ជម្លោះដីធ្លីនៅក្នុងគ្រួសារមួយបានទាក់ទាញឲ្យមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅពេលម្តាយម្នាក់បានចោទកូនស្រីរបស់ខ្លួនថា បានយកផ្ទះនិងដីរបស់គាត់ ដែលបានទិញកាលពីជាង៣០ឆ្នាំមុន នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជម្លោះដីធ្លីនេះបានកើតឡើង ខណ:តម្លៃដីនៅខេត្តព្រះសីហនុ កើនឡើងយ៉ាងគំហុក បន្ទាប់ពីការរីកដុះដាលនៃចំនួនសំណង់ដោយអ្នកវិនិយោគចិន នៅក្នុងខេត្តមួយនេះ។ ដីដែលមានជម្លោះនេះមានទំហំប្រមាណ ៦០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់ទីប្រជុំជននិងជាកន្លែងពេញនិយមរបស់អ្នកវិនិយោគចិន។ ដីនេះអាចមានតម្លៃចន្លោះពី ១,២ លានទៅ ១,៨ លានដុល្លារអាមេរិក នេះបើយោងតាមការអះអាងរបស់ក្រុមគ្រួសារដែលមានជម្លោះដីធ្លីនេះ។
ជម្លោះនេះក៏នាំឲ្យមានការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្រោយពីវីដេអូនិងរូបថត ដែលបង្ហាញពីជម្លោះរវាងម្តាយនិងកូននេះត្រូវបានចែកចាយលើបណ្តាញសង្គម។
អ្នកស្រី ហាន គាក់ អាយុ៨៤ឆ្នាំ បានចោទកូនស្រីច្បងរបស់គាត់ គឺអ្នកស្រី ដេង អាង និងកូនប្រសារឈ្មោះ អ៊ីវ សាយ ថា បានធ្វើឯកសារគ្រប់គ្រងដីតាមច្បាប់ដោយមិនបានពិគ្រោះយោបល់ជាមួយអ្នកស្រី។
ក្នុងបទសម្ភាសន៍ជាមួយ VOA នៅផ្ទះកូនរបស់អ្នកស្រី អ្នកស្រី ហាន គាក់ បានថ្លែងថា៖ «ផ្ទះៗខ្ញុំសោះ ហើយមិនគួរមកធ្វើអញ្ចឹងឲ្យពិបាកទេ។ ខ្ញុំរាល់ថ្ងៃដេកយំ ពិបាកណាស់ ទឹកភ្នែក។ មិនដឹងកូនគេធ្វើដល់របៀបអញ្ចឹងទេ។ គេយកអញ្ចឹងទេ។ កូនចង់បានណាស់ណា។ ខ្ញុំអញ្ជើញហើយទេវតាអើយ ទេវតាជួយ គុណម៉ែ គុណឪជួយទេ»។
អ្នកស្រី ហាន គាក់ ដែលមានកូន ៥នាក់ ស្រី៣ ប្រុស២ បានដាក់ពាក្យបណ្តឹងទៅតុលាការ តាំងពីឆ្នាំ ២០១៦ ប៉ុន្តែរហូតមកដល់ពេលនេះតុលាការមិនទាន់ចេញសេចក្តីសម្រេចទៅលើរឿងក្តីនេះនៅឡើយទេ។
យោងតាមកំណត់ហេតុសួរចម្លើយរបស់តុលាការខេត្តព្រះសីហនុ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ដែល VOA ទទួលបាន អ្នកស្រី ហាន គាក់ បានប្រាប់តុលាការថា អ្នកស្រីបានទិញដីទាំងអស់នោះជាចំណែកៗ ចាប់ពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ១៩៨៨។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា ដីនិងផ្ទះដែលទិញនោះ ពុំមានកិច្ចសន្យានោះទេ គឺគ្រាន់តែទិញលក់ដោយផ្ទាល់មាត់ និងគ្រាន់តែប្រាប់ដល់អាជ្ញាធរឲ្យដឹងតែប៉ុណ្ណោះ។
បើតាមកំណត់ហេតុចម្លើយ អ្នកស្រី ហាន គាក់ បានទិញដីទាំងនោះក្នុងតម្លៃ៣ជីមាស ដែលកាលនោះមាសត្រូវបានប្រើប្រាស់ជាការដោះដូររបស់ទ្រព្យដូចលុយដែរ។ អ្នកស្រីបន្ថែមថា ចាប់តាំងពីទិញដីហើយ អ្នកស្រីមិនដែលលក់ឬផ្ទេរដីនោះទៅឲ្យអ្នកផ្សេងនោះទេ។
អ្នកស្រីបានប្តឹងកូនឈ្មោះ ដេង អាង និងកូនប្រសារឈ្មោះ អ៊ីវ សាយ ដោយចោទថាពួកគេទាំងពីរនាក់បានលួចធ្វើប្លង់លើដីដែលជាកម្មសិទ្ធិរបស់អ្នកស្រី ដោយពុំមានការអនុញ្ញាតពីអ្នកស្រី។
កូនស្រីច្បង ដេង អាង អាយុ៦១ឆ្នាំ ដែលរងពាក្យបណ្តឹងរបស់ម្តាយ បានឆ្លើយតបថា ប្អូនស្រីរបស់អ្នកស្រីពីរនាក់ទៀតនិងប្អូនប្រុសម្នាក់ បានបញ្ចុះបញ្ចូលម្តាយឲ្យប្តឹងអ្នកស្រី។ អ្នកស្រីថាប្អូនៗរបស់អ្នកស្រីចង់បានចំណែកដីនោះ។
អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីក្នុងខេត្តព្រះសីហនុថា៖
«កូនហ្នឹងបញ្ចុះបញ្ចូលចង់បានតូបនេះ។ ដល់ហើយគាត់ក៏ទៅតាមគេទៅ។ គាត់នៅជាមួយយើងជាង ៤០ ឆ្នាំហើយ»។
អ្នកស្រីបញ្ជាក់បន្ថែមថា៖
«រឿងអីមកប្តឹងយើងយកផ្ទះចែកគ្នា៥នាក់? យើងរកស៊ីចិញ្ចឹមវាហើយអស់ហើយហ្នឹង។ ការហើយអស់ហ្នឹង។ វាលុយប៉ុន្មានចែកឲ្យវាអស់»។
នៅក្នុងកំណត់ហេតុចម្លើយទៅតុលាការចុះខែសីហា ឆ្នាំ ២០១៦ អ្នកស្រី ដេង អាង បានលើកឡើងថា អ្នកស្រីជាអ្នកឲ្យមាសទៅម្តាយដើម្បីទិញផ្ទះ និងដីជម្លោះនេះ ពីព្រោះនៅពេលនោះ ម្តាយអ្នកស្រីពុំមានរបររកស៊ីអ្វីនោះទេ។
អ្នកស្រីបានថ្លែងបញ្ជាក់ប្រាប់ VOA បន្ថែមថា៖
«ពេលដែលខ្ញុំទៅរកស៊ី ខ្ញុំទុកលុយឲ្យគាត់។ អត់មានទុកចិត្តប្តីទេ។ ប្តីខ្ញុំលេងល្បែង។ ពេលដែលខ្ញុំរកស៊ីមកទុកឲ្យគាត់។គាត់ចង់ទិញដីកន្លែងណា គាត់ប្រាប់ខ្ញុំ។ ខ្ញុំថានេះយកលុយហ្នឹង យកលុយហ្នឹងទៅទិញទៅ»។
អ្នកស្រី ដេង និ ដែលត្រូវជាប្អូនស្រីរបស់អ្នកស្រី ដេង អាង បានប្រាប់ VOA ថា អ្នកស្រីគាំទ្រឲ្យម្តាយរបស់អ្នកស្រីឲ្យប្តឹងបងស្រីអ្នកស្រី។ អ្នកស្រី ដេង និ បន្ថែមថា អ្នកស្រីធ្លាប់លក់ដូរនៅតូបមួយលើដីមានជម្លោះនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយមកអ្នកស្រីត្រូវបានបណ្តេញចេញតាមសេចក្តីសម្រេចរបស់តុលាការ។
យោងតាមសេចក្តីសម្រេចមួយរបស់តុលាការ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តុលាការបានសម្រេចឲ្យអ្នកស្រី ដេង និ រុះរើកន្លែងនោះចេញ។
នៅក្នុងសេចក្តីសម្រេចរបស់តុលាការ អ្នកស្រី ដេង អាង និងស្វាមី បានលើកឡើងថា ពួកគេនឹងជូនម្តាយ ២ម៉ឺនដុល្លារអាមេរិក សម្រាប់ការចំណាយប្រចាំថ្ងៃផ្សេងៗ។
អ្នកស្រី ដេង និ អាយុ ៤៨ឆ្នាំ ដែលត្រូវជាប្អូនស្រី មានប្រសាសន៍ថា ម្តាយអ្នកស្រីគួរតែជាអ្នកមានសិទ្ធិសម្រេចក្នុងការបែងចែកដីនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ចំណែកផ្ទះម៉ែដឹងថារបស់ម៉ែ អត់មានគាត់ត្រូវលោភលន់អញ្ចឹងទេ។ យកតែឯង ដេញម៉ែ ដេញខ្ញុំអញ្ចឹងទេ»។
ប្អូនស្រីរបស់អ្នកស្រី ដេង អាង ម្នាក់ទៀត គឺអ្នកស្រី ដេង វណ្ណា មានប្រសាសន៍ថាដីនោះ គឺម្តាយអ្នកស្រីបានទិញទុកឲ្យកូនៗដែលកាលនោះមិនទាន់រៀបការនៅឡើយ។
អ្នកស្រីបញ្ជាក់ថា៖
«ព្រោះអីគាត់ទិញឲ្យពួកខ្ញុំ កាលនៅលីវៗ។ ខ្ញុំសាក្សីថា នេះជារបស់ម៉ែមែន ទិញឲ្យពួកខ្ញុំនៅ។ ប៉ុន្តែបើសិនណាបានថ្ងៃក្រោយ គាត់យកទៅធ្វើអី គាត់យកទៅចែកឲ្យអ្នកណាស្រេចតែគាត់ទេ»។
យោងតាមដីការរបស់តុលាការ ដេង និ និងដេង វណ្ណា ក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមច្បាប់ភូមិបាល។
លោក លឹម ប៊ុនហេង អ្នកនាំពាក្យរបស់សាលាដំបូងខេត្តព្រះសីហនុ មានប្រសាសន៍ថា លោកមិនចាំសំណុំរឿងទាំងអស់នោះទេ ហើយលោកត្រូវការពេលវេលា ដើម្បីស្វែងរកសំណុំរឿងនេះ។
បច្ចុប្បន្ននេះ អ្នកស្រី ដេង និ និង ដេង វណ្ណា កំពុងរស់នៅផ្ទះល្វែងកម្ពស់បីជាន់ ម្នាក់មួយ នៅខាងក្រោយដីមានជម្លោះនេះ។ អ្នកស្រី ហាន គាក់ កំពុងរស់នៅជាមួយកូនស្រីឈ្មោះ ដេង វណ្ណា។
ជម្លោះមួយនេះបានធ្វើឲ្យបងប្អូន ៥នាក់ និងម្តាយ លែងរាប់អានគ្នា។
អ្នកស្រី ដេង អាង បានលើកឡើងថា៖
«មនុស្សក្រពើទៅត្រូវគ្នាទៀត។ សាច់ឈាមយើងបង្កើតមែនពិត បើឈាមហ្នឹងវាមានដំបៅអាលួយស្អុយហើយ យើងទុកធ្វើអីទៀត បេះក្រវាត់ចោល ទុកធ្វើអីទៀត»។
ចំណែកប្អូនស្រី គឺអ្នកស្រី ដេង និ មានប្រសាសន៍ថា អ្នកស្រីមិនអាចសម្រុះសម្រួលលើបញ្ហានេះទេ ហើយអ្នកស្រីចង់ឲ្យតុលាការជាអ្នកសម្រេច។
ចំណែកអ្នកស្រី ហាន គាក់ ដែលជាម្តាយ មានប្រសាសន៍ថា អ្នកស្រីចង់បានដីមកវិញសិន មុនអ្នកស្រីសម្រេចបែងចែកដីនេះ៕