ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ថៃ​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី


រូបឯកសារ៖ ទិដ្ឋភាព​កំពង់ផែ​នៅ​ទន្លេ Chao Phraya ទីក្រុងបាងកក ប្រទេស​ថៃ​កាលពីថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ ទិដ្ឋភាព​កំពង់ផែ​នៅ​ទន្លេ Chao Phraya ទីក្រុងបាងកក ប្រទេស​ថៃ​កាលពីថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០២២។

ប្រទេស​ថៃ​កំពុង​លេច​ឡើង​ជា​បណ្ដាញ​ដោយ​ផ្ទាល់​ដ៏​ចម្បង​មួយ​របស់​រុស្ស៊ី​សម្រាប់​គ្រឿង​បន្លាស់​ម៉ាស៊ីន​និង​កុំព្យូទ័រ​ដែល​អាច​យក​ទៅ​ប្រើ​សម្រាប់​ផ្នែក​យោធា​បាន។ ក្រុមហ៊ុន​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ជួយ​រុស្ស៊ី​ឲ្យ​គេច​ពី​ការ​ត្រួតត្រា​របស់​បស្ចិម​ប្រទេស​លើ​ការ​នាំចេញ ដែល​ការ​ត្រួតត្រា​នោះ​មាន​បំណង​បង្អាក់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ចាប់តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២២ មក សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ៧ នៅ​ក្នុង​ប្រទេស​ថៃ​សម្រាប់​ការ​នាំចេញ «ទំនិញ​ដែល​មាន​អាទិភាព​ខ្ពស់» ទាំងនេះ​ទៅកាន់​ប្រទេស​រុស្ស៊ី ដែល​ការ​នាំចេញ​ចុងក្រោយ​គឺ​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន។

ទិន្នន័យ​ផ្នែក​ពាណិជ្ជកម្ម​ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំ​មុន​ដោយ​ក្រុមហ៊ុន S&P Global ដែល​ជា​ក្រុមហ៊ុន​វិភាគ​ហិរញ្ញវត្ថុ​និង​សេវាកម្ម​នៅ​ទីក្រុង New York ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​កើនឡើង​ខ្ពស់​នៃ​ការ​នាំចេញ​ទំនិញ​ទាំងនេះ​ពី​ប្រទេស​ថៃ​តាំងពី​ឆ្នាំ ២០២២ មក​ផងដែរ។

ប្រទេស​ថៃ​មិន​ត្រូវបាន​លើកឡើង​នោះទេ​នៅ​ពេល​ដែល​ក្រសួង​ហិរញ្ញវត្ថុ​និង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ព្រមាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៣ ថា​ប្រទេស​ទី​បី​ត្រូវបាន​ប្រើ​ដើម្បី​បញ្ជូន​ទំនិញ​អាទិភាព​ខ្ពស់​នានា​ទៅកាន់​ប្រទេស​រុស្ស៊ី​ដែល​ជា​វិធី​ដើម្បី​បញ្ចៀស​ការ​ត្រួតត្រា​លើ​ការ​នាំចេញ​របស់​ក្រុម​បស្ចិម​ប្រទេស។

លោក Byron McKinney អ្នក​ជំនាញ​ផ្នែក​ហានិភ័យ​ទណ្ឌកម្ម​និង​សង្វាក់​ផ្គត់ផ្គង់​នៅ​ក្រុមហ៊ុន S&P Global Market Intelligence បាន​ប្រាប់ VOA អំពី​ការ​ស្រាវជ្រាវ​របស់​ក្រុម​របស់​លោក​ថា៖ «ដូច្នេះ វា​គឺជា​ការ​ភ្ញាក់ផ្អើល​ដែល​ឃើញ​ប្រទេស​ថៃ...ជា​ប្រទេស​ឬ​ទីតាំង​ថ្មី​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ទូទាត់​ទំនិញ​ប្រភេទ​នេះ»។

