ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​ក្រុមហ៊ុន​ជាង២០​ព្រមាន​កម្ពុជា​ពី​ការ​បាត់បង់​ឋាន:​អនុគ្រោះ​ពន្ធ​បើ​គ្មាន​ការ​កែ​លម្អ​សិទ្ធិ​ការងារ


រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M មួយកន្លែងនៅខេត្តកណ្តាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M មួយកន្លែងនៅខេត្តកណ្តាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

តំណាង​ក្រុមហ៊ុន​ និង​អ្នក​បញ្ជា​ទិញទំនិញ​កាត់ដេរ​ពី​ប្រទេស​កម្ពុជា​ បាន​អំពាវនាវ​ដល់រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ កែប្រែ​លក្ខខណ្ឌ​ច្បាប់​លើ​ការអនុវត្ត​សិទ្ធិ​សហជីព​ បញ្ឈប់​ការ​គាប​សង្កត់​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​លើកលែង​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​មេ​ដឹកនាំ​សហជីព​ នៅ​គ្រា​ដែល​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ និង​ស្នើ​ឲ្យ​ពិនិត្យប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​លិខិត​មួយ​របស់​តំណាង​ក្រុម​ហ៊ុន​ និង​អ្នក​បញ្ជាទិញ​ចំនួន​ជាង​២០ ដែល​បាន​ផ្ញើ​ជូន​នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន ហើយ​ដែល ​VOA​ បាន​ទទួល​កាល​ពី​ថ្ងៃ​សុក្រ។

លិខិត​របស់​ក្រុម​តំណាង​ក្រុម​ហ៊ុន​ និង​អ្នក​បញ្ជា​ទិញ កើត​មាន​ឡើង​ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​ការ​បន្ត​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​នូវប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើក​លែង​សព្វាវុធ»​ ឬ​ហៅ​ថា​ Everything But Arms​ ដោយ​សារ​តែ​ដំណើរ​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​នានា។

ក្នុង​លិខិត​របស់​ក្រុមតំណាង​ក្រុមហ៊ុន​ និង​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​ពី​ប្រទេស​កម្ពុជាចុះថ្ងៃ​ទី២២​ ខែ​មករា​ ឆ្នាំ​២០២០​ និង​ដែល​បាន​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក្រុម​អ្នក​តំណាង​បាន​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ក្រីក្រ​មួយ​នេះ កែប្រែ​ចំណុច​គន្លឹះ​ចំនួន​បួន​សំខាន់ៗ។

តំណាង​ក្រុមហ៊ុន ​និង​អ្នកបញ្ជា​ទិញ​ ឬ​ម្ចាស់​ផ្លាក​យីហោ​ល្បីៗ​មាន​ដូច​ជា​ក្រុមហ៊ុន​ Adidas​ និង​ Puma បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជាត្រូវ​ធ្វើ​ជា​បន្ទាន់​នូវ​ វិសោធនកម្ម​ច្បាប់​ស្តី​សហជីព​ ដោយ​សារ​តែ​ការ​វិសោធនកម្ម​ដែល​បាន​ធ្វើ​នៅ​ដើម​ខែ​មករា​នេះ​ «មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​ការងារ​អន្តរជាតិ​ ហើយ​ខកខាន​មិន​បាន​លុប​ចោល​រនាំង​ជា​ច្រើន​សម្រាប់​ចុះ​បញ្ជី​ការ​សហជីព​ និង​បាន​រឹតត្បិត​លើ​លទ្ធភាព​របស់​សហជីព​ទាំង​អស់​ ដើម្បី​ធ្វើ​ជា​តំណាង​ពេញ​លេញ​របស់​សមាជិក»។

រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ «លុបចោល​ច្បាប់ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល»​ ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​នៃ​ការ​យាយី​ និង​ការ​គាប​សង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព ទម្លាក់​ចោល​ «បទឧក្រិដ្ឋ​ដែល​នៅ​មាន​ប្រឆាំង​មេដឹកនាំ​សហជីព»​ ហើយ​ត្រូវ​ «គោរព​និង​លើក​តម្កើង​តួនាទី​ដ៏​សំខាន់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល»។ ជាង​នេះ​ទៀត​ រដ្ឋាភិបាល​គួរតែ​គោរព​លទ្ធភាព​របស់​សហជីព​ទាំង​អស់​ដើម្បីធ្វើ​ជា​តំណាង​កម្មករ​របស់​ពួក​គេ​នៅ​មុខ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល។

លិខិត​របស់​ក្រុមតំណាង​ក្រុមហ៊ុន និង​អ្នក​បញ្ជាទិញ​បាន​ថ្លែង​ដោយ​សង្កត់​ធ្ងន់​ថា៖​ «យើង​មាន​ការ​បារម្ភ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​បាត់​ឋាន:​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា»។

លិខិត​ដដែល​បាន​លើក​ឡើង​អំពី​សហភាព​អឺរ៉ុប​ ដែល​បាន​កំពុង​ធ្វើ​ការ​ពិនិត្យ​សើរើ​ឡើងវិញ​ ចំពោះ​ឋាន:​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ ខណ:ដែល​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ជា​ច្រើន​នាក់​ក៏​បាន​ស្នើ​ច្បាប់​ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យ​ឡើងវិញ​នៃ​ប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ​ទូទៅ ឬ​ហៅ​ថា ​GSP សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ ថា​នឹង​ទុក​កម្ពុជា​ក្នុង​ប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ EBA ទៀត​ឬ​យ៉ាងណា នៅ​ថ្ងៃទី​១២​ ខែ​កុម្ភ:​ខាង​មុខ​ ក្រោយការ​វាយតម្លៃ​របស់ខ្លួន​លើ​ការ​ស្តារ​ឡើង​វិញ​នៃ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ដែល​បាន​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ក្រោយ​ការ​ រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

លិខិត​របស់​ក្រុមតំណាង​អ្នកបញ្ជា​ទិញបាន​បញ្ជាក់​ឲ្យដឹង​ទៀតថា​ ភាព​ដែល​ជឿជាក់​បាន​នៃ​វិស័យ​ផលិត​សម្លៀកបំពាក់ ស្បែក​ជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។

ពួកគេ​បាន​ថ្លែង​ក្នុង​លិខិត​ដដែល​ ដោយ​«ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជាបង្ហាញ​ជា​សាធារណ:​នូវ​ផែនទី​បង្ហាញផ្លូវ​ឲ្យ​មាន​យន្តការ​ត្រីភាគី​កម្រិត​ថ្នាក់​ជាតិ​រួម​មួយ​ ដែល​នឹង​កំណត់​ ហើយ​អនុវត្ត​ជំហាន​ដែល​ទាន់​ពេល​ ជាក់លាក់​ និង​មាំទាំ​ ដើម្បី​នាំ​យក​កម្ពុជា​ឲ្យ​មក​ត្រូវ​តាម​បន្ទាត់​នៃ​បទដ្ឋាន​អន្តរជាតិដូច​ដែល​បាន​លើក​ឡើង​ខាង​លើ»។

សហភាព​អឺរ៉ុប​បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ EBA ជា​បណ្ដោះ​អាសន្ន​ពី​កម្ពុជា ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ រួម​មាន​ការ​បង្ក្រាប​លើ​គណបក្ស​នយោបាយ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
​សហរដ្ឋ​អាមេរិក​ ​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ​ពាក់​ព័ន្ធនឹង​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។​ ​ការ​ព្រមាន​ដកពន្ធ​អនុ​គ្រោះ​របស់​សហភាព​អឺរ៉ុប​ ​ក៏​កំពុង​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ផលិត​ផល​មួយ​ចំនួន​ក៏​អាច​នឹង​ដក​ការ​អនុគ្រោះ​នេះ​ផង​ដែរ។

ក្រុម​មន្ត្រី​ផ្លូវការ​របស់​រដ្ឋាភិបាលកម្ពុជា ​បាន​បញ្ជាក់​ជា​រឿយៗ​ថា​ ការ​បញ្ចេញ​មតិ​ ឬ​ក៏​ការ​បង្ហាញ​ការ​បារម្ភ​ណា​មួយ​នោះ​នឹង​មិន​អាច​ដាក់​សម្ពាធ​លើ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ ដែល​នឹង​មិន​យក​អធិបតេយ្យភាព​ជាតិ​ ទៅ​ដោះដូរ​ដើម្បី​ជា​ថ្នូរ​បាន​ការ​គាំទ្រ​ណាមួយ​នោះ​ទេ៕

XS
SM
MD
LG