តំណាងរាស្រ្តនៅសហរដ្ឋអាមេរិកបានអនុម័តសំណើច្បាប់មួយសម្រាប់ការដាក់ឲ្យប្រើប្រាស់រថយន្តបើកដោយខ្លួនឯង និងរារាំងបណ្តារដ្ឋនានាពីការដាក់បម្រាមនានាលើរថយន្តបើកបរដោយខ្លួនឯង។
កាលពីថ្ងៃពុធ ទី០៧ ខែកញ្ញាកន្លងទៅនេះ សភាតំណាងរាស្រ្តអាមេរិក បានអនុម័តច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្ត ទទួលបានការលើកលែងមួយ ដែលអាចឲ្យពួកគេដាក់ឲ្យដំណើរការយានយន្តរហូតដល់ទៅ ២៥.០០០ គ្រឿងនៅឆ្នាំដំបូង ដោយមិនចាំបាច់បំពេញតាមនិយាមសុវត្ថិភាពយានយន្ត ដែលមាននាពេលបច្ចុប្បន្ន។ ចំនួនរថយន្តនេះនឹងកើនឡើងរហូតដល់ ១ សែនគ្រឿងជារៀងរាល់ឆ្នាំ នៅក្នុងរយៈពេលបីឆ្នាំខាងមុខ។ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ រួមមានក្រុមហ៊ុន General Motors Co និង Waymo ដែលជាផ្នែកខាងបង្កើតយានយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Alphabet Inc សង្ឃឹមថា នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់រថយន្តបើកដោយខ្លួនឯងនៅអំឡុងឆ្នាំ ២០២០។
រថយន្តបើកដោយខ្លួនឯង ធ្លាប់ត្រូវបានគេផលិតឡើងតាំងពីពេលមុនៗមក។ អាជីវកម្មមួយចំនួនក៏បានចាប់អារម្មណ៍លើរថយន្តប្រភេទនេះដែរ ដែលរួមមាន ក្រុមហ៊ុន Domino's Pizza ដែលដឹកជញ្ជូនអាហារទៅតាមផ្ទះរបស់អតិថិជន និងពលរដ្ឋវ័យចំណាស់ ដែលលែងមានលទ្ធភាពបើកបរដោយខ្លួនឯងបានទៀត។
អ្នកស្រី Mary Roberts នៅក្រុង New Jersey បាននិយាយថា៖
«នៅពេលដែលខ្ញុំត្រូវទៅជួបវេជ្ជបណ្ឌិត ឬទន្តពេទ្យ ឬនរណាម្នាក់ ខ្ញុំត្រូវផ្តល់ដំណឹងពីរសប្តាហ៍ជាមុន ពីព្រោះយើងមិនមាន អ្នកបើកបរ (ស្ម័គ្រចិត្ត) គ្រប់គ្រាន់»។
ក្រុមហ៊ុនរថយន្តធុនធំដឹកឥវ៉ាន់ក៏បានចាប់អារម្មណ៍ផងដែរ។ ប៉ុន្តែក្រុមការពារប្រយោជន៍អតិថិជន ដែលចោទសួរពីសុវត្ថិភាពនៃយានយន្តបើកដោយខ្លួនឯង បានបង្អាក់ការដាក់ឲ្យប្រើប្រាស់នោះ។ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗបានអះអាងថា កាមេរ៉ា កាំរស្មីឡេសឺ ប្រដាប់ចាប់សញ្ញា sensor រ៉ាដា និងគ្រឿងសម្ភារៈបច្ចេកវិទ្យាខ្ពស់ដទៃទៀត បានធ្វើឲ្យរថយន្តបើកដោយខ្លួនឯង មានសុវត្ថិភាពជាងរថយន្តទូទៅ។
កាលពីថ្ងៃពុធ ទី០៧ ខែកញ្ញាដដែលនេះ ក្រុមឧស្សាហកម្មផលិតរថយន្តបានលុបចោលឧបសគ្គផ្លូវច្បាប់ដ៏ធំមួយ នៅពេលដែលតំណាងរាស្រ្តនៅសហរដ្ឋអាមេរិកបានអនុម័តយ៉ាងស្របគ្នានូវច្បាប់មួយ ដែលផ្តល់ការអនុញ្ញាតដល់រថយន្តបើកដោយខ្លួនឯង។
លោក Greg Walden តំណាងរាស្រ្តគណបក្សសាធារណរដ្ឋមួយរូបមកពីរដ្ឋ Oregon បានលើកឡើងពីសុវត្ថិភាពប្រសើរជាងមុនសម្រាប់រថយន្តប្រភេទបច្ចេកវិទ្យាខ្ពស់ទាំងនោះ។ លោកបានមានប្រសាសន៍ថា៖
«ជាមួយនឹងចំនួនចុងក្រោយបង្អស់អ្នកតាមផ្លូវថ្នល់ គេត្រូវការបច្ចេកវិទ្យា ជាពិសេសនាពេលបច្ចុប្បន្ន។ មនុស្សប្រហែល ៤ម៉ឺននាក់បានបាត់បង់ជីវិតនៅលើផ្លូវថ្នល់ក្នុងប្រទេសយើងកាលពីឆ្នាំមុន ដែលចំនួននេះតំណាងឲ្យកំណើនមួយកម្រិតទៀតនៃការស្លាប់ប្រចាំឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហើយនៅរដ្ឋ Oregon របស់ខ្ញុំផ្ទាល់ ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺមានខ្ពស់បំផុតក្នុងរយៈពេល ១៤ឆ្នាំកន្លងមកនេះ ដែលនេះជាកំណើន ២០ភាគរយធៀបនឹងឆ្នាំមុន។ ស្ថិតិបានប្រាប់ពួកយើងថា ៩៤ភាគរយនៃគ្រោះថ្នាក់គឺពាក់ព័ន្ធនឹងឥរិយាបថរបស់មនុស្ស។ អំឡុងពេលដែលយើងធ្វើដំណើរប្រចាំថ្ងៃនៅពេលព្រឹក សូមមើលទៅជុំវិញខ្លួនទៅបានហើយ។ យើងឃើញមនុស្សផ្សេងៗកំពុងមើលទូរស័ព្ទរបស់ពួកគេ បើកបរនៅជិតពួកយើង ហើយកំពុងធ្វើអ្វីផ្សេងៗ»។
ច្បាប់អនុម័តដោយសភានេះមិនបានរួមបញ្ចូលរថយន្តធុនធំនោះទេ។
លោក Earl Blumenauer តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Oregon បាននិយាយថា៖
«ការណ៍ដែលថា ការងារជាអ្នកបើកបរជា ការងារប្រភេទទីមួយសម្រាប់បុរស ដែលមិនបានចូលរៀននៅមហាវិទ្យាល័យ នេះពិតជាបញ្ហាហើយ។ ប្រសិនបើយើងមិនបានរៀបចំត្រឹមត្រូវទេនោះ វាអាចបង្កឲ្យមានការស្ទះចរាចរណ៍ ជាជាងកាត់បន្ថយការស្ទះទៅវិញ»។
ព្រឹទ្ធសភាអាមេរិកកំពុងតែពិនិត្យមើលសេចក្តីព្រាងច្បាប់ស្រដៀងគ្នានេះ ហើយទាំងសភាជាន់ខ្ពស់ និងសភាជាន់ទាបត្រូវតែជ្រើសរើសនូវដំណោះស្រាយរួមគ្នាមួយ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា