហែលជាបង្ហាញថា គ្មានការឃុបឃិតណាមួយនោះទេ ប៉ុន្តែប្រហែលជាបង្ហាញពីការសម្របសម្រួលណាមួយ»។
កត្តាផ្សេងៗទៀតក៏បានធ្វើឲ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលបានធ្វើការជាមួយនឹងជនជាតិរុស្ស៊ីដើម្បីជ្រៀតជ្រែកដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។ បើយោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់ ក្នុងចំណោមនោះ គឺថាតើរដ្ឋាភិបាលរុស្ស៊ីមានយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ប៉ុណ្ណា ដែលធ្វើឲ្យពលរដ្ឋអាមេរិកាំងភាគច្រើននៅមានភាពស្រពិចស្រពិល។
របាយការណ៍របស់លោក Mueller បានបញ្ជាក់ថា៖ «បុគ្គលិករបស់ក្រុមហ៊ុនទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរបស់រុស្ស៊ីមួយចំនួន ដែលបានបង្ហោះសារលើអ៊ីនធឺណិតថាជាពលរដ្ឋអាមេរិកាំង និងមិនបានបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី បានទាក់ទងតាមអ៊ីនធឺណិតជាមួយនឹងអ្នកដែលមានទំនាក់ទំនងជាមួយនឹងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump និងជាមួយនឹងសកម្មជននយោបាយផ្សេងទៀត ក្នុងគោលបំណងសម្របសម្រួលសកម្មភាពនយោបាយនានា។ ការស៊ើបអង្កេតនេះមិនបានបង្ហាញនូវភស្តុតាងណាមួយដែលថា ពលរដ្ឋអាមេរិកាំងណាម្នាក់បានសម្របសម្រួលដោយចេតនាជាមួយនឹងប្រតិបត្តិការជ្រៀតជ្រែករបស់ក្រុមហ៊ុនទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរបស់រុស្ស៊ីនោះទេ»។
ប្រព័ន្ធផ្សព្វផ្សាយនានារបស់សហរដ្ឋអាមេរិក និងបុគ្គល «ល្បីឈ្មោះ» មួយចំនួនក៏ជាគោលដៅរបស់ក្រុមហ៊ុនទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរបស់រុស្ស៊ីនេះផងដែរ។
នៅពេលខ្លះទៀត រដ្ឋាភិបាលរុស្ស៊ីទំនងជាឆ្លើយតបជាមុនចំពោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump។ ឧទាហរណ៍ដូចជាកាលពីខែកក្កដា ឆ្នាំ ២០១៧ នៅពេលដែលលោក Trump ដែលកាលនោះជាបេក្ខជនប្រធានាធិបតីបានចំអកឌឺដងដាក់ប្រទេសរុស្ស៊ីឲ្យស្វែងរកអ៊ីមែលរាប់ម៉ឺនដែលបានបាត់ពីអ្នកស្រី Hillary Clinton ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
របាយការណ៍របស់លោក Mueller បានបញ្ជាក់ថា៖ «នៅក្នុងអំឡុងពេលប្រហែលជា ៥ ម៉ោង នៃការលើកឡើងរបស់លោក Trump មន្ត្រីបញ្ជាការដ្ឋានយោធារុស្ស៊ីបានសំដៅជាលើកដំបូងលើការិយាល័យផ្ទាល់ខ្លួនរបស់អ្នកស្រី Clinton»។
ទោះបីជាមានការរកឃើញដូចនេះក៏ដោយ ក៏អតីតមន្ត្រីអាមេរិកាំងមួយចំនួនបាននិយាយថា របាយការណ៍របស់លោក Mueller បានបង្ហាញថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកក៏រងការរិះគន់ផងដែរ។
លោក Steve Bucci ជំនួយការរបស់អតីតរដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Donald Rumsfeld និងដែលជាអ្នកស្រាវជ្រាវទស្សនកិច្ចនៃអង្គការ Heritage Foundation ដែលជាអង្គការស្រាវជ្រាវគោលនយោបាយសាធារណៈបែបអភិរក្សនិយមនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «បទពិសោធន៍មួយដែលយើងទាញបានគឺថា ពួកយើងមានការធ្វេសប្រហែសរឿងប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់ និងមានការធ្វេសប្រហែសទាក់ទិននឹងសមត្ថភាពរបស់យើងនៅក្នុងការប្រឆាំងនឹងរឿងរ៉ាវនានានៅលើអ៊ីនធឺណិត»។
លោកបានបន្ថែមដូច្នេះថា៖ «យើងត្រូវតែមានការគិតវែងឆ្ងាយបន្ថែមទៀតអំពីទិដ្ឋភាពនៃរឿងនេះ យ៉ាងហោចណាស់យើងត្រូវមានការយល់ដឹងបន្ថែមទៀតអំពីរឿងនេះ ហើយយ៉ាងហោចណាស់ត្រូវបង្កើនការប្រឹងប្រែងផ្នែកប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់របស់យើងថែមទៀតលើក្រុមមនុស្សដែលពាក់ព័ន្ធនៅក្នុងយុទ្ធនាការទាំងនេះ ដើម្បីធ្វើឲ្យច្បាស់ថា ពួកគេមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ ហើយទោះបីជាពួកគេមានគោលបំណងអ្វីក៏ដោយ គឺធ្វើយ៉ាងណាឲ្យច្បាស់ថា ពួកគេមិនបានធ្លាក់ចូលអន្ទាក់នៅក្នុងការធ្វើរឿងណាដែលផ្ទុយនឹងផលប្រយោជន៍ជាទូទៅរបស់សហរដ្ឋអាមេរិកទាក់ទិននឹងការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។ ឱកាសនេះទំនងជានឹងអាចកើតឡើងនៅពេលខាងមុខ។
មន្ត្រីស៊ើបការណ៍សម្ងាត់ និងមន្ត្រីក្រសួងសន្តិសុខមាតុភូមិបានព្រមានថា ប្រទេសរុស្ស៊ីបានព្យាយាមជ្រៀតជ្រែកចូលម្ដងទៀតនៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៨ ដោយយ៉ាងហោចណាស់នៅទីបំផុតមានជនជាតិរុស្ស៊ីម្នាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរបស់ប្រទេសរុស្ស៊ីត្រូវបានចោទប្រកាន់។
អ្នកវិភាគមួយចំនួនបានស្នើថា រដ្ឋាភិបាលក្រុងមូស្គូកំពុងត្រៀមយុទ្ធវិធីល្អៗបំផុត និងថ្មីបំផុតរបស់ខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២០ ខាងមុខនេះ។
ភាគច្រើននៃព័ត៌មានដែលបានកែសម្រួលនៅក្នុងការរៀបរាប់នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller អំពីក្រុមហ៊ុនទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរបស់រុស្ស៊ី និង «គម្រោង Lakhta» ទំនងជាបញ្ជាក់ថា រុស្ស៊ីពិតជាកំពុងត្រៀមយុទ្ធវិធីដើម្បីជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២០ ខាងមុខនេះប្រាកដមែន៕
ប្រែសម្រួលដោយ ភី សុភាដា