លោក McKinney បាន​និយាយ​ថា សង្វាក់​ផ្គត់ផ្គង់​ដែល​ប៉ះពាល់​ដោយសារ​ទណ្ឌកម្ម​គឺ «ប្រៀប​ដូចជា​ទឹក​នៅ​ក្នុង​ស្ទឹង​ដូច្នេះ​ដែរ ដោយ​ប្រសិនបើ​អ្នក​ព្យាយាម​បង្អាក់​វា​នៅ​កន្លែង​មួយ វា​នឹង​ព្យាយាម​ហូរ​ទៅ​កន្លែង​ផ្សេង។ ដូច្នេះ​ប្រទេស​ថៃ​គឺ​លេចឡើង​ដូច្នេះ​ដែរ គឺ​ជា​ប្រទេស​ដែល​ពីដើម​មិន​នៅ​កន្លែង​ហ្នឹង​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ប្រទេស​ឬ​ក៏​ការ​ដឹក​ជញ្ជូន​ទំនិញ​ទាំងនេះ​នោះ​ទេ ប៉ុន្តែ​បាន​លេចឡើង​ក្លាយជា​ប្រទេស​ដូចនេះ​នៅ​ពេល​ក្រោយ​មក»។

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ឆ្នាំ ២០២២ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ត្រួតត្រា​លើ​ការ​នាំចេញ​លើ​ទំនិញ​អាទិភាព​ខ្ពស់​រាប់​សិប​មុខ​ដូចជា​

បាដាង​គ្រាប់​មូល​និង​បន្ទះ​ឈីប​តូច​ជាដើម​ដែល​ខ្លួន​ថា​រុស្ស៊ី​ត្រូវការ​ខ្លាំង​បំផុត «ដើម្បី​បន្ត​ទៅមុខ​នូវ​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​របស់​ខ្លួន​លើ​អ៊ុយក្រែន»។ ទំនិញ​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ទំនិញ​ដែល​អាច​ប្រើ​បាន​ពីរ​មុខ​ដោយសារតែ​វា​អាច​ប្រើ​សម្រាប់​ផ្នែក​ស៊ីវិល​ផង​និង​យោធា​ផង។

របាយការណ៍​ឆ្នាំ ២០២៤ របស់​លោក McKinney និង​ក្រុម​របស់​លោក​បាន​បង្ហាញ​ថា​ប្រទេស​ចិន​នាំចេញ​ឬ​ក៏​នាំចេញ​ឡើងវិញ​នូវ​ទំនិញ​ទាំងនេះ​ភាគច្រើន​ទៅកាន់​ប្រទេស​រុស្ស៊ី​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក ដោយ​ក្នុង​ឆ្នាំ ២០២៣ គឺ​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង ៦ ពាន់​លាន​ដុល្លារ។ របាយការណ៍​នេះ​ក៏​បង្ហាញ​ផងដែរ​អំពី​ប្រទេស​ផ្សេង​ទៀត​ក្រៅ​ពី​ប្រទេស​ថៃ​ដែល​ដឹក​ជញ្ជូន​ទំនិញ​ដូចនេះ​ជាច្រើន​ទៀត​ទៅ​រុស្ស៊ី។

ប៉ុន្តែ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤ ដែល​ការ​នាំចេញ​និង​ការ​នាំចេញ​ឡើងវិញ​របស់​ប្រទេស​ទាំងនេះ​ទៅកាន់​ប្រទេស​រុស្ស៊ី​ដែល​របាយការណ៍​នេះ​បាន​កត់ត្រា ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ដែល​មាន​ការ​កើនឡើង​ខ្លាំង​បំផុត​ជាង​ប្រទេស​ណាៗ​ទាំងអស់​ដោយ​កើន​ពី ៨,៣ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២២ ទៅ​ដល់ ៩៨,៧ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​ជា​ការ​កើនឡើង​លើស ១.០០០%។

ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ថៃ​នៅ​ក្នុង​ឆ្នាំ ២០២៣ ក៏​រួម​មាន​ផងដែរ​នូវ​ទំនិញ​អាទិភាព​ខ្ពស់​ដ៏​រសើប​បំផុត​មួយ​ផ្នែក​ធំ​ផងដែរ​ដូចជា​បន្ទះ​ឈីប​តូច​ដែល​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​អាមេរិក​ចាត់ទុក​ថា​ជា​ទំនិញ​អាទិភាព​ទីមួយ។

ទិន្នន័យ​នាពេល​ថ្មីៗ​នេះ​បន្ថែម​ទៀត​ដែល​ក្រុមហ៊ុន S&P Global បាន​ចែកចាយ​ជាមួយ​នឹង VOA បាន​បង្ហាញ​ថា ការ​នាំចេញ​និង​ការ​ការ​នាំចេញ​ឡើងវិញ​របស់​ថៃ​នូវ​ទំនិញ​អាទិភាព​ខ្ពស់​ទៅកាន់​ប្រទេស​រុស្ស៊ី​ជាថ្មី​ម្ដង​ទៀត​បាន​កើន​លើស ៩០ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២៤។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​នៅក្នុង​ប្រទេស​ថៃ​ចំនួន ៧ នៅ​ក្នុង​រយៈពេល ១៣ ខែ​ចុងក្រោយ​នេះ។

ក្រុមហ៊ុន​ដំបូង​គេ​គឺ​ក្រុមហ៊ុន NAL Solutions ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​នៅ​ខែ​មករា ឆ្នាំ ២០២៤។ នៅ​ក្នុង​ការ​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​នេះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​លោក Nikolai Aleksandrovich Levin ដែល​ជា​ជនជាតិ​រុស្ស៊ី ដែល​បញ្ជូន​គ្រឿង​អេឡិចត្រូនិក​និង​ទំនិញ​ផ្សេង​ទៀត​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ទៅកាន់​ប្រទេស​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ៥ ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ខែ​តុលា​ឆ្នាំ​មុន។ ក្នុង​ចំណោម​នោះ​មាន​ក្រុមហ៊ុន Intracorp ផងដែរ ដែល​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ចោទ​ថា​បាន​បង្កើត​ក្រុមហ៊ុន​ផ្សេងៗ​ដែល​បញ្ជូន​ទំនិញ​អាទិភាព​ខ្ពស់​ទៅកាន់​ប្រទេស​រុស្ស៊ី។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ក៏​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Siam Expert Trading របស់​ថៃ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ផងដែរ និង​បាន​ភ្ជាប់​ក្រុមហ៊ុន​នេះ​ជាមួយ​នឹង​ក្រុមហ៊ុន TGR Group ដែល​ខ្លួន​ហៅ​ថា​ជា «បណ្ដាញ​អន្តរជាតិ​រីក​ឡើង​នៃ​អាជីវកម្ម​និង​បុគ្គលិក​ដែល​បាន​សម្របសម្រួល​ការ​បញ្ចៀស​ទណ្ឌកម្ម​ដ៏​សំខាន់​តាងនាម​ឲ្យ​ក្រុម​ឥស្សរជន​រុស្ស៊ី»។

ក្រុមហ៊ុន ៥ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៧ មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​ម្ដងហើយ​ម្ដងទៀត​របស់ VOA ដែល​សុំ​មតិ​យោបល់​លើ​រឿង​ទណ្ឌកម្ម​នេះ​ទេ ហើយ VOA ក៏​ទាក់ទង​មិន​បាន​ចំពោះ​ក្រុមហ៊ុន​ពីរ​ទៀត​ផងដែរ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​និង​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ដែល​មើល​ការ​ខុសត្រូវ​លើ​ការ​នាំចេញ​របស់​ប្រទេស​ថៃ​និង​ការ​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​ក៏​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​បញ្ចេញ​មតិ​របស់ VOA នោះ​ដែរ។

តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​មក ថៃ​មាន​ចំណាប់​អារម្មណ៍​រក្សា​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​កក់ក្ដៅ​ជាមួយ​នឹង​រុស្ស៊ី។

នៅ​ឯ​កិច្ច​ប្រជុំ​អន្តរជាតិ​អំពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ពីរ​ឆ្នាំ​មុន លោក Srettha Thavisin ដែល​ជា​នាយករដ្ឋមន្ត្រី​ថៃ​នៅ​ពេល​នោះ បាន​សរសើរ «ទំនាក់ទំនង​ជិតស្និទ្ធ» របស់​ប្រទេស​ថៃ​ជាមួយ​នឹង​រុស្ស៊ី បាន​ចាប់ដៃ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​បាន​អញ្ជើញ​លោក Putin ឲ្យ​ទៅ​ប្រទេស​ថៃ។

កាលពី​ខែ​មករា ក្រោម​ការ​អញ្ជើញ​របស់​លោក Putin ប្រទេស​ថៃ​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ប្រទេស BRICS ដែល​មាន​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​ជា​សមាជិក ដោយ​ផ្ដោត​លើ​ការ​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាងមុន។

ទោះបីជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​និង​ថៃ​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ ក៏​លោក Ian Storey អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន ISEAS-Yusof Ishak នៃ​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា​រុស្ស៊ី​បាន​ក្លាយជា​អ្នក​ដើរតួ​ដ៏​ចម្បង​ក្នុង​ទីផ្សារ​អចលទ្រព្យ​របស់​ថៃ។ រុស្ស៊ី​ក៏​បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ថៃ​ដែល​ជា​សសរ​ស្ដម្ភ​មួយ​នៃ​សេដ្ឋកិច្ច​របស់​ថៃ​ផងដែរ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន TASS របស់​រុស្ស៊ី​កាលពី​ឆ្នាំ ២០២៣ លោក Vitaly Kiselev ប្រធាន​សភា​ពាណិជ្ជកម្ម​ថៃ-រុស្ស៊ី បាន​និយាយ​ថា ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​លើ​រុស្ស៊ី​ក៏​បាន​បើក​ឱកាស​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ផងដែរ​រវាង​រុស្ស៊ី​និង​ថៃ។

ដោយសារតែ​អាទិភាព​របស់​ថៃ​និង​វិធីសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្នុង​ការ​ចរចា​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន លោក Storey មាន​ចម្ងល់​ថាតើ​អាជ្ញាធរ​ថៃ​នឹង​ចូល​ប្រឡូក​ដើម្បី​បញ្ឈប់​ពាណិជ្ជកម្ម​របស់​ថៃ​លើ​ទំនិញ​ដែល​ប្រើ​បាន​ពីរ​មុខ​នេះ​ដែរ​ឬក៏​អត់។
លោក​បាន​និយាយ​ថា៖ «ប្រសិនបើ​ថៃ​មិន​បាន​ចាត់​វិធានការ​ដើម្បី​បង្ក្រាប​លើ​ពាណិជ្ជកម្ម​នេះ​អស់​ពេល ៣ ឆ្នាំ​មក​ហើយ​បន្ទាប់ពី​សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម នោះ​មាន​ឱកាស​តិចតួច​ប៉ុណ្ណោះ​ដែល​ថៃ​នឹង​ធ្វើ​ដូច្នេះ​នៅ​ពេល​ឥឡូវ​នេះ ជាពិសេស​នៅ​ពេល​ដែល​រដ្ឋបាល​របស់​លោក Trump កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​រុស្ស៊ី»។

នៅ​ទូទាំង​ទ្វីប​អាស៊ី មានតែ​ប្រទេស​ជប៉ុន សិង្ហបុរី កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់​ប៉ុណ្ណោះ​ដែល​បាន​ដាក់​កំហិត​ពាណិជ្ជកម្ម​ឬ​ក៏​ទណ្ឌកម្ម​ផ្សេង​ទៀត​លើ​រុស្ស៊ី​តាំងពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ឆ្នាំ ​២០២២ ​មក៕


ប្រែសម្រួល​ដោយ​ លោក ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG