ពលរដ្ឋកម្ពុជាដែលបានទៅធ្វើការជាកម្មករនៅលើទូកនេសាទថៃបានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ ហើយកាលពីខែមិថុនាមានពលករចំនួន២៣០នាក់បានវិលត្រឡប់មកវិញដោយសុវត្ថិភាពបន្ទាប់ពីមានការជួយសង្គ្រោះនៅប្រទេសឥណ្ឌូណេស៊ី។
ប៉ុន្តែអនាគតរបស់ពួកគេហាក់មិនច្បាស់លាស់ដោយសារការជួយឧបត្ថម្ភមានតិចតួចដើម្បីធានាថាពួកគេនឹងមិនធ្លាក់ចូលក្នុងគ្រោះថ្នាក់ត្រូវប្រថុយធ្វើចំណាកស្រុកជាថ្មីទៀត។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិស្នើឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងកិច្ចសហការល្អជាមួយនឹងប្រទេសប្រទេសជិតខាងដូចជាប្រទេសថៃដែលមានពលករខ្មែរជាច្រើនកំពុងធ្វើការទាំងស្របច្បាប់និងមិនស្របច្បាប់ដើម្បីធានាឱ្យបានថាសិទ្ធិរបស់ពួកគេត្រូវបានគោរពនិងឱ្យក្រុមហ៊ុនដែលកេងប្រវ័ញ្ចពលកម្មទទួលខុសត្រូវ។
លោកស្រីបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីពី«ពលករចំណាកស្រុក»ថា៖
«ត្រូវតែមានកិច្ចសហប្រតិបត្តិការយ៉ាងតឹងរ៉ឹងបំផុតរវាងរាជរដ្ឋាភិបាលខ្មែរនិងរាជរដ្ឋាភិបាលថៃតាមរយៈការចរចាគ្នាដាក់កំណត់គ្នានៅក្នុងការការពារសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋណាក៏ដោយជាពិសេសពលករចំណាកស្រុក»។
ក្នុងខែឧសភានិងមិថុនា ការិយាល័យរបស់លោកស្រីទទួលបានបណ្តឹងចំនួន១០ករណីថ្មីទៀត ទាក់ទងនឹងពលរដ្ឋបង់លុយហើយមិនទទួលបានការងារ ការដាច់ទំនាក់ទំនងជាមួយនឹងពលករដែលធ្វើការនៅប្រទេសថៃ ការបាត់ខ្លួន និងការទាមទារឱ្យថៅកែសងលុយជាដើម។
លោកស្រីមូរ សុខហួរបន្ថែមថា៖
«ខ្ញុំយល់ថារាជរដ្ឋាភិបាលទាំងពីរមិនទាន់បានជជែកគ្នាឱ្យបានតឹងរ៉ឹងហើយដាក់កំណត់ដាក់លក្ខខណ្ឌឱ្យបានច្បាស់លាស់ បែរទៅជាដោះស្រាយមួយករណីម្តងៗ។ នេះមានន័យថាជជែកគ្នាដោយអត់មានគោលការណ៍ច្បាស់លាស់គឺមិនអាចដោះស្រាយបញ្ហាបានទេ»។
លោកស្រីយល់ថាការផ្តល់ជំនាញគឺជាកត្តាសំខាន់ក្នុងការជួយឱ្យពលករធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពផងដែរ។ បើមិនដូច្នេះទេពួកគេនឹងប្រើប្រាស់កម្លាំងកាយសុទ្ធដែលងាយនឹងរងគ្រោះដោយការកេងប្រវ័ញ្ចកាន់តែខ្លាំង។
លោកស្រីបន្ថែមដែរថាពលករដែលត្រូវបានជួយសង្គ្រោះហើយវិលមកដល់ប្រទេសវិញត្រូវតែទទួលបានការបណ្តុះបណ្តាលជំនាញនិងឧបត្ថម្ភគាំទ្រផងដែរដើម្បីកុំឱ្យពួកគេត្រូវបង្ខំចិត្តធ្វើចំណាកស្រុកជាថ្មី។
លោកស្រៀវ គ្រី អតីតពលករម្នាក់ដែលទើបវិលត្រឡប់មកដល់ប្រទេសវិញកាលពីខែមុនបានបញ្ជាក់ថាលោកបានចាកចេញពីប្រទេសកម្ពុជាទៅដល់ប្រទេសថៃហើយត្រូវបានថៅកែបង្ខំឱ្យធ្វើការដោយស្ទើរគ្មានពេលសម្រាកអស់រយៈពេលជិត១០ខែមុននឹងត្រូវបានជួយសង្គ្រោះ។
លោកទទួលបានការជួយឧបត្ថម្ភតិចតួចពីអង្គការអភិវឌ្ឍមួយប៉ុន្តែមិនមែនជាជំនាញចាំបាច់ដែលអាចប្រកបមុខរបរអ្វីបានទេក្នុងខណៈពេលដែលជំនួយពីរដ្ឋាភិបាលមិនមានអ្វីសោះ។ សម្រាប់លោកស្រៀវ គ្រីលទ្ធភាពនៃការប្តឹងក្រុមហ៊ុនឱ្យសងវិញគឺមិនមានអ្វីទេ។
លោកបានបញ្ជាក់ថា៖«ខាងIOM បានទាក់ទងពួកខ្ញុំដែរប៉ុន្តែពួកខ្ញុំមិនដឹងទៅទាក់ទងរកក្រុមហ៊ុននៅឯណាពីព្រោះពួកខ្ញុំទៅមិនបានស្គាល់ក្រុមហ៊ុនពិតប្រាកដ»។
លោកស្រីមូរ សុខហួរ មើលឃើញថានេះជាករណីច្បាស់ដែលរដ្ឋាភិបាលកម្ពុជាត្រូវសហការជាមួយនឹងរដ្ឋាភិបាលថៃដើម្បីរកឱ្យឃើញក្រុមហ៊ុននោះនិងយកមកទទួលខុសត្រូវព្រោះវាជាច្បាប់អន្តរជាតិ។ លោកស្រីបន្ថែមថាកម្ពុជាមានគោលការណ៍និងច្បាប់ល្អប៉ុន្តែការអនុវត្តមិនបានល្អទេ៕