ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី មូរ សុខហួរ រិះគន់​​ថា ឥទិ្ធពល​​របស់​​ចិន​​លើ​​រដ្ឋាភិបាល​កម្ពុជា​​ជា​ឧបសគ្គ​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា


​អ្នកស្រី ​មូរ សុខហួរ​ អតីត​មេ​ដឹកនាំ​នយោបាយ​ជំទាស់​ និង​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​ប្រចាំសហរដ្ឋអាមេរិក។
​អ្នកស្រី ​មូរ សុខហួរ​ អតីត​មេ​ដឹកនាំ​នយោបាយ​ជំទាស់​ និង​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​ប្រចាំសហរដ្ឋអាមេរិក។

បើ​គ្មាន​លទិ្ធ​ប្រជា​ធិបតេយ្យ​ពិតប្រាកដ​ និង​ប្រព័ន្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ស្រប​ច្បាប់​ទេ ​នោះ​ប្រទេស​កម្ពុជា​នឹង​ឆ្ពោះ​ទៅ​រក​ការ​ជាប់​បំណុល​វណ្ឌក​ ការងារ​កំប៉ិក​កំប៉ុក​ ដីធ្លី​ដែល​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច ​និង​ធនធាន​ធម្មជាតិ​ដែល​ហិនហោច​ ក្រោម​ចំណង​ទាក់ទង​ជាមួយ​ចិន។ ​នេះ​ជា​ការ​អត្ថាធិប្បាយ​របស់​អ្នកស្រី ​មូរ សុខហួរ​ អតីត​មេ​ដឹកនាំ​នយោបាយ​ជំទាស់​ជាន់ខ្ពស់​មួយ​រូប​របស់​កម្ពុជា​ ដែល​បាន​ភៀសខ្លួន​ទៅ​រស់​នៅក្រៅ​ប្រទេស។ ​

ការ​អត្ថាធិប្បាយ​នេះ​ធ្វើ​ឡើង​ នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​កាសែត​ Asia Times ​ដែល​បាន​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធើណិត ​កាលពី​ចុង​ខែ​កញ្ញា។​

បើ​តាម​កាសែត​ Asia Times ​ប្រាំពីរ​ឆ្នាំ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​តុលាការ​កំពូល​កម្ពុជា​ អ្នកស្រី​ មូរ សុខហួរ​ ដែល​ធ្លាប់​ជា​មេ​ដឹកនាំ​កំពូល​មួយ​រូប​របស់​គណ​បក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ ​បាន​បន្ត​តតាំង​សណ្តាប់​ធ្នាប់​នយោបាយ​មួយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​មក​ពី​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ ហើយ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ មិន​សេរី ​និង​ត្រឹមត្រូវ។​

អ្នក​ស្រី​ មូរ សុខហួរ​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ ប្រាប់​កាសែត​ Asia Times ​ថា​ លោក​ខាង​លិច​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​ ១៩៩១ ដើម្បី​ធានា​បាន​អធិប​តេយ្យ​ភាព និង​ការ​តាំងចិត្ត​របស់​កម្ពុជា​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ក្រោយ​ពី​ការ​កើត​មាន​សង្គ្រាម​ស៊ីវិល​ជា​ច្រើន​ទសវត្សរ៍​ដែល​បញ្ឆេះ​ដោយការ​ប្រជែង​អំណាច​ក្នុង​តំបន់។​

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​កាសែត​ Asia Time​ អ្នកស្រី​អះអាង​ថា​ ឯករាជ្យ​ភាពរបស់​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ដោយសារការ​រីក​ធំ​នៃ​អំណាច​របស់​ចិន​ និង​ឥទ្ធិពល​លើ​គណបក្ស​គ្រប់គ្រប់​ប្រទេស​កម្ពុជា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។​ ​អ្នកស្រី​ថ្លែង​ថា​ ឥទ្ធិពល​ចិន​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ព្រោះ​គេ​ឃើញ​ការ​កើន​ឡើង​វត្តមាន​យោធា​ចិន​ អំពើ​ឆបោក ​និង​ប្រតិបត្តិ​ការ​ជួយ​ដូរ​មនុស្ស​ចាត់ចែង​ដោយ​អង្គការ​ឧក្រិដ្ឋ​សម្ងាត់​ចិន​ និង​ការ​ផ្តល់​ប្រាក់​កម្ចី​ជាច្រើន​ តាម​គំនិត​ផ្តួច​ផ្តើមក្រវ៉ាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិន​ (BRI) ​និង​រំហូរ​ចូល​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ចិន ក៏​ដូច​ជា​ក្រុមហ៊ុន​សាងសង់​របស់​ចិន។​

សារ​ព័ត៌មាន ​Asia Times​ បាន​រំលេច​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកស្រី​ មូរ សុខហួរ​នោះ​ អតីត​នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន សែន​ បាន​ផ្តល់​អាទិភាព​លើចំណង​ទាក់ទង​ជាមួយ​ចិន​ ​នៅ​ពេល​បញ្ចប់​ការ​ដឹក​នាំ​ជាច្រើន​ទសវត្សរ៍​របស់​លោក ខណៈ​ទំនាក់​ទំនង​ជាមួយ​លោក​ខាងលិច​មាន​ភាព​ជូរ​ចត់​លើ​បញ្ហា​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស។​ ហើយ​ក៏​គ្មាន​សញ្ញាណ​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ផ្ទេរ​អំណាច​បែប​សន្តតិវង្ស​ ឬ​បន្ត​ត្រកូល​ទៅ​កូន​ប្រុស​គាត់ ​ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​ ២០២៣។​

អ្នកស្រី ​មូរ សុខហួរ​ ត្រូវ​បាន​កាសែត​ Asia Times​ ដក​ស្រង់​សម្តី​តាម​អត្ថន័យ​ដើម​ថា៖​ «ប្រទេស​កម្ពុជា​ជាប់​បំណុល​ប្រមាណ​ ១១​ពាន់​លាន​ដុល្លារ​ ហើយ​ ៤០​ភាគ​រយ​នៃបំណុល​ទាំង​នោះ​គឺ​ខ្ចីពី​ចិន។ ​នៅ​ពេល​យើង​និយាយ​អំពី​ BRI​ គឺ​លុយ​នោះ​មិន​មែន​ឱ្យ​មក​យើង​ទទេៗ​ទេ។ ​វា​ជា​ប្រាក់​កម្ចី​ ហើយ​វា​គ្មាន​លក្ខខណ្ឌ​ឱ្យ​គោរព​នីតិរដ្ឋ​ ប្រជា​ធិបតេយ្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និងតុលាការ​ឯករាជ្យ​នៅ​កម្ពុជា​ទេ»។​

អ្នកស្រី​បាន​បន្ថែម​ថា៖ ​«វា​ក៏​ជា​កម្ចី​ដើម្បី​ជំរុញ​ការ​អនុវត្ត​របៀប​វារៈ​របស់​ប្រធានាធិបតី​ចិន​លោក ​Xi Jinping ស៊ី ជិនពីង ​ដើម្បី​បាន​ភាព​គ្រប​ដណ្តប់​មិន​ថា ​តែ​ក្នុង​ប្រទេស​មួយ ​ឬ​តំបន់​មួយ​ទេ​ ប៉ុន្តែជា​ការ​គ្រប​ដណ្តប់​ទូទាំង​សាកល​លោក»។​

អ្នកស្រី ​មូរ សុខហួរ​ អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​វីអូអេ​ បន្ថែម​តាម​ប្រព័ន្ធ​ទំនាក់​ទំនង ​WhatsApp ​ថា​ ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​ប្រឹង​ប្រែង​ប្រមូល​ការណ៍​ពិត​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ជួយ​បន្ថយ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​លើប្រទេស​កម្ពុជា​ ដោយ​សំដៅ​ដល់​ក្រុម​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ការ​ធ្វើ​ព័ត៌មាន​ពិត​អំពី​ប្រទេស​ចិន ​ដូចជា​វត្តមាន​ប្រទេស​ចិន​ យោធា​ចិន​នៅ​រាម​ ហើយ​នឹង​វត្តមាន​របស់​ចិន​ គឺ​ចិនម៉ាហ្វីយ៉ា ​[អង្គការ​ឧក្រិដ្ឋ​សម្ងាត់​ចិន]​ នៅ​ឯ​ទីក្រុង​ព្រះ​សីហនុ​ និង​ទីកន្លែង​ផ្សេងៗ​ទៀត​ វត្តមាន​ប្រទេស​ចិន​នៅ​ក្នុង​ការ​ឱ្យ​មាន​កម្ចី​ដោយ​ឥត​មាន​តម្លាភាព​ ប្រជា​ពលរដ្ឋ​អត់​បាន​ដឹង​អ្វី​ខ្លះ​សោះ ​ហើយ​នឹង​បំណុល​ប្រទេស​កម្ពុជា​ទៅ​លើ​ប្រទេស​ចិន»។​ ​

រូបឯកសារ៖ ពលរដ្ឋគ្រវីទង់ជាតិ​ខ្មែរ​និង​ចិន​ ខណៈ​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនដែលត្រៀម​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋគ្រវីទង់ជាតិ​ខ្មែរ​និង​ចិន​ ខណៈ​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនដែលត្រៀម​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

ប៉ុន្តែ​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ប៉ែន បូណា ​បាន​កោត​សរសើរ​ទំនាក់​ទំនង​ចិន​ និង​កម្ពុជា ​ដែល​បាន​នាំមក​នូវ​វឌ្ឍនភាព​ជាច្រើន​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​តាម​ប្រព័ន្ធ​ WhatsApp​ ថា៖ ​«ហើយ​ទំនាក់​ទំនង​កម្ពុជា​ចិន​នេះ​គឺ​ថា ​យើង​ឃើញ​ស្រាប់​ហើយ​មាន​ការ​អភិវឌ្ឍ​ មាន​ផល​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​យើង។ ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ្វីៗ​គ្រប់​បែប​យ៉ាង។ ​យើង​ឃើញ​មាន​ការ​លូត​លាស់​ខ្លាំង​មែន​ទែន​ប្រទេស​កម្ពុជា​ ហើយ​ជា​ផល​ប្រយោជន៍​រួម​របស់​ប្រជា​ពលរដ្ឋ»។​

នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ លោក​ថ្លែង​ថា​ ប្រទេស​កម្ពុជាជា​ប្រទេស​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញលេញ ​ក្រោម​ហេតុផល​ថា​ មាន​គណបក្ស​នយោបាយ​ជា​ច្រើន​បាន​ចុះ​ឈ្មោះ​ ឈរ​ឈ្មោះ​បោះឆ្នោត។ ​លោក​បន្ថែម​ថា​ ប្រទេស​ចិន​មាន​គោល​នយោបាយ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ប្រទេស​ដទៃ​ ដែល​ជា​គោល​នយោបាយ​រដ្ឋាភិបាល​កម្ពុជា​ចង់​បាន។​

លោក​បន្ថែម​ថា៖ ​«ដូច​ដែល​សម្តេច​តេជោ​ធ្លាប់​មាន​ប្រសាសន៍​បញ្ជាក់​ច្បាស់​ កម្ពុជា​មិន​យក​អធិប​តេយ្យ​ភាព​ជាតិ​របស់​ខ្លួន​ទៅ​ប្តូរ​យក​ជំនួយ ​ឬ​ក៏​ការ​អនុគ្រោះ​ណា​មួយ​ពី​បរទេស​ទេ​ បាទ។ ​សុំ​បញ្ជាក់​ឱ្យ​ច្បាស់​កន្លែង​ត្រង់​ហ្នឹង»។​ ​

ដោយ​ឡែក​ អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​លោក​ សេង វណ្ណលី ​បាន​កត់​សម្គាល់​ថា ​ចិន​ជាប្រទេសមហា​អំណាច​មួយ​ ដែល​មិន​ទាន់​បាន​គិត​គូរ​ច្រើន​លើ​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ច្បាប់​ដែល​ទាក់ទង​នឹង​ជំនួញ​របស់​ខ្លួន​ ដែល​បាន​បង្ក​ឱ្យ​មាន​បទ​ឧក្រិដ្ឋ​ពាណិជ្ជ​កម្ម​ផ្សេងៗ ​ដូច​ជា​ការ​លាង​លុយ​កខ្វក់​ និង​ការ​បណ្តាក់​ទុន​ដែល​គិតតែ​ពី​ផល​ចំណេញ​ ​ដែល​បានបើក​ដៃ​ឱ្យ​មេ​ដឹកនាំ​ប្រទេស​ប្រកាន់​អំណាច​អាជ្ញា​និយម​មួយ​ចំនួន​យក​ភាព​ធូរ​រលុងនេះ​មក​ពង្រឹង​អំណាច​របស់​ផង​ខ្លួន។

លោក​ថ្លែង​ថា៖ ​«គាត់​មិន​សូវ​ពង្រឹង​គណនេយ្យ​ភាព តម្លាភាព​ប៉ុន្មាន​ទេ​ គឺ​ផ្អែក​ទៅ​លើ​ប្រទេស​នីមួយៗ​ ក្នុង​ការ​ចាត់​ចែង​រឿង​ផ្ទៃ​ក្នុង​ខ្លួន​ឯង។ ​ក៏ប៉ុន្តែ​ ការ​ធ្វើ​អ៊ីចឹង​ វា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ដែលចូលចិត្ត​ ឬ​និយម​ប្រើប្រាស់​អំណាច​ ឬក៏​អាជ្ញានិយម​ហ្នឹង​គឺ​តែង​តែ​យក​ផលប្រយោជន៍​ហ្នឹង​ទៅពង្រឹង​អំណាច​បន្ថែម​ ទៅ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ ហើយ​ការ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ អំណាច​របស់​ខ្លួន​នេះ​ វា​ជះ​ផល​អវិជ្ជមាន​ដល់​ការ​រំលោភ​ ជះផល​អវិជ្ជ​មាន​ដល់​ស្ថានភាព​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស​ និង​ឈាន​ទៅ​ដល់​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ​ផង​ដែរ»។ ​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​នៅ​ទីក្រុងភ្នំ​ពេញ​ តាម​សារ​អ៊ីមែល​តែ​គ្មាន​ការ​ឆ្លើយ​តប។​

អ្នកស្រី ​មូរ សុខហួរ​ ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​ Asia Times​ ទៀត​ថា​ នៅ​ក្រោម​ក្រប​ខណ្ឌ ​BRI ​ទីក្រុង​ប៉េកាំង​ផ្តល់​កម្ចី​ជាច្រើន​ដើម្បី​ជួយ​កម្ពុជា​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ ក្នុង​នោះ​ គឺ​ព្រលាន​យន្តហោះ​ ផ្លូវ​ថ្នល់​ ទំនប់​ និងយុទ្ធ​សាស្រ្ត​ថ្មី​នៃ​ការ​ជីក​ព្រែក។ ​បើ​តាម​អ្នក​ស្រី ​មូរ សុខហួរ​ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​នោះ​ ប្រទេស​ចិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្កើន​វត្តមាន​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

មេ​ដឹកនាំ​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ភូមិសាស្ត្រ​ដែល​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​អាច​ពង្រឹង​ជំហរ​របស់​ចិន ​នៅ​ក្នុង​ការ​ឈ្លានពាន​ណា​មួយលើ​កោះ​តៃវ៉ាន់។ ​អ្នកស្រី​ថា​ ដោយ​ការ​វិល​ត្រឡប់​ទៅ​កាន់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ឆ្នាំ ​១៩៩១​ ប្រទេស​កម្ពុជា​អាច​នឹង​មាន​រដ្ឋាភិបាល​ប្រជា​ធិបតេយ្យ​ជាមួយ​នឹង​អំណាច​ដែល​អាច​ច្រាន​ចោល​វត្តមាន​យោធា​ចិន​ និង​ជួយ​រារាំង​មិន​ឱ្យ​មាន​សង្គ្រាម​រោលរាល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG