ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ ​Charles ​របស់​អង់គ្លេស​នឹង​ថ្លែង​សុន្ទរកថា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ជាតិ​ដែល​កំពុង​សោកសៅ​


រូប​ឯកសារ៖ ព្រះ​មហាក្សត្រ ​Charles កាល​នៅ​ជា​ព្រះអង្គម្ចាស់ ស្ថិត​នៅ​ក្បែរ​​ព្រះ​មាតា​គឺ​ ព្រះ​មហាក្សត្រិយានី ​Elizabeth​ ទី២ ​របស់​អង់គ្លេស នៅ​ខួប​៧០​ឆ្នាំ​នៃ​ការ​គ្រង​រាជ្យ​របស់​ព្រះអង្គ​នៅ​ក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ព្រះ​មហាក្សត្រ ​Charles កាល​នៅ​ជា​ព្រះអង្គម្ចាស់ ស្ថិត​នៅ​ក្បែរ​​ព្រះ​មាតា​គឺ​ ព្រះ​មហាក្សត្រិយានី ​Elizabeth​ ទី២ ​របស់​អង់គ្លេស នៅ​ខួប​៧០​ឆ្នាំ​នៃ​ការ​គ្រង​រាជ្យ​របស់​ព្រះអង្គ​នៅ​ក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

ព្រះមហាក្សត្រ Charles ទី៣ ដែល​ជា​ព្រះមហាក្សត្រ​ថ្មីរបស់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ត្រឡប់​ពី​ព្រះ​រាជដំណាក់​ Balmoral ​ក្នុង​ប្រទេស​ស្កុតលែន​ មកកាន់​ទីក្រុង​ឡុងដ៍ក្នុង​ប្រទេស​អង់គ្លេស​ ជា​កន្លែង​ដែល​ព្រះ​មាតា​របស់​ទ្រង់​គឺ​ព្រះ​មហាក្សត្រិយានី ​Elizabeth​ ទី២ សោយ​ទិវង្គត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ព្រះជន្ម​ ៩៦​ព្រះវស្សា។​

មហាក្សត្រ ​Charles ​មាន​ព្រះ​ជន្ម​ ៧៣​ ព្រះ​វស្សា​ និង​ជា​ព្រះ​មហាក្សត្រ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុតពេល​ឡើង​សោយ​រាជ្យ​នោះ​ ​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រទេស​ជាតិ​ដែល​កំពុង​កាន់​ទុក្ខ​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​ក៏ជា​សុន្ទរកថា​ដំបូង​របស់​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ផង​ដែរ។​

ព្រះអង្គ​ក៏​បាន​កំណត់​នៅ​ថ្ងៃ​សុក្រ​ជួប​ជា​លើក​ទីមួយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​លោកស្រី​ Liz Truss ​នៅ​ព្រះ​បរមរាជវាំង​ Buckingham​ ផង​ដែរ។ ​មហាក្សត្រិយានី​ Elizabeth ទី​២ ​បាន​តែងតាំង​លោកស្រី​ Truss​ ឱ្យ​កាន់​តំណែង​ថ្មីជា​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​ គឺ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​សោយ​ទិវង្គត​របស់ទ្រង់​ដែល​ជា​ស្តេច​សោយរាជ្យ​យូរ​ជាងគេ​បំផុត​របស់​ចក្រភព​អង់គ្លេស។​

សភា​ចក្រភព​អង់គ្លេសនឹង​បើក​សម័យ​ប្រជុំ​ពិសេស​នៅ​ថ្ងៃ​សុក្រ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រិយានី។ ​លោកស្រី Truss ​និង​រដ្ឋមន្ត្រី​ផ្សេង​ទៀត​ក៏​គ្រោង​នឹង​ចូលរួម​ពិធី​រំឭក​ដល់​ព្រះ​មហាក្សត្រិយានី​នៅ​ថ្ងៃ​សុក្រ​នៅ​វិហារ ​St. Paul's Cathedral​ ផង​ដែរ។​ ក្រោយ​មក​ ការ​បាញ់​កាំភ្លើង​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ឧទ្យាន​ Hyde Park ​និង​នៅ​ទីតាំង​ផ្សេងៗទៀត​ផង​ដែរ។​

ពិធី​ហែ​បុណ្យសព​មហាក្សត្រិយានី​ Elizabeth ​នឹង​ត្រូវ​ធ្វើឡើ​នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ​នៅ​ព្រះវិហារ​Westminster Abbey ​នៃ​ទីក្រុង​ឡុងដ៍ ​ហើយ​ថ្ងៃនោះ​ត្រូវ​កំណត់​ថា​ ជា​ទិវា​ជាតិ​នៃ​ការ​កាន់ទុក្ខ​ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។ ​គំនរ​ផ្កា ​ដែល​កាន់​តែ​ធំ​ឡើងៗ និង​ការ​គោរព​ចំពោះ​ព្រះ​មហាក្សត្រិយានី​មិនគ្រាន់​តែធ្វើ​នៅ​ព្រះ​បរម​រាជវាំង​ Buckingham ​និង​រាជដំណាក់ Windsor Castle ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​មាន​ធ្វើ​នៅ​តាម​ស្ថានទូត​ និង​វិហារនានា​របស់​អង់គ្លេស​នៅ​ជុំវិញ​ពិភព​លោក​ផង​ដែរ។

មេដឹក​នាំ​ពិភពលោក​បាន​បញ្ជូន​សារ​ភ្លាមៗ​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ។ ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថ្មី ​លោកស្រី​ Liz Truss ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «យើង​ទាំង​អស់គ្នា​រន្ធត់​ ដោយ​ឮ​ព័ត៌មាន​ដែល​យើង​ទើបតែ​ទទួល​បាន​ពី​ព្រះ​រាជដំណាក់​ Balmoral។ ​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហាក្សត្រិយានី​ជា​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ជាតិ​ និង​ពិភពលោក។ ​មហាក្សត្រិយានី​ Elizabeth ទី២​ គឺ​ជា​សិលា​គ្រឹះ​កសាង​ចក្រភព​អង់គ្លេស​សម័យ​ទំនើប។​ ប្រទេស​យើង​បាន​រីក​ចម្រើន ​និង​លូតលាស់​ក្រោម​រជ្ជកាល​របស់​ព្រះ​អង្គ»។​

លោកស្រី​និយាយ​ថា៖​ «វា​គឺ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះអង្គ​បាន​ដឹកនាំ​រាជកិច្ច​ដោយ​ភាព​ថ្លៃថ្នូរ​ និង​មាន​គុណ​តម្លៃ​បែប​នេះ​អស់​រយៈ​ពេល​៧០​ឆ្នាំ។​ រជ្ជកាល​ព្រះអង្គបាន​លាត​សន្ធឹង​ស្ទើរ​តែ​ហួសពី​ការ​ចងចាំ​របស់​យើង​ទាំងអស់​គ្នា។ ​ជា​ការឆ្លើយតប ​ប្រជារាស្ត្រ​ចក្រភព​អង់គ្លេស​ និង​ប្រជាជន​ជុំវិញ​ពិភពលោក​ស្រឡាញ់ ​និង​កោត​សរសើរ​ព្រះអង្គ។​ ដូច​ដែល​ធ្លាប់​បាន​ធ្វើ​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំមក​ហើយ​នោះ​ ​ថ្ងៃនេះ​ព្រះ​រាជកិច្ច​បាន​ត្រូវ​ផ្ទេរទៅ​ព្រះ​មហាក្សត្រ​ថ្មី​ដែល​ជា​ប្រមុខ​រដ្ឋ​ថ្មី​របស់​យើង​គឺ​ព្រះមហាក្សត្រ Charles ទី៣»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ​ មេ​ដឹកនាំ​ប្រទេស​ផ្សេងៗ​ និង​ពិភពលោក​ទាំងមូល​ក៏​បាន​ចូលរួម​មរណទុក្ខ​ និង​បង្ហាញ​ការ​សោកស្តាយ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ផង​ដែរ។

លោកស្រី ​Ursula von der Leyen​ ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​បាន​បង្ហោះ​សារ​លើ ​Twitter​ ថា៖​ «ព្រះអង្គ​បាន​ដឹកនាំ​ព្រះ​រាជកិច្ច​ឆ្លង​កាត់​សង្គ្រាម​ និង​ការ​ផ្សះផ្សា​នៅ​អឺរ៉ុប ​និង​លើស​ពី​នេះ ​ ហើយ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​សម្រាប់​ភពផែនដី ​និង​សង្គម​របស់​យើង។ ​ព្រះអង្គ​ជា​ភ្លើង​បំភ្លឺ​មិន​ឈប់​សម្រាប់​ការ​បន្ត​ផ្លាស់​ប្តូរ​ទាំង​នេះ ដោយ​បង្ហាញ​ភាព​ស្ងប់ស្ងាត់ ​និង​ការ​លះបង់​ដែល​ផ្តល់​កម្លាំង​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន។ ​សូម​ឱ្យ​ព្រះអង្គ​បាន​ទៅកាន់​សុគតិភព»។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​ Joe Biden ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​«មហាក្សត្រិយានី Elizabeth ​ទី២​ មិន​គ្រាន់​តែ​ជា​ព្រះ​មហា​ក្សត្រិយានី​ធម្មតា​ទេ។​ ព្រះអង្គ​បាន​តំណាង​ឱ្យ​សម័យ​កាល​មួយ។ នៅ​ក្នុង​ពិភព​នៃ​ការ​ផ្លាស់ប្តូរ​ឥត​ឈប់ឈរ ​ ព្រះអង្គ​គឺ​មាន​វត្តមាន​ជា​ប្រចាំ​ និង​ជា​ប្រភព​នៃ​ការ​លួងលោម​ និង​មោទន​ភាព​សម្រាប់​ប្រជាជន​អង់គ្លេស​ជា​ច្រើន​ជំនាន់​ រួមទាំង​មនុស្ស​ជាច្រើន​ ដែលនឹង​មិនមាន​ប្រទេស​ បើគ្មាន​ព្រះ​អង្គ។ ​កេរដំណែល​ព្រះអង្គ​នឹង​មាន​ទំហំ​ធំ​ធេង​នៅ​ក្នុង​ទំព័រ​នៃ​ប្រវត្តិ​សាស្ត្រ​អង់គ្លេស ​និង​ប្រវត្តិ​សាស្ត្រ​ពិភពលោក​របស់​យើង»។​

លោក ​Biden ​ក៏​បាន​បញ្ជា​ឱ្យ​បង្ហូត​ទង់ជាតិ​អាមេរិក​ពាក់​កណ្តាល​ ទាំង​នៅ​សហ​រដ្ឋ​អាមេរិក ​និង​នៅ​បរទេស ​ជា​ការ​ចងចាំ​ដល់​មហា​ក្សត្រិយានី​ រហូត​ដល់​ពេលបញ្ចុះ​សពព្រះ​អង្គ​រួចរាល់។ ​

នាយក​រដ្ឋមន្ត្រី​អៀរឡង់​លោក​ ​Michael Martin ​បាន​ហៅ​ព្រះ​មហាក្សត្រិយានី​ថា ​«មិត្ត​ដ៏អស្ចារ្យ»​ ដែល​មាន​ «ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​យោគយល់​គ្នា​រវាង​ប្រជាជន​ទាំង​ពីរ​របស់​យើង»។​

នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ Justin Trudeau ​បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្ស​ត្រិយានី​ ដែល​ព្រះអង្គ​បាន​ជួប​ជាលើក​ដំបូង​កាលពី​លោក​នៅ​ជា​កុមារ។ ​លោក​បាន​កោត​សរសើរ​ដោយ​ផ្ទាល់​ថា ​ «ព្រះអង្គ​មាន​មេត្តា​ និង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅសម្រាប់​ជនជាតិ​កាណាដា»។​

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ​លោក ​Anthony Albanese ​បាន​និយាយ​ថា ​ការ​ដោយ​ទិវង្គតរបស់​មហាក្សត្រិយានី ​គឺ​ជា​ «ការ​បញ្ចប់​នៃ​យុគ​សម័យ​ដ៏​យូរ​មួយ»។ ​ ព្រះអង្គ​ជា​ស្តេច​សោយរាជ្យ​នៃ​ចក្រភព​អង់គ្លេសតែមួយ​អង្គ​គត់​ ដែល​បាន​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ។ ​

នាយករដ្ឋមន្រ្តី​ នូវែលសេឡង់​លោកស្រី​ Jacinda Ardern​ នៅ​ថ្ងៃសុក្រ​នេះ​បាន​កោត​សរសើរ​ចំពោះ​ភាព​ «វិសាមញ្ញ»​ នៃ​ព្រះ​មហាក្សត្រិយានី និង​ព្រះ​មហាក្សត្រ​ថ្មី​គឺ ​ស្តេ​ Charles ​ទី៣​ ដែល​ជា​ប្រមុខ​រដ្ឋ​ផង​ដែរ។​

ក្រៅ​ពីនេះ​មាន​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ នាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតីនីហ្សេរីយ៉ា​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​លោក​អគ្គលេខាធិការ​អ.ស.ប.​ និង​សម្តេច​ Pope Francis។ល។ ​ក៏​មាន​ថ្លែង​កោត​សរសើរ​មហាក្សត្រិយានីទី​២ផងដែរ៕

សេចក្តី​រាយការណ៍​នេះ​រួម​មាន​ព័ត៌មាន​ពី​ The Associated Press, Reuters និង Agence France-Presse​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG