មនុស្សប្រមាណ៣០នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាការព្រួយបារម្ភបន្ថែមមួយ ខណៈអាជ្ញាធរបានបញ្ជាទិញក្តារមឈូសប្រមាណ៣ពាន់ពីប្រទេសថៃ សម្រាប់ទុកដាក់សពអ្នកជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ មានចំនួន៣១នាក់ ដែលធ្វើឱ្យអ្នកស្លាប់សរុបកើនឡើងដល់៧៧៩នាក់។ ចំណែកអ្នកឆ្លងថ្មីមានចំនួន៩៣៥នាក់ ដែលនាំឱ្យអ្នកឆ្លងជំងឺនេះសរុបកើនឡើងដល់ជាង៥៦.០០០នាក់។
កាលពីថ្ងៃច័ន្ទ ក្រសួងសុខាភិបាលបានរាយការណ៍ថាមនុស្ស២៨នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថារដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញក្តារមឈូសពីប្រទេសថៃចំនួន៣ពាន់សម្រាប់ដាក់សពអ្នកស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា ដែលមកដល់ថ្ងៃនេះ គឺទទួលបានចំនួន៤០០ក្តារមឈូសហើយ។
លោកថ្លែងថា៖« ពាក់ព័ន្ធទិញក្តារមឈូសនេះ សម្តេចអគ្គមហាសេនាបានបញ្ជាទិញក្តារមឈូសចំនួន៣ពាន់ក្តារមឈូសសម្រាប់ទុកដាក់ជូនបងប្អូនប្រជាពលរដ្ឋដែលគាត់រងគ្រោះបាត់បង់ជីវិតដោយសារជំងឺកូវីដ»។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យយកឈើដែលចាប់បានខុសច្បាប់មកធ្វើជាក្តារមឈូសសម្រាប់ទុកដាក់សពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានណែនាំលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសព្រៃឈើ ឱ្យយកឈើដែលរឹបអូសបានមករៀបចំធ្វើក្តារមឈូស និងបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តារមឈូសទុក។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកកំពុងពិនិត្យមើលនិងពិភាក្សាជាមួយអន្តរក្រសួង ដើម្បីថ្លឹងថ្លែងរវាងតម្លៃក្តារមឈូស និងតម្លៃឈើប្រណិតដែលចាប់បាន។ លោកបញ្ជាក់ថាឈើដែលចាប់បានកន្លងមក មានសរុបប្រមាណ៥ពាន់ម៉ែត្រគូប។
លោកថ្លែងថា៖ «ដូច្នេះហើយយើងត្រូវការពេលវេលា ដើម្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់បន្ថែមអំពីប្រភេទឈើទាំងអស់នោះ ហើយឈើណាដែលអាចនឹងយកទៅធ្វើក្តារមឈូសបាន ហើយឈើណាមានតម្លៃខ្ពស់ដែលយើងពិនិត្យអំពីបញ្ហាតម្លៃរបស់ឈើ ហើយនិងតម្លៃរបស់ក្តារមឈូស ដើម្បីធ្វើការពិចារណា»។
លោកឱ្យដឹងទៀតថាក្រុមការងារកំពុងរៀបចំឯកសារនានា ដើម្បីដាក់ទៅរដ្ឋាភិបាល ពិនិត្យនិងសម្រេចបែងចែងនូវប្រភេទឈើប្រណិតៗទាំងនេះ។
លោកបន្ថែមថា៖ «ខាងក្រុមការងារ ដើម្បីធ្វើសេនាធិការជូនទៅរាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ឈើនេះ ជាឧទាហរណ៍ក្តារមឈូស ជូនកាលលក់នៅខាងក្រៅ គឺមានតម្លៃថោកជាងឈើដែលយើងមាននៅក្នុងដៃ ដូចឈើប្រណិតអញ្ចឹង តម្លៃវាខ្ពស់។ បរិមាណឈើស្មើគ្នា ប៉ុន្តែបើយើងលក់ឡៃឡុងឈើនេះ យើងអាចទៅទិញក្តារមឈូសបាន២ទៅ៣ ឬ ៤ក្តារមឈូស។ នេះក៏ជាកិច្ចការងារដែលយើងបាននិងកំពុងគិត ប៉ុន្តែអ្វីដែលយើងកំពុងគិត អ្វីដែលយើងបានកំពុងតែផ្ទៀងផ្ទាត់នេះ ពាក់ព័ន្ធសំខាន់ គឺធ្វើជាសេនាធិការ[ដែលជា]តួនាទីរបស់យើងហើយការសម្រេចជាចុងក្រោយ រាជរដ្ឋាភិបាលលោកនឹងសម្រេច» ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់វីអូអេឱ្យទៅសួរគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលោកថាក្រសួងសេដ្ឋកិច្ចត្រឹមតែជាអ្នកទម្លាក់ថវិកាសម្រាប់ការទិញតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «រឿងចំនួនក្តារមឈូស ទាល់តែសួរទៅគណៈកម្មាធិការ។ បើគណៈកម្មាធិការគេស្នើមកយ៉ាងម៉េច គឺអញ្ចឹងហើយ។ ក្រសួងសេដ្ឋកិច្ចត្រៀមតែថវិកាទេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងអ្នកនាំពាក្យក្រសួងលោក ហុក គឹមចេង បានទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍនិងសន្តិភាព ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថារដ្ឋាភិបាលគួរតែពិចារណានិងផ្អាកបណ្តោះអាសន្ននូវមុខរបរណាដែលមានការជួបជុំមនុស្សច្រើន ជាពិសេសការជួបជុំផឹកស៊ី ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបន្ថែមថារដ្ឋាភិបាល ត្រៀមក្តារមឈូសនេះ គឺប្រហែលជាអ្នកជំងឺកូវីដ១៩ច្រើនដែលមានអាការៈធ្ងន់ធ្ងរ ដែលជាការព្រួយបារម្ភមួយ។
លោកថ្លែងថា៖ «រដ្ឋាភិបាលលោកមើលឃើញថាអ្នកស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ប្រហែលជាអាចច្រើន អញ្ចឹងហើយបានមានលក្ខណៈត្រៀម[ក្តារមឈូស]បែបហ្នឹង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជាមួយគ្នានោះ យើងត្រូវតែត្រៀម និងរកវិធីក្នុងការកាត់បន្ថយអត្រានៃអ្នកស្លាប់កុំឱ្យមានការកើនឡើង ហើយការឆ្លងកុំឱ្យមានការកើនឡើង។ អញ្ចឹង រដ្ឋាភិបាលត្រូវធ្វើការសម្រេចចិត្ត…ការជួបជុំណាដែលវាបង្កឱ្យមានហានិភ័យឬផលិតផលណាដែលវាមានហានិភ័យ ដូចជាការផឹកគ្រឿងស្រវឹង... ឬក៏ជាពិធីជួបជុំដែលមានការផឹកស៊ីជាដើម គួរតែមានការហាមឃាត់កុំឱ្យមាន ដើម្បីថាយើងឈានទៅរកការកាត់បន្ថយអត្រានៃការឆ្លង និងអត្រានៃការស្លាប់»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ ក្រសួងសុខាភិបាលបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) ដែលមានកម្រិតឆ្លងខ្លាំងក្លា។ ក្រសួងបញ្ជាក់ថាការចម្លងវីរុសបំប្លែងថ្មីប្រភេទនេះ មានភាពសាហាវខ្លាំងជាងវីរុសកូវីដ១៩បំប្លែងខ្លួនមុនៗប្រហែលដល់ទៅ១៥ដង៕