សេចក្ដីរាយការណ៍ពីប្រទេសស៊ូដង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ធ្វើបាតុកម្មទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដែលទាមទារឲ្យមានការកែប្រែច្បាប់ស៊ីវិលនៅក្នុងប្រទេសនេះ។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលបាតុកររាប់ម៉ឺននាក់បាននាំគ្នាទៅធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋធានី Khartoum និងតំបន់ដទៃទៀត ចាប់តាំងពីមានការបង្ក្រាបទៅលើបាតុករដែលបានបង្កឲ្យមានមនុស្សស្លាប់កាលពីខែមិថុនាមក។ កាលពីថ្ងៃចន្ទ មានការរាយការណ៍ថា មានការតវ៉ាបន្ថែមទៀត។
នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះអំពើហិង្សាដែលបានប្រើប្រាស់ទៅលើជនស៊ីវិល។
មន្ត្រីម្នាក់នៃក្រសួងការបរទេសអាមេរិកបានថ្លែងប្រាប់ VOA កាលពីថ្ងៃចន្ទថា «ការបាញ់គ្រាប់ពិតពីសំណាក់កងកម្លាំងសន្ដិសុខស៊ូដង់ទៅលើអ្នកតវ៉ាដែលធ្វើបាតុកម្មដោយសន្ដិវិធីគឺជារឿងដែលមិនអាចទទួលយកបាននោះទេ ហើយយោធាគួរតែទទួលខុសត្រូវចំពោះការស្លាប់នេះ»។
មន្ត្រីរូបនោះបានបន្ថែមទៀតថា«ការធ្វើបាតុកម្មដោយសន្ដិវិធីនៅក្នុងរដ្ឋធានី Khartoum និងនៅក្នុងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេស ស៊ូដង់ កាលពីថ្ងៃទី៣០ ខែមិថុនា បានសង្កត់ធ្ងន់ទៅលើការទាមទាររបស់ប្រជាជនស៊ូដង់ចង់បានរដ្ឋាភិបាលមួយដែលដឹកនាំដោយជនស៊ីវិល»។
អ្នករៀបចំការតវ៉ានោះបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបកអាក្រាតពីសកម្មភាពរបស់យោធាកាលពីថ្ងៃអាទិត្យ៕