ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថា​​អ្នក​ស្លាប់​ដោយ​កូវីដ១៩​កើន​ដល់​៣២​នាក់​ក្នុង​១ថ្ងៃ​ ខណៈ​លោក​ ហ៊ុន សែន ​បញ្ជា​ឲ្យ​ប្រមូល​ទិញ​ក្តារ​មឈូស


រូប​ឯកសារ៖ ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)
រូប​ឯកសារ៖ ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ជិត​១​ពាន់ករណី​និង​ស្លាប់​ចំនួន​៣២​នាក់​ដោយសារ​ជំងឺ​កូវីដ១៩ក្នុង​មួយថ្ងៃ​ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយធំ​កាល​ពី​ថ្ងៃ​ទី២០​ខែ​កុម្ភៈ។ គេ​ដឹង​ថា​នេះ​ជា​កំណត់​ត្រា​ខ្ពស់​ជាង​គេ​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​ស្លាប់​ក្នុង​រយៈ​ពេល​៣ថ្ងៃ​ចុងក្រោយ​នេះ ដែល​កាល​ពី​ថ្ងៃ​ពុធ​មាន​ចំនួន​២៧នាក់​និង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ចំនួន​២៦​នាក់។​

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ករណីឆ្លង​ថ្មី​មាន​៩៦៦​នាក់ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ជាង​៥២.៣៥០​ករណី។ ចំណែក​ករណី​ស្លាប់​មាន​ចំនួន​៣២នាក់​ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​មាន​ចំនួន​៦៦០​នាក់។

នៅ​ក្នុង​ការ​ថ្លែង​មួយ​តាម​ប្រព័ន្ធ​អនឡាញ​ស្តី​ពី​ស្ថានភាព​ជំងឺ​កូវីដ១៩​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ដែល​កំពុង​រាតត្បាត​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​ក្នុង​នោះ​មាន​ការ​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ការ​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ១៩​ដោយ​ខ្លួនឯង​បង្កើន​សមត្ថភាព​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​នៅ​តាម​បណ្តា​ខេត្ត និង​រឹត​បន្តឹង​យ៉ាង​តឹងរ៉ឹងការ​ចេញ​ចូល​ទាំង​ផ្លូវ​គោក​តាម​ព្រំដែន​និង​ផ្លូវ​អាកាស។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន​ក៏​បាន​បញ្ជា​ឲ្យ​ទិញ​ក្តារ​មឈូស​នៅ​លើ​ទីផ្សារ​និង​យក​ឈើ​ដែល​ចាប់​បាន​ពីបទល្មើស​ព្រៃឈើ​មក​ផលិត​ជា​ក្តារ​មឈូស​សម្រាប់​ទុក​បូជា​សាកសព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ។​

បើ​តាម​ក្រសួង​សុខាភិបាល​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​អាជ្ញាធរ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ប្រមាណ​៤លាន​៣សែន​នាក់ គឺ​ស្មើ​នឹង​៤៣%​នៃ​ចំនួន​ប្រជាពលរដ្ឋ​១០​លាន​នាក់​ដែល​ត្រូវ​ចាក់។ លោក​ ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​សម្រុក​ចាក់​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០លាន​នាក់ នៅ​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ ​នេះ។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​សប្តាហ៍​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta)​ ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង​ក្លា។ ក្រសួង​បញ្ជាក់​ថា​ការ​ចម្លង​វីរុស​បំប្លែង​ថ្មី​«ដែលតា» មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូវីដ​១៩​បំប្លែង​មុនៗ​ប្រហែល​ដល់​ទៅ​១៥​ដង​ខ្លាំង​ជាង​ការ​ចម្លង​ពី​ពេល​កន្លង​ទៅ៕

XS
SM
MD
LG